និយមន័យ
១- តើអ្វីជាការក្តៅខ្លួនប្រកាច់ចំពោះកូនក្មេង?
វាជាស្ថានភាពដែលកើតឡើងនៅលើកូនក្មេងដែលចាប់ក្តៅខ្លួនខ្លាំងភ្លាមៗ ពេលខ្លះអ្នកមិនអាចដឹងថាកូនក្តៅខ្លួនទៀតផងដោយសារសីតុណ្ហភាពក្នុងខ្លួនក្មេងកើនឡើងរហ័សពេក ជួនកាលកើនឡើងពេលកំពុងប្រកាច់ទៀតផង។ បន្ទាប់ពីក្តៅខ្លួនដល់កម្រិតមួយហើយ កូនអ្នកក៏ឈប់ប្រកាច់ភ្លាមដែរ។ ភាគច្រើនក្មេងដែលប្រកាច់តែងក្តៅខ្លួនដល់ទៅ ៣៩ អង្សាសេ ។
ការប្រកាច់ដែលមានមូលហេតុទាក់ទងនឹងការក្តៅខ្លួនមាន៖
- ប្រកាច់ក្នុងកំឡុងពេល ២៤ម៉ោង
- រយៈពេលប្រកាច់តិចជាង ១៥នាទី
- ប្រកាច់ទូទាំងដងខ្លួន មិនមែនតែមួយចំហៀង
- ក្មេងអាយុចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ
- ក្មេងមិនមានបញ្ហាប្រព័ន្ធប្រសាទ
- ក្មេងធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនពីមុនមក។
អ្នកប្រាកដជាភ័យខ្លាចពេលឃើញកូនមានស្ថានភាពនេះ តែវាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ក្មេងនិងមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល បញ្ញារបស់គេនោះទេ។
អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
២- តើវាកើតឡើងញឹកញាប់ប៉ុណ្ណា?
ពី២ភាគរយ ទៅ៥ភាគរយ នៃក្មេងអាចមានបញ្ហាក្តៅខ្លួនប្រកាច់បែបនេះ ក្រៅពីនោះក្មេងអាចប្រកាច់ដោយសារបញ្ហាផ្សេងៗទៀត។ វាក៏អាចរើឡើងម្តងទៀតអាស្រ័យលើអាយុរបស់ក្មេងដែរ តែប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ ក្មេងអាចជួបបញ្ហាក្តៅខ្លួនប្រកាច់បែបនេះម្តងទៀតបាន។ ជាការល្អអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យបើកូនមានបញ្ហានេះ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួនខ្លាំង មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
រោគសញ្ញា
៣- តើវាមានរោគសញ្ញាអ្វីខ្លះ?
ចំពោះការក្តៅខ្លួនប្រកាច់ធម្មតាមានរយៈពេលតែ ២ទៅ៣នាទី ទេតែក្នុងករណីកម្រខ្លះអាចឈានដល់ទៅ ១៥នាទី ។ ពេលប្រកាច់ក្មេងនឹងប្រកាច់មួយតួរខ្លួនតែម្តង ញាក់កន្ត្រាក់ រមួលខ្លួន ក្រឡាប់ភ្នែក ហើយអាចឈានដល់សន្លប់ជាដើម។ ក្មេងខ្លះក្អួតបណ្តើរ នោមបណ្តើរពេលប្រកាច់ទៀតផង។
ឯការប្រកាច់ធ្ងន់ធ្ងរជាងនេះវិញមានរយៈពេលដល់ទៅ ១៥នាទី និងអាចកើតឡើងលើសពីម្តងក្នុងមួយថ្ងៃ។ ក្មេងអាចប្រកាច់ដៃប្រកាច់ជើង ឬកន្ទ្រាក់តែមួយចំហៀងខ្លួន។ ក្មេងនឹងឈប់ប្រកាច់ដោយខ្លួនឯងតែនៅតែក្តៅខ្លួនតទៀត។ ក្មេងខ្លះវិញងងុយដេកបន្ទាប់ពីនោះ តែខ្លះវិញមិនមានផលរំខានអ្វីទេ។ ក៏នៅមានសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់នៅខាងលើ វិធីដែលល្អគឺត្រូវជួបពិភាក្សារជាមួយគ្រូពេទ្យចំពោះបញ្ហានេះ។
៤- តើគួរទៅជួបពេទ្យនៅពេលណា?
សូមទៅបន្ទប់សង្គ្រោះបន្ទាន់បើសិនជា៖
- កូនឈប់ដកដង្ហើមវែងជាង ១៥ទៅ២០វិនាទី ឬក៏ពិបាកដកដង្ហើម
- បើកូនប្រកាច់លើសពី ៣នាទី ឬក៏រើប្រកាច់ជាលើកទី២
- ប្រកាច់រួមជាមួយ ក្តៅខ្លួន ក្អួត ឈឺក្បាលខ្លាំង ងងុយដេក មិនមានស្មារតី រោយ ក ឬលេចឡើងកន្លែងពយទន់មួយចំលើក្បាល។
សូមទាក់ទងទៅគ្រូពេទ្យបើ៖
- កូនប្រកាច់ជាលើកទីមួយ ឬអ្នកពុំទាន់បានសួរពេទ្យថាគួរធ្វើដូចម្តេចបើវាកើតឡើងម្តងទៀត។
- ក្មេងមានអាយុតិចជាង ៦ខែឬអាយុ ៥ឆ្នាំឬលើសពីនេះ។
- ប្រកាច់តែមួយចំហៀងខ្លួន
- ប្រកាច់តែមិនក្តៅខ្លួន។
មូលហេតុ
៦- តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យក្មេងក្តៅខ្លួនប្រកាច់?
