ជំងឺរលាកត្រចៀកដែលច្រើនកើតមានចំពោះក្មេងៗ បណ្ដាលមកពីកត្តាមួយចំនួន ហើយក្នុងនោះមូលហេតុមកពីរលាកបំពង់ក ក្អក ផ្ដាសាយញឹកញាប់។ បញ្ហានេះធ្វើឲ្យម៉ាក់ប៉ាមួយចំនួនឆ្ងល់ថា វាមានពាក់ព័ន្ធគ្នាយ៉ាងម៉េចវិញ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹង ដោយសារច្រមុះ ត្រចៀក ភ្នែក បំពង់ក នៅជិតគ្នា ទើបវាងាយនឹងឆ្លងគ្នាទៅវិញទៅមក។ មួយវិញទៀតនៅពេលក្អក ហៀរសម្បោរ ផ្ដាសាយដៃក្មេងប៉ះទឹករងៃ ឬប៉ះសម្បោរ ហើយក៏យកមកប៉ះតំបន់ជិតត្រចៀក ដូចនេះហើយបានជាមេរោគ ឬបាក់តេរីរាលដាលទៅកន្លែងនោះ។
លោកបញ្ជាក់ថា ការរលាកត្រចៀកខាងក្រៅមិនធ្ងន់ធ្ងររហូតធ្វើឲ្យប៉ះពាល់ដល់ការស្ដាប់របស់កូនឡើយ គ្រាន់តែពេលខ្លះមានជាខ្ទុះ ឬដំបៅដែលបង្កទៅជាក្ដៅខ្លួន និងឈឺចាប់ប៉ុណ្ណោះ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បានណែនាំឲ្យអាណាព្យាបាលទាំងអស់នាំកូនមកជួបគ្រូពេទ្យ ដើម្បីសម្អាត និងលេបថ្នាំតាមវេជ្ជបញ្ជា ចៀសវាងលូកសម្អាត គ្មានឧបករណ៍ និងបរិក្ខារគ្រប់គ្រាន់ នាំឲ្យធ្ងន់ធ្ងរទៅវិញ។
មួយវិញទៀតពេលកូនមានជំងឺរលាកបំពង់ក ក្អក ផ្ដាសាយ ត្រូវប្រញាប់នាំកូនទៅជួបពេទ្យ ហើយលេបថ្នាំឲ្យអស់តាមការណែនាំរបស់គ្រូពេទ្យមិនគួរឃើញកូនធូរ ហើយឈប់លេបថ្នាំ នាំឲ្យជំងឺរើឡើងវិញ។
[embed-health-tool-vaccination-tool]