backup og meta

តើអ្នកជាពីជំងឺបង្កដោយវីរុស COVID-19 អាចមាន​អង់ទីករការពារខ្លួនទេ?

តើអ្នកជាពីជំងឺបង្កដោយវីរុស COVID-19 អាចមាន​អង់ទីករការពារខ្លួនទេ?

អំឡុងពេល​ដែល​វីរុស COVID-19 កំពុង​រាតត្បាត​ពេញ​ពិភពលោក មាន​ការ​ចោទ​ឡើង​ថា​ក្រោយ​ពី​អ្នក​ឆ្លង​វីរុស​នេះ​ជា​សះស្បើយ តើ​អ្នកទាំង​នោះ​នឹង​លែង​ឆ្លង​ម្ដង​ទៀត​ឬ​យ៉ាង​ណា។​

ដោយសារ​វីរុស​នេះ​ជា​វីរុស​ថ្មី​ ដូចនេះហើយមិន​ទាន់​មាន​ចម្លើយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ថា​វីរុស SARS-CoV-2 ឬ COVID-19 នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អង់ទីករ​ដូច​វីរុស​កូរ៉ូណា​ដទៃ​ទៀតដែរ​។ នេះ​មាន​ន័យ​ថា​រាងកាយ​នឹង​មាន​អង់ទីករ​ការពារ​វីរុស​នេះ​យ៉ាងតិច​ណាស់​ពីរ​ទៅ​បី​ឆ្នាំ និង​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ម្ដង​ទៀត​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​ខ្លីដែរ​។

ការ​សិក្សា​ទៅ​លើ​វីរុស SARS-CoV-2 បាន​ឲ្យ​ដឹង​ថា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​វីរុស​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន។ នៅ​ពេល​វីរុស​វាយលុក​ទៅ​កោសិកា​ក្នុង​រាងកាយ​ កោសិកា​នោះ​មាន​តួនាទី​ពីរ​មុន​នឹង​ងាប់។ កោសិកា​ដែល​ឆ្លង​មេរោគ​នេះ​នឹង​បញ្ជូន​សញ្ញា​ទៅ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រឆាំង​នឹង​វីរុស​COVID-19 ហើយ​ក៏​ត្រូវ​ឲ្យ​សញ្ញា​ទៅ​កោសិកា​នៅ​ក្បែរ​ដើម្បី​ពង្រឹង​កោសិកា​ទាំង​នោះ​ដោយ​បញ្ចេញ​នូវ​ប្រូតេអ៊ីន​ឈ្មោះ interferons។ នៅ​ពេល​ប្រូតេអ៊ីន interferons ចូល​ទៅ​ក្នុង​កោសិកា​នៅ​ក្បែរ​កោសិកា​ដែល​ឆ្លង​ ប្រូតេអ៊ីន​នឹង​ភ្ញោច​ឲ្យ​កោសិកា​ទាំង​នោះ​ស្ថិត​ក្នុង​ទម្រង់​ការពារ។ កោសិកា​ទាំង​នោះ​នឹង​ពន្យឺត​មេតាប៉ូលីស បញ្ឈប់​ការ​បញ្ជូន​ប្រូតេអ៊ីន និងម៉ូលេគុល​ផ្សេងៗ​ រួម​ទាំង​ពន្យឺត​ដំណើរការ​វីរុស​បំបែក​ខ្លួន​ក្នុង​កោសិកា។

