អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសទី៣សិន យ៉ាងហោចណាស់រហូតដល់ចុងខែកញ្ញា។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធ ទី០៤ សីហា ថា ការផ្អាកចាក់វ៉ាក់សាំងដូសទី៣ គឺដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។
ប្រទេសមានប្រាក់ចំណូលខ្ពស់បានចាត់ចែងផ្ដល់វ៉ាក់សាំងកូវីដ-១៩ប្រហែល ៥០ដូសសម្រាប់រាល់មនុស្ស ១០០នាក់នៅក្នុងខែឧសភា ហើយចំនួននេះបានកើនឡើងទ្វេដង នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ចំណែកប្រទេសមានប្រាក់ចំណូលទាបអាចផ្ដល់វ៉ាក់សាំងប្រហែល ១,៥ដូសប៉ុណ្ណោះសម្រាប់រាល់មនុស្ស ១០០នាក់ដោយសារតែខ្វះខាតការផ្គត់ផ្គង់។
ប្រធានអង្គការសុខភាពពិភពលោក បន្តឲ្យដឹងថា យើងត្រូវការផ្លាស់ប្ដូរជាបន្ទាន់ពីការផ្ដល់វ៉ាក់សាំងភាគច្រើនទៅបណ្ដាប្រទេសអ្នកមាន ទៅផ្ដល់ឲ្យបណ្ដាប្រទេសមានចំណូលទាបវិញ។ ស្របគ្នានេះ វេជ្ជបណ្ឌិត Elin Hoffmann Dahl ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រជំងឺឆ្លងនៃ Medecins Sans Frontieres បានឲ្យដឹងថា តាមពិតទៅ ការដែលយើងចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៅលើមនុស្សពេញវ័យមានសុខភាពល្អ គឺជាការគិតខ្លីមួយ។
“ជាមួយនឹងការលេចឡើងនូវវីរុសបំប្លែង Delta ឬវីរុសបំប្លែងថ្មីៗ ប្រសិនបើយើងនៅតែបន្តទុកប្រជាជនមួយចំនួនធំលើពិភពលោកមិនអាចទទួលវ៉ាក់សាំងការពារកូវីដ-១៩បានចោល យើងប្រាកដជាត្រូវការវ៉ាក់សាំងកែតម្រូវនៅថ្ងៃមុខ។’ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត Elin Hoffmann Dahl។
ដើម្បីទប់ទល់នឹងការរាតត្បាតនៃវីរុសបំប្លែង Delta ប្រទេសមួយចំនួនបានចាប់ផ្ដើមប្រើប្រាស់ ឬថ្លឹងថ្លែងពីតម្រូវការនៃការចាក់វ៉ាក់សាំងដូសទី៣ ទោះបីជាអ្នកវិទ្យាសាស្ត្រកំពុងជជែកវែកញែកថាតើត្រូវការចាក់បន្ថែម ឬក៏អត់។
[embed-health-tool-bmi]