ការជក់បារីនេះ មិនមានផ្ដល់ប្រយោជន៍អ្វីឡើយដល់សុខភាពយើងសូម្បីតែបន្តិច ហើយបែរជាផ្ដល់ផលប៉ះពាល់ដល់ដល់រាងកាយ សុខភាពទូទៅ ជាពិសេសនោះសួតយើង។
CDC អាមេរិចបានឲ្យដឹងថា អ្នកជក់បារីងាយវិវត្តទៅរកជំងឺមហារីកសួត ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយនៅក្នុងស្ថានភាពដែលមានជំងឺឆ្លងជាសកលប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមដូចវីរុសកូវីដ-១៩ទៀតនោះ ធ្វើឲ្យជក់បារីកាន់តែប្រឈមខ្ពស់ក្នុងការឆ្លងវីរុសនេះ ប៉ះពាល់ទៅដល់សួតខ្លាំងជាងអ្នកធម្មតា។
ទន្ទឹមគ្នានេះ អង្គការសុខាភាពពិភពលោក (WHO) បានពន្យល់ឲ្យដឹងថា អ្នកជក់បារីក៏ដោយ ឬអ្នកជក់បារីអេឡិចត្រូនិចក៏ដោយ សុទ្ធតែប្រឈមនឹងការកើតជំងឺកូវីដ-១៩ខ្ពស់ដោយសារ ពួកគេត្រូវកាន់បារីនៅនឹងដៃដែលអាចមានផ្ទុកវីរុស ឬអាចឆ្លងតៗគ្នាតាមរយៈការហុចឲ្យគ្នាជក់លាយគ្នា (ដូចជាបារីអេឡិចត្រូនិក Vape ឬshisha ជាដើម)។
WHO បន្តទៀតថា តាមភស្តុតាងវិទ្យសាស្ត្រដែលយើងមានឥឡូវនេះបញ្ជាក់ថា ភាពធ្ងន់ធ្ងរដល់សុខភាពពីការឆ្លងជំងឺកូវីដ-១៩នៅលើអ្នកជក់បារីមានភាគរយខ្ពស់ជាងមនុស្សដែលមិនជក់បារី។ ការជក់បារីបណ្ដាលឲ្យខូចមុខងារដំណើរការរបស់សួតយើង ធ្វើឲ្យវាពិបាកទប់ទល់ជាមួយនឹងជំងឺប្រព័ន្ធផ្លូវដង្ហើមផ្សេងៗដូចជាជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះជាដើម។ ប្រសិនបើអ្នកជក់បារីឆ្លងជំងឺកូវីដ-១៩ នោះសុខភាពរបស់ពួកគេនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ ដោយសារសួតរបស់ពួកគេរងការខូចខាតពីការជក់បារីម្ដងរួចមកហើយ។
ថ្នាំជក់ ឬTobacco ជាកត្តាហានិភ័យចម្បងបង្កជាជំងឺសរសៃឈាមបេះដូង ជំងឺមហារីកផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែម ជាហេតុបណ្ដាលឲ្យក្រុមមនុស្សដែលមានជំងឺទាំងប៉ុន្មាននេះ មានភាគរយខ្ពស់ធ្លាក់ខ្លួនឈឺធ្ងន់ពេលដែលបានឆ្លងជំងឺកូវីដ-២៩រួចហើយ។
[embed-health-tool-bmi]