backup og meta

អូនៗតូច​សោះ​ស្រាប់​តែ​ជ្រុះ​សក់ កុំ​អែអង់ត្រូវរក​វិធី​ដោះ​ស្រាយភ្លាម

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 22, 2021

    អូនៗតូច​សោះ​ស្រាប់​តែ​ជ្រុះ​សក់ កុំ​អែអង់ត្រូវរក​វិធី​ដោះ​ស្រាយភ្លាម

    ធ្លាប់​តែ​ឮ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​មាន​ដឹង​ថា មិន​មែន​តែ​មនុស្ស​ចាស់​ទេ ក្មេងៗ​ក៏​មាន​បញ្ហា​ជ្រុះ​សក់​ដែរ​។ ចុះ​បើ​អូនៗ មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង ស្រាប់​តែ​ជ្រុះ​សក់ ដឹង​ថា​មកមូល​ហេតុ​អី​អត់? រួច​​ត្រូវ​ដោះ​ស្រាយ​ម៉េច​វិញ? “Hello គ្រូពេទ្យ’ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង។

    ករណី​អូនៗ​តូចៗ ជ្រុះ​សក់​រៀង​រាល់​ថ្ងៃ គឺ​អាច​បណ្តាល​មក​ពី​ស្ថាន​ភាព​សុខ​ភាព​ណា​មួយ។ ការ​ប៉ាន់​ស្មាន យ៉ាង​តិច ៣ ភាគ​រយ​ក្នុង​ចំណោម​ក្មេងៗ​មាន​បញ្ហា​សក់​ជ្រុះ បាន​ទៅ​ធ្វើ​ការ​ព្យា​បាល​នៅ​ផ្នែក​ជំងឺ​កុមារ។

    មាន​ហេតុ​ផល​ជា​ច្រើន ​អាច​នាំ​ឲ្យ​សក់​ក្មេង​ជ្រុះ​ខ្លាំង ហើយ​យើង​អាច​កត់​សម្គាល់​ឃើញ​ថាការ​ជ្រុះ​សក់​របស់​អូន​ៗ គឺ​មិន​ប្រក្រតី ខណៈម៉ូល​ហេតុ​អាច​បណ្តាល​អូនៗ​ជ្រុះ​សក់​មាន​ដូច​ជា៖

    ១- ជំងឺ​ស្រែង​ស្បែក​ក្បាល

    ជំងឺស្រែង​ស្បែក​ក្បាក (Tinea Capitis) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ​ជំងឺ​ស្បែក Ringworm កើត​នៅ​ស្បែក​ក្បាល ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត ភាគ​ច្រើន​ប្រទះ​ឃើញ​កើតលើ​ក្មេងៗ។ Tinea capitis អាច​មាន​ច្រើន​ទម្រង់ ប៉ុន្តែ​ជា​ធម្មតា វា​ជា​បន្ទះ​មាន​សភាព​ក្រើមៗ នៅ​កន្លែង​មាន​ជ្រុះ​សក់ អាច​មាន​រាង​មូល ឬ​រាង​ពង​ក្រពើ​នៅ​លើ​ក្បាល។ ជំងឺ​ប្រភេទ​នេះ អាច​មាន​លើ​ស្បែក​ក្បាល រោម​ភ្នែក និង​ចិញ្ចើម ហើយ​ករណី​ភាគ​ច្រើន​ត្រូវ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ ដោយ​ផ្អែក​ការ​មើល​ឃើញ​ផ្ទាល់​លើ​ស្បែក​ក្បាល។ គ្រូ​ពេទ្យ នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ផ្សិត ដូច​ជា ថ្នាំ Griseofulvin និង​សាប៊ូ​កក់​សក់​សម្រាប់​ព្យា​បាល​ជំងឺ​ស្រែង Tinea Capitis តែ​ម្តង។

