វីរុសបំប្លែង Delta បើធៀបនឹងជំងឺកូវីដ-១៩ ធម្មតា មានសមត្ថភាពឆ្លងលឿនជាង និងមានសភាពកាចសាហាវជាងផងដែរ និង មកដល់ពេលនេះ វីរុសបំប្លែងនេះចាប់ផ្ដើមរាលដាលក្នុងសហគមន៍ក្នុងបណ្ដាប្រទេសជាច្រើន។ ចុះវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងDelta មិនឲ្យវាយលុកសុខភាពយើងធ្ងន់ធ្ងរបាន? ហើយវ៉ាក់សាំងកូវីដ-១៩ ទប់ទល់វីរុសបំប្លែង Delta បានដល់កម្រិតណា?
លោកស្រី Soumya Swaminathan ប្រធានផ្នែកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោក (WHO) បានបកស្រាយឲ្យដឹងថា វីរុសបំប្លែងDelta អាចចម្លងបានលឿន និងអាចប្រឆាំងអង់ទីករដែលមាននៅក្នុងឈាមរបស់យើង។ នេះមានន័យថា យើងត្រូវការអង់ទីករខ្លាំង ដើម្បីយកឈ្នះនឹងវីរុសបំប្លែងនេះ បើប្រៀបនឹងវីរុសបំប្លែងដទៃដូច វីរុសបំប្លែង Alpha ជាដើម។
លោកស្រីបន្តថា ដំណឹងល្អនោះគឺ រាល់វ៉ាក់សាំងកូវីដ-១៩ទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មានប្រសិទ្ធភាពអាចប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ដោយសារវីរុសបំប្លែង Delta។ វ៉ាក់សាំងទាំងនេះ អាចការពារជំងឺមិនឲ្យវិវដ្ដធ្ងន់ធ្ងរបាន និងអ្វីដែល WHO ចង់បាននោះគឺ ទោះជាយើងឆ្លងក៏ដោយ ក៏យើងឆាប់ជាសះស្បើយ និងមិនឈឺធ្ងន់។
ត្បិតតែឥឡូវនេះមិនទាន់មានវ៉ាក់សាំងណាអាចការពារយើងមិនឲ្យឆ្លងបាន ១០០% តែប្រសិទ្ធភាពរបស់វ៉ាក់សាំងនីមួយៗ អាចការពារមិនឲ្យយើងឆ្លងជំងឺកូវីដ-១៩ និងវីរុសបំប្លែង Deltaមានចន្លោះពី ៧០% ដល់ ៩០%។ ប៉ុន្តែ បើនិយាយពីការការពារយើងពីជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់សុទ្ធតែមានប្រសិទ្ធិភាពលើស៩០%។
ដូច្នេះហើយទើបលោកស្រី Soumya Swaminathanបន្ថែមថា ប្រសិនបើយើងអាចទទួលបានវ៉ាក់សាំងទទួលស្គាល់ដោយ WHO យើងគួរតែចាក់វាឲ្យបានគ្រប់ដូស ដើម្បីការពារខ្លួនពីការឆ្លងវីរុសបំប្លែង Delta និងជំងឺកូវីដ-១៩។
[embed-health-tool-bmi]