ដូចដឹងស្រាប់ហើយ រដូវភ្លៀងទោះបីជាសីតុណ្ហភាពត្រជាក់ស្រួលមែន ប៉ុន្តែបាក់តេរី មេរោគ និងជំងឺឆ្លងផ្សេងៗ ក៏ងាយកើតឡើងដែរ ហេតុនេះប៉ាម៉ាក់ត្រូវប្រយ័ត្នកូនៗឲ្យបានច្រើន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីជំងឺមួយចំនួន ដែលឧស្សាហ៍កើតមាន ពិសេសកើតលើក្មេងៗ និងរោគសញ្ញាឲ្យបានដឹងទាំងអស់គ្នា។
១- ជំងឺគ្រុនឈាម
គ្រុនឈាម ជាជំងឺឧស្សាហ៍កើតមានបំផុតអំឡុងពេលរដូវវស្សា ឆ្លងរាលដាលតាមរយៈមូសខាំ ដែលជាពពួកមូសខ្លា ខណៈរោគសញ្ញាមានដូចជា៖
– ក្តៅខ្លួនខ្លាំង
– ឡើងកន្ទួលលើស្បែក
– ចំនួនប្លាកែតធ្លាក់ចុះ
– ងាយរងប្រតិកម្មលើស្បែក ឬច្រមុះជាដើម។
២- ជំងឺបង្កដោយវីរុស Chikungunya
ជំងឺ Chikungunya គឺបង្កឡើងដោយសត្វមូស ដែលរស់នៅក្នុងថ្លុកទឹក ហើយមូសទាំងនោះ ត្រូវប្រទះឃើញមានគ្រប់ទីកន្លែងជុំវិញបរិវេណផ្ទះរបស់យើង មានទាំងក្នុងផើងផ្កា ទុយោទឹក នឹងវត្ថុផ្សេងៗទៀតដែលដក់ទឹកបាន ខណៈភ្នាក់ងារចម្លងជំងឺនេះ គឺជាពពួកមូសខ្លា។ រោគសញ្ញាមានដូចជា៖
– ឈឺសន្លាក់ស្រួចស្រាវ
– គ្រុនក្តៅខ្លាំង
– រងារញាក់
– អស់កម្លាំង។
៣- ជំងឺគ្រុនចាញ់
ជំងឺគ្រុនចាញ់ គឺចម្លងពីមូសដែកគោល ខណៈករណីឆ្លងជំងឺនេះ តែងកើនឡើងខ្លាំងអំឡុងពេលរដូវភ្លៀងចូលមកដល់ ដោយពពួកមូសនឹងបន្តពូជនៅតាមកន្លែងដក់ទឹកផ្សេងជុំវិញព្រៃក្បែរៗផ្ទះរបស់យើង ខណៈរោគសញ្ញាមានដូចជា៖
– គ្រុនក្តៅខ្លាំង
– ឈឹចុកចាប់រាងកាយ
– គ្រុនរងារញាក់
– បែកញើសខ្លាំង។
៤- ជំងឺអាសន្នរោគ
ជំងឺអាសន្នរោគ គឺបណ្តាលមកពីការញ៉ាំអាហារ និងទឹកដែលមានផ្ទុកមេរោគ។ កង្វះអនាម័យ ក៏ជាមូលហេតុចម្បងបង្កឲ្យកើតជំងឺនេះដូចគ្នា។ អាសន្នរោគ គឺត្រូវការការព្យាបាលឲ្យបានឆាប់បំផុត ព្រោះអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ខណៈរោគសញ្ញាជាទូទៅមានដូចជា៖
– ធ្លាក់ចុះសម្ពាធឈាម
– រមួលសាច់ដុំ
– ចង្វាក់បេះដូងលោតញាប់
– ស្ងួត ភ្នាសសើមនៅត្រង់បំពង់ក និងច្រមុះជាដើម។
៥- ជំងឺគ្រុនពោះវៀន
គ្រុនពោះវៀន ជាជំងឺឆ្លងឧស្សាហ៍កើតមានដូចគ្នាអំឡុងរដូវភ្លៀងចូលមកដល់។ ជំងឺនេះ ធម្មតាបង្កឡើងដោយការញ៉ាំអាហារ និងទឹកមិនមានអនាម័យ ហើយរោគសញ្ញាមានដូចជា៖
– គ្រុនក្តៅរយៈពេលយូរ
– អស់កម្លាំង
– ឈឺពោះ
– ទល់លាមក
– ឈឺក្បាល
– ក្អួត។
៦- គ្រុនក្តៅដោយសារឆ្លងរោគ (Viral fever)
ជំងឺនេះ អាចកើតឡើងគ្រប់ពេលវេលាពេញមួយឆ្នាំតែម្ដង ប៉ុន្តែហានិភ័យកើតជំងឺនេះ នឹងកើនឡើងកាន់តែខ្ពស់អំឡុងពេលរដូវភ្លៀង ដោយរោគសញ្ញាជាទូទៅមានដូចជា៖
– គ្រុនក្តៅ
– អស់កម្លាំង
– វិលមុខ
– ល្ហិតល្ហៃ
– គ្រុនញាក់
– ឈឺចាប់រាងកាយ សាច់ដុំ និងសន្លាក់។
៧- រាក