ពុំទាន់មានការបញ្ជាក់ពីមូលហេតុវាទេ ទោះបីជាមានការសិក្សារបង្ហាញថាអាចបណ្តាលមកពីវីរុសនិងការឆ្លើយតបនៃខួរក្បាលនៅពេលក្តៅខ្លួនខ្លាំង។
កត្តាប្រឈម
៧- តើអ្វីខ្លះជាកត្តាប្រឈមធ្វើឲ្យកូនខ្ញុំកើតរឿងនេះ?
ប្រវត្តិគ្រួសារធ្លាប់មានអ្នកក្តៅខ្លួនប្រកាច់ពីមុនមកក៏ជាកត្តាប្រឈមមួយ ហើយក្មេងម្នាក់ក្នុងចំណោមក្មេងបីនាក់ដែលធ្លាប់ប្រកាច់ម្តងហើយងាយនឹងរើឡើងម្តងទៀត (ជាទូទៅនៅ ១ឆ្នាំទៅ២ឆ្នាំ បន្ទាប់ពីលើកមុន)។ ក្មេងអាយុក្រោម ១៥ខែ ក៏ងាយរើម្តងទៀតដែរ។ ភាគច្រើនបន្ទាប់ពីផុតអាយុ ៥ឆ្នាំ ទៅក្មេងនឹងលែងជួបបញ្ហានេះហើយ។
ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល
ពត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពត៌មានលម្អិត។
៨- តើគេធ្វើរោគវិនិច្ឆ័យបែបណា?
គ្រូពេទ្យនឹងពិនិត្យក្មេងព្រមទាំងសួរអ្នកអំពីអាការៈពេលប្រកាច់។ ភាគច្រើនពុំមានការព្យាបាលអ្វីនោះទេ គ្រាន់តែគេអាចធ្វើតេស្តខ្លះចំពោះក្មេងក្រោម ១ឆ្នាំនិងមានសញ្ញាដូចជា ក្អួត រាកជាដើម។
៩- តើគេព្យាបាលវាដោយរបៀបណា?
គ្រូពេទ្យអាចណែនាំថ្នាំសំរាប់ពេលក្តៅខ្លួនធម្មតាដូចជា ប៉ារ៉ា (acetaminophen ឬ ibuprofen)។ គេមិនណែនាំឲ្យក្មេងលេបថ្នាំឃាត់ជាមុននោះទេ ព្រោះវាមិនអាចបង្ការកុំឲ្យប្រកាច់បានទេ។
តែបើសិនជាកូនអ្នកប្រកាច់លើសពីម្តងឬប្រកាច់លើសពី ៥នាទី គ្រូពេទ្យនឹងឲ្យថ្នាំប្រឆាំងការប្រកាច់យកទៅលេបនៅផ្ទះបាន។
ការប្តូររបៀបរស់នៅនិងវិធីព្យាបាលនៅផ្ទះ
១០- តើការប្តូររបៀបរស់នៅនិងវិធីព្យាបាលនៅផ្ទះបែបណាខ្លះដែលអាចជួយកូនខ្ញុំបាន?
សូមអនុវត្តវិធីខាងក្រោមនេះដើម្បីការពារកូនពីគ្រោះថ្នាក់ពេលប្រកាច់៖
- ដាក់កូនដេកលើឥដ្ឋ ហើយបើកូនតូចសូមបីកូនផ្កាប់លើភ្លៅ។ សូមកុំរឹតកូនឲ្យសោះ។
- បែរកូនទៅម្ខាងដើម្បីឲ្យហៀរកម្អែរនិងទឹកមាត់ចេញ និងកុំឲ្យអណ្តាតបាំងផ្លូវដង្ហើម។ ដាក់ក្បាលនិងចង្កាទៅមុខ (កាយវិការដូចកំពុងឳនហិតផ្កា) បែបនេះទើបក្មេងមានផ្លូវដកដង្ហើម។
- ដោះសំលៀកបំពាក់ក្មេងចេញ។
- សូមកុំដាក់អ្វីចូលក្នុងមាត់ដើម្បីកុំឲ្យខាំអណ្តាតឲ្យសោះព្រោះវាអាចបង្កគ្រោះថ្នាក់បាន។
- សូមព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងដើម្បីឲ្យក្មេងងាយស្រួលអារម្មណ៍ដែរ។ លួងកូនដោយស្ងប់ស្ងាត់ និយាយមួយៗ។
- ផ្ទៀងមើលរយៈពេលនៃការប្រកាច់និងតាមដានអាកប្បកិរិយាក្មេងពេលកំពុងប្រកាច់នោះដើម្បីងាយស្រួលប្រាប់គ្រូពេទ្យ។
បន្ទាប់ពីប្រកាច់រួច សូមពិនិត្យមើលកូន៖
- បើកូនពិបាកដកដង្ហើម សូមបែរក្បាលកូនទៅម្ខាង ប្រើម្រាមដៃខ្វិះមាត់កូនថ្នមៗខ្លាចមានកម្អែរឬទឹកមាត់បាំងផ្លូវដង្ហើម។
- បើមើលទៅកូនមិនចាំបាច់នាំទៅពេទ្យទេ សូមដាក់ឲ្យគេគេងក្នុងបន្ទប់ត្រជាក់ភ្លាម។ សញ្ញាងុយគេងគឺជារឿងធម្មតាដែលកើតឡើងក្រោយពេលប្រកាច់។ តែកុំភ្លេចចំណាំមើលកូនផង គេគួរតែមានសកម្មភាពសកម្មធម្មតាវិញ ១ម៉ោង ក្រោយពេលប្រកាច់។
- បើកូនអ្នកធ្លាប់កើតវាពីមុនមកហើយៗ អ្នកក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យទៀត សូមធ្វើតាមការណែនាំរបស់គ្រួពេទ្យឲ្យបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]