ករណីអូនៗតូចៗ ជ្រុះសក់រៀងរាល់ថ្ងៃ គឺអាចបណ្តាលមកពីស្ថានភាពសុខភាពណាមួយ។ ការប៉ាន់ស្មាន យ៉ាងតិច ៣ ភាគរយក្នុងចំណោមក្មេងៗមានបញ្ហាសក់ជ្រុះ បានទៅធ្វើការព្យាបាលនៅផ្នែកជំងឺកុមារ។
មានហេតុផលជាច្រើន អាចនាំឲ្យសក់ក្មេងជ្រុះខ្លាំង ហើយយើងអាចកត់សម្គាល់ឃើញថាការជ្រុះសក់របស់អូនៗ គឺមិនប្រក្រតី ខណៈម៉ូលហេតុអាចបណ្តាលអូនៗជ្រុះសក់មានដូចជា៖
១- ជំងឺស្រែងស្បែកក្បាល
ជំងឺស្រែងស្បែកក្បាក (Tinea Capitis) ត្រូវបានគេស្គាល់ថាជាប្រភេទជំងឺស្បែក Ringworm កើតនៅស្បែកក្បាល ដោយការឆ្លងមេរោគផ្សិត ភាគច្រើនប្រទះឃើញកើតលើក្មេងៗ។ Tinea capitis អាចមានច្រើនទម្រង់ ប៉ុន្តែជាធម្មតា វាជាបន្ទះមានសភាពក្រើមៗ នៅកន្លែងមានជ្រុះសក់ អាចមានរាងមូល ឬរាងពងក្រពើនៅលើក្បាល។ ជំងឺប្រភេទនេះ អាចមានលើស្បែកក្បាល រោមភ្នែក និងចិញ្ចើម ហើយករណីភាគច្រើនត្រូវគេធ្វើរោគវិនិច្ឆ័យ ដោយផ្អែកការមើលឃើញផ្ទាល់លើស្បែកក្បាល។ គ្រូពេទ្យ នឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំប្រឆាំងមេរោគផ្សិត ដូចជា ថ្នាំ Griseofulvin និងសាប៊ូកក់សក់សម្រាប់ព្យាបាលជំងឺស្រែង Tinea Capitis តែម្តង។