ពេលកើតផ្តាសាយម្តងៗ ទាំងយើងទាំងគេតែងតែទិញថ្នាំ ឬផ្សំថ្នាំលេប ក្នុងនោះក៏អាចមានថ្នាំពពួកថ្នាំផ្សះ (Antibiotic) ដែរ។ តើការប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺផ្តាសាយត្រឹមត្រូវទេ? ហេតុអ្វី?
ផ្តាសាយបង្កឡើងដោយសារវីរុស មិនមែនបាក់តេរីនោះទេ ដូច្នេះការប្រើថ្នាំផ្សះព្យាបាលផ្តាសាយ មិនអាចសម្លាប់ពពួកវីរុសបានទេ។ នេះបើតាមការបញ្ជាក់របស់ឱសថការី សេត ច័ន្ទកក្កដា បង្រៀននៅសាកលវិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។
ប្រើថ្នាំផ្សះព្យាបាលផ្តាសាយប៉ះពាល់អីខ្លះ?
ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិនជានោះទេ ហើយអ្នកជំងឺថែមជួបបញ្ហាសុខភាពជាច្រើនទៀត។
- បង្កើនឱកាសមេរោគស៊ាំជាមួយថ្នាំផ្សះនៅពេលក្រោយ ដែលធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលថ្នាំផ្សះទៅលើមេរោគនេះត្រូវបានកាត់បន្ថយ ដែលតម្រូវឲ្យបន្ថែមកម្រិតថ្នាំ ឬផ្លាស់ប្ដូរទៅប្រើពពួកថ្នាំផ្សះផ្សេងទៀត ដែលសកម្មភាពនេះហៅថា Resistance។
- ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។
- ខូចភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើថ្នាំផ្សះរយៈពេលយូរ។
ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ?
មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែលបង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។
[embed-health-tool-vaccination-tool]