អាកាសធាតុចុះត្រជាក់ ធ្វើឲ្យសុខភាពយើងចុះខ្សោយងាកឈឺៗ ហើយក្នុងនោះកូនក្មេងជួបបញ្ហាច្រើនបំផុត។ ដូចនេះលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅបានឲ្យដឹងថា បើមិនចង់ឲ្យកូនតូចឈឺញឹកញាប់ គួរកុំនាំកូនទៅកន្លែងដូចខាងក្រោម។
– កុំឲ្យកូននៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់ជាប់រហូត ព្រោះបើយើងបើកម៉ាស៊ីនត្រជាក់យូរធ្វើឲ្យបន្ទប់មានសំណើម អាចឲ្យពពួកមេរោគ កើតមានកាន់តែច្រើនជាហេតុបង្កឲ្យកូនងាយឆ្លងមេរោគទាំងនោះ ។
– ក្រៅពីម៉ាស៊ីនត្រជាក់កង្ហារ ក៏មិនគួរបើកខ្លាំង ឬយូរចំមុខកូនពេកដែរ ព្រោះវាអាចបណ្ដាលឲ្យកណ្ដាស់ ហៀរសម្បោរ ឬកើតជំងឺរលាកច្រមុះ បំពង់ក ដោយសារធូលី ឬកម្ទេចកំទីជាប់ស្លាបកង្ហារប៉ើងចូលក្នុងច្រមុះ។
– មិនគួរនាំកូនចេញទៅកន្លែងមានខ្យល់ខ្លាំង។
– មិនគួរងូតទឹកត្រជាក់ឲ្យកូន ព្រោះក្មេងងាយរងា និងបង្កជាគ្រុន ហៀរសម្បោរ។
– កន្លែងមានមនុស្សអ៊ូអរ ព្រោះអាកាសធាតុបែបនេះមនុស្សភាគច្រើនឈឺជំងឺផ្សេងៗគ្នា ដូចនេះកូនងាយឆ្លងមេរោគពីអ្នកដទៃណាស់។
– ដើរលេងតំបន់ព្រៃភ្នំ និងសមុទ្រ ព្រោះកន្លែងទាំងនោះខ្យល់ខ្លាំងហើយ មានទឹកសន្សើមច្រើនទៀត។
– កន្លែងកម្សាន្តមានទឹកសម្រាប់លេង ព្រោះទីនោះជាវាលគ្មានកន្លែងបិទបាំង ហើយពេលខ្យល់បក់ទៅនាំឲ្យកូនរងាញាក់។
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅរូបនោះបន្ថែមទៀតថា ក្មេងខ្លះដែលមានប្រព័ន្ធការពាររាងកាយខ្សោយ គ្រាន់តែខ្យល់បក់មកត្រូវខ្លួនក៏ចាប់ផ្ដើមចង់គ្រុន ឬក្ដៅខ្លួនដែរ។ ដូចនេះហើយបើចង់ដើរលេងទៅកន្លែងមានខ្យល់ខ្លាំងត្រូវរៀបចំសម្លៀកបំពាក់ក្រាស់ៗ កន្លែងបង់ក ស្រោមដៃស្រោមជើង មួក ដើម្បីផ្ដល់កម្ដៅដល់រាងកាយ។
[embed-health-tool-vaccination-tool]