ការ​សិក្សា​ចេញ​ផ្សាយ​នៅ Journal Cell បាន​រក​ឃើញ​ថា​វីរុស SARS-CoV-2 បាន​រារាំង​ការ​បញ្ជូន​សញ្ញា interferon នេះ​ និង​មិន​អាច​ឲ្យ​កោសិកា​ប្តូរ​ទៅ​ស្ថិត​ក្នុង​ទម្រង់​ការពារ​ដែល​ងាយស្រួល​ក្នុង​ការ​ឆ្លង​វីរុស។ វីរុស​ SARS-CoV-2 ​នឹង​បន្ដបំបែកខ្លួន​ក្នុង​សួត​ និង​ខណៈពេលនោះ​ក៏​បន្ដ​បញ្ជូនសញ្ញាទៅកាន់ប្រព័ន្ធភាពស៊ាំ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​គឺ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​វីរុស។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ទៀត នៅ​ពេល​វីរុស​បន្ត​បំបែក​ខ្លួន​ក្នុង​កោសិកា ប្រព័ន្ធ​ភាព​ស៊ាំ​បាន​វាយលុក​កោសិកា​ដែល​ឆ្លង​វីរុស និង​កម្ចាត់​​នូវ​កម្ទេចកម្ទី​នៃ​កោសិកា​ងាប់ ហើយ​បាន​កម្ទេច​​កោសិកា​នៅ​ក្បែរ​នោះ​ដែរ ​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​ខូចខាត។ ដោយឡែក​បើ​វីរុស​បន្ត​ចូល​ទៅ​ក្នុង​កោសិកា​សួត​ នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​អាច​នឹង​បង្ក​ការ​ខូចខាត​ដោយ​ធ្វើ​ឲ្យជាលិកា​សួតមាន​ការ​រលាក​ ហើយ​សរសៃ​ឈាម​នឹង​ចាប់ផ្ដើម​ជ្រាប​សារធាតុ​រាវ​ទៅ​ក្នុង​សួត។ នេះ​ហើយ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ក្រោយ​ពី​ឆ្លង​វីរុស​ពីរ​សប្ដាហ៍។

នេះ​អាច​ជា​ដំណឹង​អាក្រក់ ប៉ុន្តែ​ដោយសារ​ការ​បញ្ជូន​សញ្ញា​ទៅ​កាន់​ប្រព័ន្ធភាពស៊ាំ​មាន​ភាព​ប្រក្រតី ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដែល​ជា​សះស្បើយ​ពីជំងឺ COVID-19 មាន​អង់ទីករ​ការពារ​វីរុស​នេះ។ ការសិក្សា​ជា​ច្រើន​បាន​រក​ឃើញ​អ្នក​ជំងឺ​ជាសះស្បើយ​មាន​កម្រិត​អង់ទីករ​ប្រឆាំង​វីរុស SARS-CoV-19 ឬ COVID-19 ខ្ពស់។ ដោយ​ហេតុ​នេះ​ហើយ​ទើប​អ្នកវិទ្យាសាស្ត្រ​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​តេស្ដ​វិជ្ជមាន​នៃ​វីរុស​នេះ​ម្ដង​ទៀត​នៅ​លើ​អ្នក​ជំងឺ​ជា​សះស្បើយ។ អ្នក​ទាំង​នេះ​មិន​បាន​ឆ្លង​ម្ដងទៀត​ទេ ព្រោះ​ក្នុង​រាងកាយ​​មាន​អង់ទីករ​ ប៉ុន្តែ​នេះ​មក​ពី​ឧបករណ៍​តេស្ដ​ដែល​ចាប់​យក​បំណែក​វីរុស​នៅ​សល់​ពី​ការ​ឆ្លង​លើក​មុន។​

ដោយ​សារ​វីរុស SARS-CoV-19 ទើប​តែ​ឆ្លង​ទៅ​លើ​មនុស្ស​រយៈពេល​៥ទៅ៦​ខែ​ប៉ុណ្ណោះទើប​អ្នកវិទ្យាសាស្រ្ត​ពិបាក​ក្នុង​ការ​ដឹង​ពី​រយៈពេល​ដែល​អង់ទីករ​អាច​នៅ​ក្នុង​រាងកាយ។ ក្នុង​ការសិក្សា​មួយ​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​អ្នក​ជំងឺ COVID-19 អាច​រក្សា​អង់ទីករ​សម្រាប់​វីរុស នេះ រយៈពេល​ពីរ​សប្ដាហ៍​ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ​។

