ករណីផ្ទុះព័ត៌មានមានអ្នកផ្ទុកវីរុសកូរ៉ូណប្រភេទថ្មីនៅកម្ពុជារួចមក យើងគ្រប់គ្នាពិតជាភ័យខ្លាច ជាពិសេសអ្នកមានកូនតូច គឺបារម្ភជាងខ្លួនឯងទៅទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានណែនាំឲ្យម៉ាក់ប៉ាអនុវត្ត ៥ ចំណុចនេះ ដើម្បីការពារកូនពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី និងជំងឺផ្លូវដង្ហើមដទៃទៀត៖
ចំពោះកូនធំបន្តិច យើងអាចឲ្យពាក់ម៉ាស់ការពារ ជាពិសេសនៅពេលចេញទៅក្រៅ ទៅកន្លែងដែលមានមនុស្សច្រើន ហើយចំពោះកូនដែលមានជំងឺវិញ ក៏ត្រូវឲ្យពាក់ម៉ាស់ដែរ ដើម្បីបង្ការឆ្លងមេរោគទៅមនុស្សជុំវិញខ្លួន តាមរយៈតំណក់ទឹកមាត់តូចៗ នៅពេលក្អក ឬកណ្តាស់។
ត្រូវមានទឹកលាងដៃនៅជាប់ខ្លួនកូនជាប្រចាំ វិធីបែបនេះគឺងាយស្រួលមែនទែន ហើយអាចសម្លាប់មេរោគបានភ្លាមៗ ក្រោយចាប់កាន់របស់នៅតាមទីសាធារណៈ។ តែបើមិនបានទិញទឹកលាងដៃ អាចឲ្យកូនលាងដៃជាមួយទឹកស្អាត និងសាប៊ូ ហើយជូតសម្អាតដៃឲ្យបានស្ងួតល្អ។ ការលាងសម្អាតដៃ អាចកម្ចាត់មេរោគបាន នៅរាល់ពេលយើងប៉ះពាល់អ្នកជំងឺ ឬប៉ះពាល់ជាមួយសារធាតុរាវអ្វីមួយ។ ដៃយើងងាយចម្លងភាពកខ្វក់មកតាមជាមួយ ហើយទម្លាប់របស់យើងទៀតសោត គឺតែងយកដៃទៅប៉ះជាមួយផ្នែកផ្សេងៗទៀតនៃរាងកាយ មាន ច្រមុះ មាត់ ដែលជាកន្លែងងាយឆ្លងជំងឺផ្លូវដង្ហើម។

៣- កុំឲ្យកូនទៅកន្លែងទីប្រជុំជន
កន្លែងពោរពេញមនុស្សច្រើនប្រមូលផ្ដុំ ក៏កន្លែងសម្បូរមេរោគច្រើនប្រភេទដែរ ព្រោះមនុស្សយើងមិនស្គាល់ប្រវត្តិ មិនដឹងថាមានជំងឺអ្វីខ្លះក្នុងខ្លួន។ ដូចនេះបើមនុស្សជំងឺដែលឆ្លងតាមផ្លូវដង្ហើម វាមានគ្រោះថ្នាក់សម្រាប់កូនយើង។ តែបើយើងមានការចាំបាច់ត្រូវទៅកន្លែងមានមនុស្សអ៊ូអរ គួរតែពាក់ម៉ាស់ឲ្យកូនតាមរបៀបត្រឹមត្រូវ ទើបអាចជួយការពារខ្លួនបាន និងចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤- កុំទាន់ឲ្យកូនទៅកន្លែងផ្ទុះវីរុស
ប្រសិនបើយើងមានដំណើរកម្សាន្តទៅបរទេស ដែលជាកន្លែងផ្ទុះវីរុស គួរតែផ្អាកសិនទៅ ដើម្បីបង្ការខ្លាចឆ្លង ហើយចាំស្ងប់ស្ងាត់។ ប្រសិនបើយើងទៅដើរលេងទាំងកំពុងផ្ទុះជំងឺ ច្បាស់ណាស់ថាការកម្សាន្តនោះក៏មិនសប្បាយដែរ ហើយការខ្វល់ខ្វាយច្រើនអាចនាំឲ្យទៅជាឈឺវិញក៏មានដែរ។
៥- ឲ្យកូនញ៉ាំអាហារចម្អិនឆ្អិនល្អ
អាហារដែលកូនញ៉ាំគួរតែចម្អិនឲ្យបានឆ្អិនល្អ មានដូចជាសាច់ ស៊ុត ហើយចៀសវាងការប៉ះពាល់ជាមួយសត្វព្រៃ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់អ្វីការពារខ្លួន ព្រោះថាវីរុសមួយចំនួនមានប្រភពមកសត្វ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