អាការៈក្អកស្លេស្ម តឹងច្រមុះ កើតលើក្មេងៗអាចបណ្ដាលមកពីកត្តាច្រើន ដូចជាផ្ដាសាយធម្មតា ផ្ដាសាយធំ ឆ្លងមេរោគ ឬជំងឺហឺតជាដើម។ មានអាអូនមួយចំនួនឈឺក្អកឡើងស្លេស្ម និងតឹងច្រមុះ ពិបាកគេងនៅពេលយប់ ធ្វើឲ្យម៉ាក់ប៉ាបារម្ភខ្លាំង ព្រោះអាអូនឈឺហើយ ដោយសារក្អកខ្លាំង គេងយប់អត់បានទៀត។ តើមានវិធីណាអាចជួយដោះស្រាយបញ្ហានេះ កុំឲ្យនាំទុក្ខដល់កូនឬអត់?
ភាគច្រើន អាការៈក្អកកាន់តែយ៉ាប់យ៉ឺននៅពេលយប់។ ពេលអាអូនឈឺផ្ដាសាយ ទឹកសម្បោរហៀរចេញពីប្រហោងច្រមុះខាងក្នុងចូលទៅបំពង់ក បណ្ដាលឲ្យកូនក្អកពេលយប់។ ម៉្យាង ជំងឺហឺតក៏អាចបណ្ដាលឲ្យអាអូនក្អកនៅពេលយប់ដែរ ដោយសារផ្លូវដង្ហើមងាយទទួលផលរំខានពេលយប់។
តិចនិកដោះស្រាយបញ្ហាកូនក្អក និងតឹងច្រមុះពេលយប់
អាការៈក្អក
- បើអាអូនកើតជំងឺហឺត ម៉ាក់ប៉ាត្រូវត្រៀមបំពង់ហឺត ឬថ្នាំហឺតតាមវេជ្ជបញ្ជានៅក្បែរខ្លួន ទុកពេលអាអូនធ្វើទុក្ខពេលយប់
- ឲ្យអាអូនញ៉ាំទឹកត្រជាក់ ដើម្បីសម្រួលបំពង់កកូន (ទឹកត្រជាក់គ្មានទឹកកក) ឬឲ្យកូនញ៉ាំទឹកក្ដៅលាយជាមួយទឹកឃ្មុំ(២ កូនស្លាបព្រាកាហ្វេ) ព្រោះវាអាចរំលាយស្លេស្មក្នុងបំពង់កបាន (ក្មេងអាយុលើ១ឆ្នាំ ទើបអាចញ៉ាំទឹកឃ្មុំបាន)
- បន្ថែមខ្នើយឲ្យអាអូនដាក់ក្បាលឲ្យខ្ពស់ ទប់ស្កាត់ផលរំខានដល់បំពង់ក
តឹងច្រមុះ
- ប្រើម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងបន្ទប់កូនគេង
- ពេលកូនមានអាការៈតឹងច្រមុះ មធ្យោបាយដំបូង គឺបន្តក់សេរ៉ូមប្រៃចូលច្រមុះកូនទាំងសងខាង។ វិធីនេះអាចជួយសម្រួលការកកស្ទះសម្បោរដែលមាននៅក្នុងច្រមុះកូន
- នៅពេលតឹងច្រមុះ ហៀរសម្បោរ វាអាចកកទៅជាអាចម៍ច្រមុះដែលអាចធ្វើឲ្យកូនពិបាកដកដង្ហើម ដូចនេះ ម៉ាក់ប៉ាគួរសម្អាតអាចម៍ច្រមុះកូនជាប្រចាំ ដើម្បីឲ្យកូនងាយស្រួលដកដង្ហើម
ពេលណាគួរនាំកូនជួបគ្រូពេទ្យ? បន្ថែមពីលើអាការៈក្អកស្លេស្ម និងតឹងច្រមុះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យ ក្នុងករណីអាអូនមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ឬដកដង្ហើមលឿន (ខំប្រឹងដកដង្ហើម) បបូរមាត់ មុខ អណ្ដាតឡើងស្លេក ឬស្វាយ ក្ដៅខ្លួនខ្លាំង ឬសន្លឹមៗ លើកដៃឡើងជើងអត់រួច។
[embed-health-tool-vaccination-tool]