ភស្តុតាង​ពី​ការ​សិក្សា​ទៅ​លើ​វីរុស​កូរ៉ូណា​ផ្សេងៗ​បាន​ឲ្យ​ដឹង​ថា​អង់ទីករ​អាច​នៅ​ក្នុង​រាងកាយ​បាន​យូរ​ជាង​នេះ។ ម៉្យាងទៀត ការសិក្សា​ទៅ​លើ​ប្រូតេអ៊ីន​ និង​ហ្សេន​របស់​វីរុស SARS-CoV-2​ បាន​លើកឡើង​ថា​វីរុស​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អង់ទីករ​រយៈពេល​យូរ​ដែល​ស្រដៀង​ទៅនឹង​វីរុស SARS (២០០២MERS (២០១២)។ ការ​សិក្សា​ទៅ​លើ​ SARS និង​MERS​បាន​អះអាង​ថា​កម្រិត​អង់ទីករ​ក្នុង​រាងកាយ​អាច​មាន​រយៈពេល​យ៉ាង​តិច​២​ទៅ៣​ឆ្នាំ និងចាប់ផ្ដើម​ថយចុះ​ទៅ​តាម​ពេលវេលា។

ប្រព័ន្ធ​ភាពស៊ាំ​ក៏​បាន​ផលិត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​មួយ​ប្រភេទ​គឺ កោសិកា T ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា។ កោសិកា T នេះ​មាន​ការ​ពិបាក​ក្នុង​ការ​រកឃើញ​ក្នុង​ឈាម និង​ការ​សិក្សា។ ប៉ុន្តែ​វីរុស​កូរ៉ូណា​ហាក់​ដូចជា​អាច​ភ្ញោច​ការ​ផលិត​កោសិកា​នេះជាពិសេស។ ការសិក្សា​មួយ​ទៅ​លើ​វីរុស SARS បាន​ចេញ​ផ្សាយ​ក្នុង Journal Vaccine រកឃើញ​ថា​កោសិកា T នេះ​អាច​នៅ​ក្នុង​រាងកាយ​បាន​រហូត​ដល់​១១​ឆ្នាំ​ក្រោយ​ការ​ឆ្លង។

ទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នកវិទ្យាសាស្ត្រ​នៅ​មិន​ទាន់​ដឹង​ច្បាស់​តើ​កម្រិត​អង់ទីករ​ប៉ុនណាទើប​គ្រប់គ្រាន់​ក្នុង​ការ​ការពារ ​ការឆ្លង​វីរុស​កូរ៉ូណា​នៅ​ថ្ងៃ​អនាគត និង​តើ​រយៈពេល​ប៉ុន្មាន​ទើប​អង់ទីករ​ថយចុះ​ក្រោម​កម្រិត​នោះទេ​។ អ្នក​វិទ្យាសាស្រ្ត​​ក៏​មិន​ទាន់​ច្បាស់​ថា​តើ​អ្នក​មាន​អង់ទីករ​ហើយ​អាច​ចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​ដែរឬទេ​នៅ​ពេល​កំពុង​ប្រឆាំង​នឹង​ការ​ឆ្លង​លើក​ទី២។ ប៉ុន្តែ​បើ​ការឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ក្នុង​ការ​កម្ចាត់​វីរុស​បាន​លឿន អ្នក​ឆ្លង​អាច​នឹង​មិន​ចម្លង​បន្ត។ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​អាច​នឹង​ឲ្យ​វីរុស​បំបែក​ខ្លួន​ក្នុង​រាងកាយបា​ន និង​អាច​ចម្លង​ទៅ​អ្នក​ដទៃ។

ភាព​មិន​ច្បាស់​លាស់​នៃ​ប្រព័ន្ធ​ភាពស៊ាំ​នេះ​មិន​មាន​ផល​ប៉ះពាល់​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ទេ ព្រោះ​ផល​ប្រយោជន៍​នៃ​វ៉ាក់សាំង​គឺ​អ្នក​វិទ្យាសាស្ត្រ​អាច​ចម្លង​ប្រូតេអ៊ីន​របស់​វីរុស​ដែល​អាច​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធភាពស៊ាំ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​។ ដូចនេះហើយ​វ៉ាក់សាំង​អាច​នឹង​បង្កើត​អង់ទីករ​ក្នុង​រាងកាយ​បាន​យូរ​ជាង​អង់ទីករ​ដែល​មាន​ពេល​ឈឺ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/covid-19-immunity.html

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម