វីរុសបំប្លែងថ្មីដែលតា(Delta) គឺជាវីរុសបំប្លែងថ្មីមួយក្នុងចំណោមវីរុសបំប្លែងថ្មីដែលអង្គការសុខភាពពិភពលោក (WHO) កំពុងព្រួយបារម្ភ និងតាមដាន ដោយសារតែការកើនឡើងនៃការឆ្លងឥតឈប់ឈរ។ វីរុសបំប្លែងថ្មីដែលតាដែលមានប្រភពចេញពីប្រទេសឥណ្ឌាកាលពីខែតុលា ឆ្នាំ២០២០ បានរាតត្បាតជាង ១៣០ ប្រទេសហើយ គិតមកដល់ពេលនេះ។ ហេតុអ្វីបានជាដែលតា(Delta) ឆ្លងរាលដាលយ៉ាងឆាប់រហ័សយ៉ាងនេះ?
លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសឆ្លើយតបនឹងជំងឺកូវីដ-១៩ និងជាប្រធានផ្នែកជំងឺរាតត្បាតនៅអង្គការសុខភាពពិភពលោក (WHO) និយាយថាមានកត្តា ៤ ដែលរួមចំណែកដល់ការកើនឡើងនៃការឆ្លងរាលដាលរបស់ដែលតានៅជុំវិញពិភព៖
១. ភាពគ្រោះថ្នាក់របស់ឌែលតា(Delta)៖ ងាយឆ្លង ចម្លងលឿន បន្ថយប្រសិទ្ធិភាពវ៉ាក់សាំង និងការព្យាបាល បន្ថយអង្គបដិប្រាណដែលបង្កើតកំឡុងពេលឆ្លងកូវីដ១៩ ពីមុន។
២. មនុស្សចល័តចុះឡើងច្រើន៖ ធ្វើឱ្យកើនឡើងនៃការប៉ះពាល់រវាងបុគ្គលម្នាក់ និងបុគ្គលទៀតកាន់តែច្រើន។
៣. ការប្រើប្រាស់សុខភាពសាធារណៈនិងវិធានការសង្គមមិនត្រឹមត្រូវ៖ បុគ្គលមិនបានអនុវត្តវិធានការណ៍ការពារតាមការណែនាំរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលដូចជា មិនពាក់ម៉ាស មិនរក្សាគម្លាតសុវត្ថិភាព និងមិនឧស្សាហ៍លាងដៃ ជាដើម។
៤. ការបែងចែកវ៉ាក់សាំងមិនស្មើគ្នា៖ ដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងក្នុងប្រទេសអ្នកមាននិងប្រទេសអ្នកក្រ ទើបធ្វើឱ្យមានការឆ្លងរាលដាលខ្លាំងនៅក្នុងបណ្ដាលប្រទេសដែលប្រជាជនមិនទាន់បានទទួលវ៉ាក់សាំងក៏ដូចជារាលដាលទូទាំងពិភពលោក។
តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីការពារខ្លួនក្នុងបរិបទវីរុសបំប្លែងថ្មីនេះ?
លោកស្រីវេជ្ជបណ្ឌិតរូបនេះក៏បានបញ្ជាក់ផងដែរថា ដោយសារមានមនុស្សជាច្រើនមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់គ្រប់ចំនួនដូស ហើយដើម្បីការពារខ្លួនយើងនិងអ្នកជាទីស្រឡាញ់របស់យើងពីការឆ្លង យើងត្រូវប្រកាន់ភ្ជាប់នូវវិធានការពារដូចជា ឧស្សាហ៍លាងដៃជាមួយសាប៊ូនឹងទឹក អាល់កុល ឬជែល ពាក់ម៉ាសឱ្យបានត្រឹមត្រូវ ចៀសវាងកន្លែងដែលមានមនុស្សច្រើន និងកន្លែងបិទជិត រក្សាគម្លាតសុវត្ថិភាព នៅក្នុងផ្ទះ។ ជាពិសេសត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនដូស។
[embed-health-tool-bmi]