បញ្ហាមួយដែលម៉ាក់ប៉ាមួយចំនួនពិបាកយល់ ឬមានការបារម្ភនោះគឺពេលកូនឈឺ យើងមិនដឹងថាកូនពិបាកក្នុងខ្លួនកន្លែងណាខ្លះទេ។ បើកូនឈឺលើស្បែក ឬកន្លែងដែលយើងមើលឃើញ យើងមិនសូវពិបាកទេ ប៉ុន្តែបើកូនមិនស្រួលនៅក្នុងខ្លួនវិញ ដូចជាឈឺក ជាដើម ច្បាស់ជាអង្គុយឆ្ងល់ថាកូនកើតអីហើយ។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំនាញទូទៅ បានឲ្យដឹងថា ធម្មតា ពេលកូនក្ដៅខ្លួន ឬតឹងច្រមុះ ម៉ាក់ប៉ាគ្រាន់តែមើលនឹងភ្នែកក៏ដឹងថាកូនមិនស្រួលខ្លួនដែរ តែបើអាអូនឈឺកវិញ យើងរាងពិបាកដឹងបន្តិច ជាពិសេសបើកូនយើងមិនទាន់ចេះប្រាប់ថាមិនស្រួលខ្លួនត្រង់ណា។
លោកបន្តថា ទោះជាពេលកូនតូចៗឈឺក ម៉ាក់ប៉ាពិបាកដឹងបន្តិចមែន ប៉ុន្តែយើងអាចសម្គាល់រោគសញ្ញាមួយចំនួនដែលបញ្ជាក់ថា កូនយើងច្បាស់ជាកំពុងឈឺកហើយដូចជា៖
- មិនព្រមញ៉ាំ ឬផឹក(ទោះជាយើងឲ្យចំណីអាហារកូនចូលចិត្តក៏ដោយ)
- យំ ឬមើលទៅពិបាកលេបអាហារចូល
- កកូនមើលទៅដូចហើមៗ
- បំពង់កកូនឡើងក្រហម ឬហើម
- ដុំសាច់បំពង់កមានអុតសៗ
- កូនមានក្លិនដង្ហើមអាក្រក់។ល។
ចំពោះបញ្ហាអាអូនតូចៗឈឺកភាគច្រើនអាចបណ្ដាលមកពីការឆ្លងវីរុស ឬបាក់តេរី ហើយវីរុសភាគច្រើនបង្កជាជំងឺផ្ដាសាយ អាលែកហ្ស៊ី ផលរំខានពីបរិស្ថាន (ខ្យល់ពុល ធូលី…) ឬជំងឺពងបែកដៃជើង និងមាត់ ដើម។
វេជ្ជបណ្ឌិតរូបនេះបន្តថា ក្នុងករណីដែល អាអូនមានឈឺក រួមផ្សំជាមួយរោគសញ្ញាប៉ុន្មាននេះទៀត ម៉ាក់ប៉ាត្រូវប្រញាប់យកអាអូនទៅជួបគ្រូពេទ្យដូចជា៖
– ក្ដៅខ្លួន
– ឈឺពោះ
– ខ្សោះជាតិទឹក
– ហៀរទឹកមាត់
– សន្លឹម ឬហត់អស់កម្លាំង។
[embed-health-tool-vaccination-tool]