អ្នកជំងឺទឹកនោមផ្អែម ប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ក្នុងករណីឆ្លងជំងឺកូវីដ-១៩ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមក៏កាចសាហាវ។ ការឆ្លងវីរុសអាចបង្កើនការរលាក ឬហើមសរីរាង្គខាងក្នុងរបស់អ្នកជំងឺទឹកនោមផ្អែម ហេតុដូចនេះហើយ ទើបអង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យអ្នកទឹកនោមផ្អែមថែខ្លួនឲ្យបានល្អ។
បើឆ្លងកូវីដ-១៩ ប៉ះពាល់ខ្លាំងអ៊ីចឹង អ្នកជំងឺទឹកនោមផ្អែមអាចចាក់វ៉ាក់សាំងការពារបានអត់?
បាន អ្នកជំងឺទឹកនោមផ្អែមទាំងពីរប្រភេទអាចចាក់វ៉ាក់សាំង COVID-19 ។ អ្នកជំនាញ រួមទាំងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC ឲ្យដឹងថា ព្រោះអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ១ និងប្រភេទ ២ ងាយរងគ្រោះធ្ងន់ បើឆ្លងកូវីដ-១៩។
នៅសហរដ្ឋអាមេរិក អ្នកដែលមានស្ថានភាពសុខភាពប្រឈមនឹងហានិភ័យពេលឆ្លងកូវីដ-១៩ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ ត្រូវបានណែនាំឲ្យចាក់វ៉ាក់សាំងនៅដំណាក់កាល Phase 1c នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសតាមគោលការណ៍របស់ CDC អាមេរិក។ មជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺ (CDC) អាមេរិក បានណែនាំគោលការណ៍អាទិភាពដូចខាងក្រោម៖
Phase 1a៖ ដំណាក់កាលនេះកំពុងដំណើរការដោយចាប់ផ្ដើមតាំងពីខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីទទួលបានការយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងនៅសហរដ្ឋអាមេរិក។ ផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់អ្នកបម្រើការជួរមុខដូចជាគ្រូពេទ្យ គិលានុបដ្ឋាយិកា និងតំបន់ដែលឆ្លងកូវីដ-១៩ខ្លាំងក្នុងសហរដ្ឋអាមេរិក។
Phase 1b៖ ដំណាក់កាលនេះកំពុងដំណើរការនៅរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ផ្ដល់អាទិភាពដល់មនុស្សចាស់អាយុ៧៤ឆ្នាំឡើង បុគ្គលិកការងារជួរមុខដទៃទៀតដូចជា គ្រូបង្រៀន អ្នកមើលថែកូនក្មេង បុគ្គលិកក្រុមហ៊ុនឯកជនដទៃទៀត។
Phase 1c៖ ដំណាក់កាលនេះចាប់ផ្ដើមដំណើរការកាលពីខែកុម្ភៈ-មិនា ឆ្នាំនេះ នៅតាមរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ផ្ដល់អាទិភាពដល់ក្មេងអាយុចាប់១៦ឆ្នាំឡើង និងអ្នកដែលមានជំងឺប្រចាំកាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាពពេលឆ្លងកូវីដ-១៩ ដូចជាជំងឺទឹកនោមផ្អែមជាដើម។
សមាគមទឹកនោមផ្អែមអាមេរិកណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្ន និងថែសុខភាពរួមមាន៖
- រក្សាជាតិស្ករក្នុងឈាមឲ្យស្ថិតក្រោមការគ្រប់គ្រង។
- ត្រៀមអាហារ ឬថ្នាំចាំបាច់ស្ដុកទុកនៅក្នុងផ្ទះ បើសភាពនៅគ្រោះថ្នាក់ មិនចាំបាច់ កុំចេញពីផ្ទះ។
- ត្រូវប្រាកដថាស្គាល់លេខទូរស័ព្ទអ្នកផ្ដល់សេវាថែទាំសុខភាព សម្រាប់ករណីចាំបាច់កើតឡើង។
[embed-health-tool-bmi]