Delta ជាវីរុសមួយក្នុងចំណោមវីរុសបំប្លែង ៤ ដែលអង្គការសុខភាពពិភពលោក (WHO) បារម្ភជាងគេ ហើយមកដល់ពេលនេះកម្ពុជារកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មីនេះជាង២០០ករណី។
ខណៈវីរុសបំប្លែងថ្មីប្រភេទ Delta កំពុងវាយលុកដល់សហគមន៍ជាបណ្តើរហើយនោះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានពន្យល់ពីភាពសាហាវរបស់វីរុសបំប្លែងថ្មី Delta ថា អ្វីដែលអ្នកវិទ្យាសាស្ត្រសង្កេតឃើញ ពេលឆ្លងចូលទៅក្នុងខ្លួន កំហាប់វីរុស Delta ខាប់ជាងប្រភេទវីរុសផ្សេងទៀត។
“ពេលឆ្លងចូលទៅកំហាប់នៅក នៅគល់ច្រមុះ អ៊ីចឹងបានគេលូកចូលទៅ ក្នុងពេលគេធ្វើតេស្តគេ យកសម្លីលូកចូលទៅក្នុង មិនមែនលូកនៅខាងក្រៅទេ ដោយសារវាចូលទៅ វាទៅនៅក្នុងនោះឯង”។
លោកជំទាវបានបន្តថា ធម្មតាសួតមនុស្សយើងមានថង់តូចៗជាច្រើនសម្រាប់ទទួលយកអុកស៊ីសែន ហើយបញ្ចេញមកវិញនូវឧស្ម័នកាបូនិច ប៉ុន្តែនៅពេលវីរុសបំប្លែង Delta ធ្វើសកម្មភាព វីរុសនេះវាយលុកទៅក្នុងសួតលឿន ធ្វើឲ្យកំហាប់ទឹករម្អិលក្នុងសួតទៅជាក្រាស់ ស្អិតដូចជ័រកាវ បិទរន្ធផ្លូវដង្ហើម។ នេះមានន័យថា នៅពេលវីរុសបំប្លែងថ្មី Delta ធ្វើប្រតិកម្ម ឬបញ្ចេញឥទ្ធិពល ធ្វើឲ្យទឹករម្អិលដែលមានក្នុងសរីរាង្គ ទៅជាស្អិត បិទលើរន្ធថង់សួត ធ្វើឲ្យយើងពិបាកដង្ហើម ស្ទះដង្ហើម ទៅជាត្រដរខ្យល់ ដែលជាមូលហេតុជំរុញឲ្យអ្នកជំងឺស្លាប់លឿនបំផុត។
[embed-health-tool-bmi]