backup og meta

ការញ៉ាំតាមអារម្មណ៍ជាអ្វី? ល្អ ឬមិនល្អចំពោះក្មេងៗ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 18, 2020

    ការញ៉ាំតាមអារម្មណ៍ជាអ្វី? ល្អ ឬមិនល្អចំពោះក្មេងៗ?

    ជឿថា គ្នា​យើង​មួយ​ចំនួន​ធ្លាប់​ឆ្លង​កាត់​ការ​ញ៉ាំ​តាម​អារម្មណ៍ ពោល​គឺ​យក​ចំណី​ចំណុក​មក​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ ឬ​ធូរស្រាល​វិញ។ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​វ័យ​ជំទង់​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន ហើយ​ក៏​និយម​យក​អាហារ​មក​ជួយ​បន្ធូរ​អារម្មណ៍​ដែរ។ ចុះ​ការ​ញ៉ាំ​តាម​អារម្មណ៍​នេះ​ផ្ដល់​ផល​ល្អ ឬ​អាក្រក់​ដល់​ក្មេងៗ​វ័យ​ជំទង់?

    តើ​អ្វី​ទៅ​ជា​ការ​ញ៉ាំ​តាម​អារម្មណ៍?

    ការ​ញ៉ាំ​តាម​អារម្មណ៍ ឬ emotional eating កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ដូច​ជា ពិបាក​ចិត្ត ស្ត្រេស ថប់​បារម្ភ ធុញ​ទ្រាន់ អផ្សុក ឬ​ជួន​កាល សប្បាយ​ចិត្ត​ដោយ​ការ​ញ៉ាំ​អាហារ តែ​វា​មិន​មែន​ដោយសារ​តែ​យើង​ឃ្លាន​នោះ​ទេ។ ហើយ ​៧៥%​ នៃ​ការ​ញ៉ាំ​លើស​កម្រិត​កើត​ឡើង​ដោយ​សារ​ Emotional eating នេះ​ឯង។  ដោយសារ​តែ​ក្មេងៗ​វ័យ​ជំទង់ ជា​វ័យ​មួយ​ដែល​ងាយ​ទទួល​សម្ពាធ​ផ្លូវ​អារម្មណ៍ ការ​ញ៉ាំ​តាម​អារម្មណ៍​នេះ​អាច​ជា​វិធី​មួយ​ដែល​ក្មេងៗ​យក​មក​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍។

    Emotional Eating ល្អ ឬ​អត់​ដល់​សុខភាព​ក្មេងៗ​វ័យ​ជំទង់?

    ដ្បិត​តែ ការ​ញ៉ាំ​តាម​អារម្មណ៍​ជួយ​បន្ធូរ​ភាព​តាន​តឹង​បាន ប៉ុន្តែ វា​អាច​ជា​បញ្ហា​មួយ​បំផ្លាញ​សុខភាព​របស់​ខ្លួន​ទៅ​វិញ។ តាម​ពិត​ទៅ Emotion Eating មិន​ល្អ​ចំពោះ​សុខភាព​​ទេ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន​ហួស​កម្រិត។ នៅ​ពេល​ដែល​យើង​ញ៉ាំ​យូរៗ​ទៅ អាហារ​ទាំង​នោះ​នឹង​បន្ថែម​កាឡូរី​ធ្វើ​ឲ្យ​យើង​ងាយ​ឡើង​ទម្ងន់ ឬ​លើស​ទម្ងន់ កាន់​តែ​យ៉ាប់​ទៀត​នោះ គឺ​កើត​ជំងឺ​ធាត់ ។ យើង​ដឹង​ហើយ​ថា ជំងឺ​ធាត់​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង​ច្រើន​ដូច​ជា ទឹក​នោម​ផ្អែម​ប្រភេទ​២​ជាដើម។ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ។

    អាហារ​ដែល​ក្មេងៗ​វ័យ​ជំទង់ យក​មក​ជួយ​រង្គប់​អារម្មណ៍​មិន​មែន​ជា​ប្រភេទ​អាហារ​ល្អ សម្បូរ​វីតាមីន ឬ​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ទេ តែ​ភាគ​ច្រើន​វា​ជា​ការ៉េម ពពួក​នំ​កញ្ចប់ ឬ​ជា​ប្រភេទ​ fast food មាន​ជាតិ​ខ្លាញ់​ច្រើន​នោះ។​

    ចុះ​មាន​វិធី​អ្វី​អាច​ជួយ​ដោះ​ស្រាយ​ការ​ញ៉ាំ​តាម​អារម្មណ៍​បាន​ទេ?

    ដោយ​សារ​តែ​ Emotional eating មិន​សូវ​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខភាព យើង​គួរ​តែ​ព្យាយាម​គ្រប់​គ្រង​ការ​ញ៉ាំ​តាម​អារម្មណ៍​ឲ្យ​មាន​កម្រិត​ត្រឹម​ត្រូវ ឬ​អាច​ដោះ​ស្រាយ​ដោយ៖

    ១. ខល លេង​អ៊ីនធើណេត ជាមួយ​មិត្តភ័ក្ដិ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ធុញ ឬ​មួយ​ក៏​ហាត់​ប្រាណ​យក​រាង​ស្អា​ក៏​បាន

    ២. ដើរ​លេង ឬ​បង្កើត​ទម្លាប់​ថ្មី បើ​ស្ត្រេស

    ៣. ប្ដូរ​ទម្លាប់​ចេញ បើ​មាន​ទម្លាប់​ញ៉ាំ​កំដរ​មាត់ ព្រោះ​វា​កំដរ​បាន​ត្រឹម​មាត់ តែ​រាង​កាយ និង​សុខភាព​មិន​នៅ​កំដរ​ជាមួយ​ទេ

    និយាយ​រួម យើង​គួរ​ព្យាយាម​ធ្វើ​អ្វី​ប្លែកៗ ឬ​ខំ​បញ្ចេញ​ញើស​ជំនួស​ឲ្យ​ការ​ញ៉ាំ​តាម​អារម្មណ៍​វិញ បើ​មិន​ឃ្លាន​មែន​ទែន​ទេ​នោះ។ មួយ​វិញ​ទៀត បើ​យើង​អាច​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​អាហារូបត្ថម្ភ និង​ផ្នែក​កាយ​សម្បទា ដើម្បី​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​ Emotional eating និង​ហាត់​ប្រាណ ដើម្បី​រក្សា​សុខភាព និង​រាង​កាយ​លូតលាស់​បាន​ល្អ។

    ធាត់លើសទម្ងន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម