គ្នាយើងដឹងទេ បើយើងកំពុងមានជំងឺរលាកសន្លាក់ យើងគួរគិតគូរដល់អាហារមួយចំនួន ដែលយើងមិនគួរញ៉ាំ ឬញ៉ាំក្នុងកម្រិតតិចតួចបានហើយ។ បើយើងមានជំងឺរលាកសន្លាក់ រាងកាយរបស់យើងគឺស្ថិតក្នុងសភាពរលាក។ អ៊ីចឹងហើយបានជាយើងត្រូវប្រយ័ត្នចំពោះអាហារមួយចំនួន ដោយហេតុថាអាហារទាំងនោះមានផ្ទុកសារធាតុខ្លះធ្វើឲ្យសភាពរលាកកាន់តែអាក្រក់ ដូចនេះហើយបានជាយើងគួរចៀសវាង និងរឹតត្បិតការញ៉ាំ។
១.ស្ករ
ស្ករកែច្នៃ អាចបញ្ចេញសារធាតុម្យ៉ាងឈ្មោះថា cytokines ដែលដើរតួរជាភ្នាក់ងារបង្កការរលាកក្នុងរាងកាយ។ ស្ករកែច្នៃដែលគេដាក់ក្នុងភេសជ្ជៈផ្អែម មានដូចជាទឹកក្រូច តែផ្អែម កាហ្វេបន្ថែមរសជាតិ និងទឹកផ្លែឈើកំប៉ុង ជាដើម ដែលរបស់ទាំងអស់នេះទំនងជាធ្វើឲ្យសភាពរលាកកាន់តែអាក្រក់។
២. ខ្លាញ់ឆ្អែត
អាហារមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាភីហ្សា និងសាច់ក្រហម ជាដើម អាចធ្វើឲ្យមានការរលាកនៅជាលិកាខ្លាញ់។ ដូចគ្នាដែរ ខ្លាញ់ឆ្អែត ក៏អាចធ្វើឲ្យយើងប្រឈមនឹងការវិវត្តទៅជាមានជំងឺធាត់ ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងទៀត ដែលអ្វីទាំងនេះនឹងធ្វើឲ្យសភាពរលាកកាន់តែអាក្រក់។
៣. គ្រឿងស្រវឹង
ជាតិអាល់កុលអាចធ្វើឲ្យរោគសញ្ញារលាកកាន់តែអាក្រក់ ដូចនេះហើយបើគ្នាយើងមានបញ្ហារលាកសន្លាក់គួរកម្រិតការផឹកគ្រឿងស្រវឹង ឬចៀសវាងតែម្ដង។ ការសិក្សាមួយចំនួន បានឲ្យដឹងទៀតថាការផឹកគ្រឿងស្រវឹងក៏អាចធ្វើឲ្យយើងជួបបញ្ហាប្រគ្រីវយូរៗម្ដង ហើយក៏អាចទៅជាធ្ងន់ធ្ងរផងដែរ។
ជាងនេះទៅទៀត ការផឹកស្រាជាប់ជាប្រចាំក៏មានទំនាក់ទំនងទៅនឹងហានីភ័យកើតជំងឺរលាកសន្លាក់ឆ្អឹង។
៤. កាត់បន្ថយអាហារមានជាតិប្រៃខ្ពស់
ការកាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃខ្ពស់ អាចជាជម្រើសល្អម្រាប់អ្នកមានបញ្ហារលាកសន្លាក់។ អាហារមានជាតិប្រៃខ្ពស់មានដូចជាស៊ុបកំប៉ុង ភីហ្សា សាច់កែច្នៃ និងប្រភេទអាហារកែច្នៃជាច្រើនផ្សេងទៀត។
ការសិក្សាលើសត្វកណ្ដុរបានរកឃើញថា កណ្ដុរដែលស៊ីអាហារមានជាតិប្រៃខ្ពស់ ជួបបញ្ហារលាកសន្លាក់ក៏ខ្ពស់ជាងកណ្ដុរដែលស៊ីអាហារមានជាតិប្រៃក្នុងកម្រិតធម្មតា។
[embed-health-tool-bmi]