កូនតូចៗអាចញ៉ុករបស់ចូលច្រមុះ ឬត្រចៀក ម៉ាក់ប៉ាត្រូវតាមដានឲ្យជាប់ ពិសេសវ័យអាអូនចេះវារ ឬដើរខ្លួនឯង ព្រោះវាជាវ័យដែលក្មេងតូចៗឆ្ងល់ច្រើន។ ជាទូទៅ ក្មេងខ្លះ ពេលមានរបស់ជាប់ក្នុងច្រមុះ ឬត្រចៀក មិនហ៊ានប្រាប់ម៉ាក់ប៉ាទេ ហើយខ្លះស្រែកយំឲ្យម៉ាក់ប៉ាជួយ តែមិនដឹងជាជួយតាមវិធីណាល្អ ចៀសវាងរុករបស់កាន់តែជ្រៅចូលច្រមុះ ឬត្រចៀកកូន។
សញ្ញាបង្ហាញថាកូនញ៉ុករបស់ចូលច្រមុះ ឬត្រចៀក
អាអូនអាចមានវត្ថុជាប់ក្នុងត្រចៀក ប្រសិនបើមានណាមួយដូចខាងក្រោម៖
- ត្អូញថា ឈឺត្រចៀក
- ទឹកហៀរចេញពីត្រចៀក
- ស្ដាប់មិនសូវឮ
- យកដៃកេះ ឬទាញត្រចៀកញឹក
អាអូនអាចមានវត្ថុជាប់ក្នុងច្រមុះ ប្រសិនបើមានសញ្ញាណាមួយដូចខាងក្រោម៖
- ធុំក្លិនស្អុយ ឬសម្បោរពណ៌លឿង ឬលាយឈាមចេញពីច្រមុះ
- ពិបាកដកដង្ហើម ឬដកដង្ហើមតាមមាត់
ចុះប៉ាម៉ាក់ត្រូវធ្វើយ៉ាងណា បើកូនញ៉ុករបស់ចូលច្រមុះ ឬត្រចៀក?
១. កុំព្យាយាមរុកយកវត្ថុនោះចេញពីច្រមុះ ឬត្រចៀកកូនដោយខ្លួនឯង ព្រោះវាអាចរុញវត្ថុនោះចូលកាន់តែជ្រៅ រឹតតែពិបាកយកចេញ
២. កុំចាក់ទឹកចូលច្រមុះ ឬត្រចៀកកូន
ការដែលព្យាយាមយកវត្ថុចេញពីច្រមុះ ឬត្រចៀកក្មេងដោយមិនមានឧបករណ៍ត្រឹមត្រូវ ឬជំនាញទេនោះ អាចបង្កការឈឺចាប់ដល់កូនកាន់តែខ្លាំង និងអាចធ្វើឲ្យរបស់នោះចូលកាន់តែជ្រៅទៅក្នុងរន្ធច្រមុះ ឬត្រចៀក រឹតតែពិបាកយកចេញពីខាងក្រៅ។
យកល្អ ពេលដែលម៉ាក់ប៉ាដឹងថាកូនញ៉ុករបស់ចូលច្រមុះ ឬត្រចៀក គួរនាំកូនទៅមន្ទីរពេទ្យជំនាញផ្នែកក្មេង ឬជួបគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ព្រោះគ្រូពេទ្យមានជំនាញ និងឧបករណ៍ចាំបាច់ សម្រាប់ទាញយកវត្ថុដែលជាប់ក្នុងច្រមុះ ឬត្រចៀកកូនចេញមកក្រៅ។
ស្របគ្នានេះ ម៉ាក់ប៉ាក៏ត្រូវចេះប្រយ័ត្នប្រយែងទុកដាក់របស់របរតូចៗដែលកូនអាចយកមកលេង ឲ្យឆ្ងាយពីដៃកូន ពិសេសនោះគឺគ្រាប់អង្កាំតូចៗ ឬថ្មពិលតូចៗមានក្នុងតុក្កតាក្មេងលេងជាដើម។
[embed-health-tool-vaccination-tool]