    អូនៗតូច​សោះ​ស្រាប់​តែ​ជ្រុះ​សក់

    ២- ជំងឺ​ជ្រុះ​សក់ Alopecia areata

    Alopecia areata ជា​ជំងឺ​ជ្រុះ​សក់ ដែល​មិន​បង្ក​ដោយ​ការ​ឆ្លង​រោគ​នោះ​ទេ។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បង្ក​ឡើង​ដោយ​សារ​ផល​វិបាក​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ បាន​ទៅ​បំផ្លាញ​ឫស​សក់។ ជំងឺ​នេះ ត្រូវ​គេ​សម្គាល់តាម​រយៈ​បំណែក​រាង​មូល ឬ​ពង​ក្រពើ​នៅ​កន្លែង​សក់​​ជ្រុះ​ភ្លាមៗ​នៅ​លើ​ក្បាល ដោយ​មាន​សភាព​រលោង មិន​មែនលេច​ចេញ​​បន្ទាប់​របក​ស្បែក​ក្បាល ឬ​មាន​ការ​ខូច​ខាត​សក់​នោះ​ទេ។ ជំងឺ Alopecia Areata មិន​អាច​ព្យាបាល​ក៏​ពិត​មែន ប៉ុន្តែ​អាច​គ្រប់​គ្រង​បាន។ ករណី​ជា​ច្រើន សក់​អាច​ដុះ​មក​វិញ​នៅ​រយៈពេល​មួយ​ឆ្នាំ​ក្រោយ តែ​អូនៗ​មួយ​ចំនួន នៅ​តែ​អាច​ជ្រុះ​សក់​វិញ​ម្តង​ទៀត។ ៥% ក្នុង​ចំណោម​ក្មេងៗ​មាន​ជំងឺ​នេះ អាច​វិវត្ត​ទៅ​ជា​ជំងឺ Alopecia Totalis បណ្តាល​ឲ្យ​ជ្រុះ​សក់​អស់​ពី​ក្បាល​តែ​ម្តង។  ករណី​មួយ​ចំនួន​ទៀត អាច​វិវត្ត​ទៅ​ជា​ជំងឺ​ជ្រុះ​សក់ Alopecia Universalis បណ្តាល​មាន​ការ​ជ្រុះ​រោម​ទាំង​អស់​លើ​រាង​កាយ​តែ​ម្តង។

    សម្រាប់​ការ​ព្យា​បាល​ចំពោះ​អូនៗ​តូចៗ​មាន​ជំងឺ​នេះ អាច​ប្រើ​​ក្រែម​លាប​លើ​ផ្ទៃ​ដែល​គ្មាន​សក់ និង​ប្រេង Corticosteroid ដែល​មាន​សារធាតុ​ប្រឆាំង​ខ្លាំង។ ចំពោះ​ក្មេង​ជំទង់ អាច​ចាក់​ថ្នាំស្តេរ៉ូអ៊ីត ចូល​ទៅ​ក្នុង​ស្បែក​ក្បាល។ យើងក៏​អាច​ប្រើ​ថ្នាំ​ដោយ​ផ្សំ​មាន​ថ្នាំ Minoxidil ជា​មួយ​នឹង​ថ្នាំ​ស្តេរ៉ូអ៊ីត​ផង​ដែរ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- ខូត​ខាត​នៅ​តួ​សក់ 

    ករណី​ជ្រុះ​សក់​លើ​ក្មេងៗ ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ប៉ះ​ទង្គិច​លើ​តួ​សក់​ដូចគ្នា ពេល​ខ្លះ​ដោយ​សារ​មាន​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ខ្លាំង។ បញ្ហា​ខូច​ខាត​តួ​សក់ អាច​កើត​មាន​នៅ​ពេល​ដែល​សក់​ត្រូវ​បាន​ទាញ​ឥត​ឈប់​ឈរ (ប្រើ​កន្សែង​ពោះ​គោ​ជូត​ខ្លាំងៗ) កកិត​ខ្លាំង (ត្រដុស​នឹង​ខ្នើយ) ឬ​ដោយ​សារ​ការ​ប្រើ​សារ​ធាតុ​គីមី​នៅ​លើ​សក់។

    បញ្ហា​នេះ ក៏​អាច​កើត​លើ​ក្មេងៗ​មាន​ជំងឺ Trichotillomania ដែល​ជា​ជំងឺផ្លូវ​ចិត្ត​បណ្តាល​ឲ្យ​ក្មេង​តែង​តែ​ដក​សក់​ខ្លួន​ឯង។ បើ​គ្រូពេទ្យ​សង្ស័យ​មាន​ការ​ប៉ះ​ទង្គិច​លើ​តួ​សក់​នោះ ពេទ្យ​នឹង​រក​ពី​មូល​ហេតុ​នៃ​ការ​ខូត​ខាត​នេះ នៅ​ពេល​ដឹង​ពី​មូល​ហេតុ​ច្បាស់ ពេទ្យ​នឹង​ណែនាំ​ឲ្យ​អូនៗ​ឈប់​ធ្វើ​ទង្វើ​បែប​នេះ ដើម្បី​ឲ្យ​សក់​អាច​ដុះ​ឡើង​វិញ​ដូច​ធម្មតា។ ប៉ុន្តែ​បើ​បញ្ហា​ខូត​ខាត​តួ​សក់​មាន​រយៈពេល​យូរ នឹកបណ្តាល​ឲ្យ​មាន​ស្លាក​ស្នាម​លើ​ក្បាល សក់​ក៏​មិន​អាច​លូត​លាស់​ឡើង​វិញ​បាន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jan 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម