កាលពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីការឃើញវីរុសបំប្លែង ប្រភេទ B.1.617 លើពលករខ្មែរមកពីប្រទេសថៃចំនួន ៣នាក់។ តើឥទ្ធិពលរបស់វីរុសបំប្លែងថ្មីនេះខុសប្លែកពីវីរុសពីមុនបែបណាខ្លះ?
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា វីរុសកូវីដ ១៩ ពីមុន និងវីរុសបំប្លែងមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា តែអ្វីដែលអ្នកវិទ្យាសាស្ត្ររកឃើញពីភាពខុសគ្នានោះ គឺ Spike ប្រូតេអ៊ីនរបស់វីរុស (បន្លាៗនៅព័ទ្ធជុំវិញខ្លួន)។
លោកជំទាវបានបញ្ជាក់ថា វីរុសកូវីដ ១៩ មិនទាន់បំប្លែងខ្លួន Spike ប្រូតេអ៊ីនមានសភាពរឹង ពិបាកក្នុងវាយលុកទៅក្នុងសរីរាង្គរបស់មនុស្សយើង តាមរយៈផ្លូវដង្ហើម។
ផ្ទុយទៅវិញនៅពេលវីរុសនេះបំប្លែងខ្លួនថ្មី Spike ប្រូតេអ៊ីនប្រែប្រួល មានសភាពទន់ ងាយស្រួលបញ្រ្ជៀតខ្លួនចូលទៅក្នុងកោសិកាមនុស្សយើង។ ឯល្បឿននៃការចម្លងវិញ អ្នកវិទ្យាសាស្ត្រសង្កេតឃើញ ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយសារវីរុសបំប្លែងថ្មីនេះលឿន ងាយនឹងចូលទៅក្នុងសរីរាង្គរបស់មនុស្ស។
មកដល់ពេលនេះ កម្ពុជាបានរកឃើញវីរុសកូវីដ ១៩ បំប្លែងថ្មី ប្រភេទ B.1.617 ៤ករណីហើយ ដែល ១ករណីតាមរយៈជើងហោះហើរពីបរទេស តាំងពីខែមេសា ២០២១ និងបានព្យាបាលអ្នកជំងឺជាសះស្បើយដែរ និងថ្មីៗនេះ ៣ករណីទៀតជាពលករខ្មែរមកពីប្រទេសថៃ។
វីរុសបំប្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង គេបានរកឃើញនៅបណ្តាប្រទេសចំនួន ៧ នៅក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសកម្ពុជា រួមទាំងបណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក។
[embed-health-tool-bmi]