អាងតែជាប្រភេទថ្នាំដែលយើងអាចរកទិញបានដោយគ្មានវេជ្ជបញ្ជា ម៉ាក់ប៉ាមួយចំនួនបានឲ្យកូនតូចញ៉ាំថ្នាំបញ្ចុះកម្តៅលើសកំណត់។ ការធ្វើបែបនេះប៉ះពាល់ដល់សុខភាពក្មេងខ្លាំង ដែលយូរៗទៅអាចប្រឈមនឹងការខូចថ្លើម។
នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ពន្យល់ថា ប្រភេទថ្នាំបញ្ចុះកម្តៅក្មេងៗបើយើងប្រើបានត្រឹមត្រូវតាមការកំណត់ឲ្យប្រើដែលមានលើប្រអប់ថ្នាំ ឬកំណត់សម្គាល់ និងកាលបរិច្ឆេទ ដែលភ្ជាប់ក្នុងប្រអប់ថ្នាំ ទៅតាមអាយុ និងគីឡូ នោះមិនប៉ះពាល់សុខភាពក្មេងទេ តែភាគច្រើនប្រើខុស។
លោកបន្ត “ជាធម្មតាពពួកថ្នាំប៉ារ៉ាសេតាមុលអីហ្នឹងពេញនិយមណាស់ ទិញទុកសឹងតែគ្រប់ផ្ទះ ហើយឲ្យកូនក្តៅខ្លួនឪពុកម្តាយដឹងតែឲ្យកូនញ៉ាំ តែពួកគាត់អត់ដឹងពីផលប៉ះពាល់ ឬអត់ដឹងពីកម្រិតគេប្រើ ជួនកាលកូនតូចគេតម្រូវឲ្យញ៉ាំតែពាក់កណ្តាលគ្រាប់ គាត់ឲ្យញ៉ាំ១គ្រាប់ ឯពេលខ្លះគេកំណត់ឲ្យញ៉ាំ ៤-៦ ម៉ោង/ម្តង គាត់ដាក់ ២ម៉ោង/ម្តង អ៊ីចឹងទៅជាខូចថ្លើម’។
អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
ហេតុអីញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតធ្វើឲ្យខូចថ្លើម?
ថ្លើមជាសរីរាង្គធ្វើមេតាបូលីស នៅពេលយើងលេបថ្នាំចូលទៅ ថ្លើមនឹងព្យាយាមបំបែក ដែលធ្វើឲ្យកោសិកាថ្លើមរងការខូចខាត ប៉ុន្តែរាងកាយយើងអាចជួសជុលការខូចខាតនេះបាន ប្រសិនបើកម្រិតដែលចូលមកក្នុងបរិមាណត្រឹមត្រូវ។ ក្នុងករណីបរិមាណដែលយើងញ៉ាំចូលមកក្នុងច្រើនហួសហេតុ សរីរាង្គថ្លើមនឹងព្យាយាមធ្វើមេតាបូលីសបំបែកទ្វេដង ជាហេតុនាំឲ្យរាងកាយមិនអាចជួសជុលឲ្យមកសភាពធម្មតាវិញបានទេ ដូច្នេះកោសិកាថ្លើមក្រិនឈានទៅខូចថ្លើម។
ទោះជាថ្នាំបញ្ចុះកម្តៅអាចប្រើបានដោយគ្មានវេជ្ជបញ្ជាក្តី លោកនាយកមន្ទីរពេទ្យកុមារជាតិ សំណូមពរឲ្យម្តាយឪពុកត្រូវដឹង ឬសាកសួរគ្រូពេទ្យពីកម្រិតថ្នាំដែលត្រូវប្រើ និងចន្លោះពេលប្រើ មុនឲ្យកូនញ៉ាំ នោះទើបមិនមានបញ្ហាសុខភាពទៅថ្ងៃមុខ។
[embed-health-tool-vaccination-tool]