មកដល់សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ នៅបន្តការឆ្លងរាលដាលលើពិភពលោក ដែលមិនអាចឲ្យយើងវិលត្រលប់ទៅរស់នៅជីវិតប្រចាំថ្ងៃស្រួលដូចមុនបាននៅឡើយទេ។ ទន្ទឹមនឹងវ៉ាក់សាំងកូវីដ-១៩ ឥឡូវនេះ ក្រុមហ៊ុនឱសថអាមេរិក MERCK បានផលិតថ្នាំគ្រាប់ Molnupiravir ព្យាបាលកូវីដ-១៩ ដែលប្រទេសកម្ពុជាយើងបានបញ្ជាទិញ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ក្នុងលក្ខណបន្ទាន់។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. អ្វីទៅជាថ្នាំគ្រាប់ Molnupiravir?
ថ្នាំគ្រាប់ Molnupiravir ព្យាបាលជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Emory នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលគេអះអាងថាមានសមត្ថភាពទប់ស្កាត់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាត់បន្ថយហានិភ័យស្លាប់ និងការពារការបំប្លែងខ្លួនថ្មីរបស់វីរុសកូវីដ-១៩។
២. តើថ្នាំគ្រាប់ Molnupiravir ដំណើរការយ៉ាងម៉េច?
ថ្នាំគ្រាប់ Molnupiravir ប្រើបន្ទាប់ពីអ្នកជំងឺឆ្លងកូវីដ-១៩ និងចេញរោគសញ្ញា។ នៅក្នុងការសាកល្បងព្យាបាលដោយប្រើថ្នាំនេះ ត្រូវបានផ្ដល់ឲ្យអ្នកចូលរួមក្នុងការសិក្សាចំនួន ៤គ្រាប់ និងលេប ២ដង/ថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃ រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាដំបូងនៃកូវីដ-១៩។
“នៅពេលអ្នកជំងឺលេបថ្នាំ វានឹងចូលទៅក្នុងចរន្តឈាម រួចបញ្ឈប់សមត្ថភាពរបស់មេរោគ SARS-CoV-2 ក្នុងការចម្លងវីរុស។’ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Albert Shaw ឯកទេសជំងឺឆ្លងនៃគេហទំព័រ Yale Medicine។
៣. តើថ្នាំគ្រាប់ Molnupiravir មានផលរំខានក្រោយប្រើដែរ ឬអត់?
យោងទៅតាមទិន្នន័យនៅក្នុងការចេញផ្សាយរបស់ក្រុមហ៊ុនឱសថ MERCK ថ្នាំគ្រាប់ Molnupiravir មានសុវត្ថិភាព ពោលគឺ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរកើតឡើងលើអ្នកស្ម័គ្រចិត្តសាកល្បងព្យាបាលនោះទេ។
ថ្នាំគ្រាប់ Molnupiravir ដំណើរការដោយប្រើហ្សែន RNA រំខានមេរោគឆ្លង ដូចនេះអាចមានឥទ្ធិពល ក៏ដូចជាផលរំខានខុសគ្នាតិចតួចរវាងអ្នកជំងឺម្នាក់ទៅម្នាក់ទៀតអាស្រ័យតាម DNA ឬ RNA របស់ពួកគេ។ ក្រុមហ៊ុន Merck ឲ្យដឹងថា ទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍ថ្នាំ Molnupiravir មិនបង្កឲ្យមានការផ្លាស់ប្ដូរអាក្រក់ណាមួយក្នុងរាងកាយនោះទេ។
៤. តើមនុស្សក្រុមណាអាចប្រើថ្នាំគ្រាប់ Molnupiravir បាន?
ក្រុមហ៊ុន MERCK ឲ្យដឹងថា ថ្នាំគ្រាប់របស់ខ្លួនប្រើបានសម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។ នៅក្នុងការសាកល្បងព្យាបាលថ្នាំគ្រាប់ Molnupiravir ភាគច្រើនត្រូវបានផ្ដល់ទៅឲ្យមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ឬអ្នកមានអាយុតិចជាងនេះ ប៉ុន្តែមានហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ដូចជា អ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់ និងមានតែបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលបានដាក់បញ្ចូលនៅក្នុងការសាកល្បង។
បន្ថែមពីនេះ ស្ត្រីពពោះដែលឆ្លងកូវីដ-១៩ មិនទាន់អាចប្រើថ្នាំគ្រាប់ Molnupiravir នេះទេ ព្រោះនៅក្នុងការសាកល្បងព្យាបាលមិនបានរួមបញ្ចូលស្ត្រីពពោះទៅក្នុងនោះ ជាហេតុមិនទាន់ដឹងថាអាចប៉ះពាល់ដល់ការលូតលាស់របស់គភ៌ក្រោយប្រើ ឬក៏អត់។
៥. ប្រសិនបើថ្នាំគ្រាប់ Molnupiravir អនុញ្ញាតឲ្យប្រើ តើយើងនៅតែត្រូវការវ៉ាក់សាំងដែរ ឬទេ?
ត្បិតតែថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពព្យាបាលជំងឺកូវីដ-១៩ ទាំងធម្មតា និងវីរុសបំប្លែងលឿនក៏ដោយ ក៏ក្រុមអ្នកជំនាញថា វ៉ាក់សាំងកូវីដ-១៩ នៅតែជាមធ្យោបាយសំខាន់ដដែលក្នុងការទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមកាចសាហាវនេះ។ អ្នកសដែលបានចាក់វ៉ាក់សាំងពេញលេញនឹងមានហានិភ័យតិចតួចក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ ការពារមិនឲ្យចូលពេទ្យ និងបន្ថយហានិភ័យស្លាប់ដោយសារវីរុសកូវីដ-១៩។
[embed-health-tool-bmi]