ការទូទៅការចាក់វ៉ាក់សាំងកូវីដ-១៩ តែងមានផលរំខានមួយចំនួន ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់កម្លាំង ក្អួត ចង្អោរ ជាដើម ដែលផលរំខានទាំងនោះនឹងបាត់ទៅវិញក្នុងរយៈពេល ១ទៅ៣ថ្ងៃ យ៉ាងយូរ។
ផ្ទុយទៅវិញ បើសិនជាយើងវ៉ាក់សាំងកូវីដ-១៩ ពិសេសចាក់ដូសទី៣ ដែលជាដូសជំរុញនេះ មានអាការៈថប់ដង្ហើម ឬដកដង្ហើមខ្លី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យបន្ទាន់ កុំសំងំនៅផ្ទះ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
“វាអាចមានករណីខ្លះដោយសារយើងមានបញ្ហានៅក្នុងខ្លួនស្រាប់ នៅពេលយើងចាក់វ៉ាក់សាំង យើងអត់អីទេ គ្រូពេទ្យសួរនាំហើយ គាត់ថាមិនអីទេ អ៊ីចឹងយើងអាចចាក់បាន ប៉ុន្តែនៅពេលខ្លះ ពេលចាក់វ៉ាក់សាំងទៅ សរីរាង្គយើងបង្គាប់បញ្ជាទៅ បង្គាប់មិនត្រូវគ្នា វាអាចទៅធ្វើអីមួយ ក៏យើងអត់ដឹងដែរ”។ លោកជំទាវរៀបរាប់។
ទោះយ៉ាងណាលោកជំទាវរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះថា ករណីដែលអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ហើយមានអាការៈថប់ ឬពិបាកដង្ហើម មានតិចតួចបំផុត ដោយក្នុង១លាននាក់ មានប្រែហែលជា២-៣នាក់ប៉ុណ្ណោះ នេះជាករណីកម្រ តែយើងក៏ត្រូវប្រយ័ត្នប្រយែងដែរ។
មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានអំពីករណីពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ហើយមានអាការៈថប់ដង្ហើមនោះដែរ នេះបើការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន។
[embed-health-tool-bmi]