រាក ជាបញ្ហាសុខភាពមួយឧស្សាហ៍កើតមាន និងអាចកើតលើមនុស្សគ្រប់វ័យ ពិសេសអំឡុងពេលរដូវវស្សាតែម្តង។ ជំងឺរាកអាចបណ្តាលមកពីញ៉ាំអាហារ ឬទឹកគ្មានអនាម័យ ហើយរោគសញ្ញាមានដូចជា៖
– លាមករាវ (សុទ្ធតែទឹក)
– រមួលពោះ
– គ្រុនក្តៅ
– ហើមពោះ
– ក្អួតចង្អោរ
– ឈាមក្នុងលាមក។
៨- ផ្តាសាយធម្មតា និងផ្តាសាយធំ
នៅពេលអាកាសធាតុប្រែប្រួលភ្លាមៗ នឹងបង្កឲ្យសីតុណ្ហភាពរាងកាយយើងប្រែប្រួលដូចគ្នា ហើយបញ្ហាចម្បងអាចកើតមានឡើងចំពោះសុខភាព គឺផ្តាសាយធម្មតា និងផ្តាសាយធំ។ អំឡុងពេលរដូវភ្លៀង ប្រព័ន្ធការពារក្នុងរាងកាយយើងនឹងចុះខ្សោយ ដែលជាកត្តាកាន់តែងាយធ្វើឲ្យកើតផ្តាសាយ ក្អក និងផ្តាសាយធំ ខណៈរោគសញ្ញាជាទូទៅមានដូចជា៖
– ក្តៅខ្លួន
– ឈឺសាច់ដុំ
– ហៀរសំបោរ
– កណ្តាស់
– តឹងច្រមុះ។
៩- ជំងឺ Leptospirosis (ឆ្លងមេរោគពីសត្វ)
ជំងឺ Leptospirosis សំដៅលើការឆ្លងបាក់តេរីមួយប្រភេទដែលជាការចម្លងពីសត្វមកលើមនុស្ស នៅពេលមានស្បែកយើងមានការដាច់រលាត់កន្លែងណាមួយ។ ជំងឺនេះជាធម្មតាឆ្លងរាលដាលតាមរយៈមុខរបួស អំឡុងពេលយើងធ្វើដំណើរលុយទឹកមានមេរោគ ប៉ះលើមុខរបួស ខណៈរោគសញ្ញាមានដូចជា៖
– គ្រុនក្តៅខ្លាំង
– ឈឺក្បាល
– ឈឺសាច់ដុំ
– ឈឺពោះ និងរាក
– ឡើងកន្ទួលលើស្បែក។
១០- ឆ្លងមេរោគក្នុងក្រពះ
ឆ្លងមេរោគក្នុងក្រពះ កើតឡើងនៅពេលយើងញ៉ាំអាហារ ឬផឹកទឹកដែលមិនស្អាតល្អ។ ជំងឺក្រពះពោះវៀន ជាជំងឺមួយ ជាទូទៅកើតឡើងពេលក្រពះមានឆ្លងមេរោគ និងឧស្សាហ៍កើតមានបំផុតអំឡុងពេលរដូវភ្លៀង។ សូមផឹកទឹកដាំពុះឲ្យបានគ្រប់គ្រាន់ និងញ៉ាំអាហារចម្អិនឆ្អិនល្អ ដើម្បីអាចបង្ការបញ្ហាទាំងនេះ។ រោគសញ្ញាជំងឺនេះមានដូចជា៖
– គ្រុនញាក់ដោយសារសីតុណ្ហភាពរាងកាយធ្លាក់ចុះ
– ក្អួត និងចង្អោរ
– រមួល ឬឈឺពោះ
– រាក។
អត្ថបទពាក់ព័ន្ធ៖
- ខែភ្លៀង ម៉ាក់ប៉ាគួរថែទាំសុខភាពអូនតូចឲ្យបានល្អ ចៀសពីជំងឺប៉ុន្មាននេះ
- ឆ្ងល់ទេ ខែភ្លៀង សីតុណ្ហភាពចុះត្រជាក់ តែសម្បូរអ្នកឈឺច្រើន? នេះមូលហេតុ
* វិធីបង្ការជំងឺរដូវភ្លៀង
មានតិចនិកមួយចំនួនជួយយើងចៀសឆ្ងាយពីជំងឺឧស្សាហ៍កើតមានអំឡុងរដូវភ្លៀង ដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖
– ព្យាយាមនៅក្នុងផ្ទះ និងកន្លែងដែលគ្មានមូស
– ប្រើថ្នាំបាញ់មូស និងស្លៀកពាក់ជិតៗពេលចេញទៅក្រៅផ្ទះ
– កុំព្យាយាមទៅកន្លែងមានមនុស្សកកកុញច្រើន ដើម្បីកាត់បន្ថយអត្រាឆ្លងមេរោគ
– ផឹកទឹកដាំពុះ
– ញ៉ាំអាហារស្រស់ៗធ្វើឲ្យផ្ទាល់ដៃ
– ត្រូវប្រាកដថា ផ្ទះរបស់យើងមានខ្យល់ចេញចូលគ្រប់គ្រាន់
– លាងដៃឲ្យបានស្អាតមុនពេលញ៉ាំអាហារ
– កុំយកដៃប៉ះច្រមុះ ឬមាត់មុនលាងសម្អាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]