backup og meta

ចៀសវាង​កំហុស​ឆ្គង​ទាំង​៥​នេះ​ ដើម្បី​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 01, 2021

    ចៀសវាង​កំហុស​ឆ្គង​ទាំង​៥​នេះ​ ដើម្បី​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ថែទាំ​សន្លាក់​ជះ​ឥទ្ធិពល​យ៉ាង​សម្បើម​ដល់​ការ​ធ្វើ​ចលនា និង​​គុណភាព​នៃ​ជីវិត​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ជាក់ស្ដែង ទម្លាប់​ជាក់លាក់​មួយ​ចំនួន​អាច​បំផ្លាញ​សុខភាព​សន្លាក់​របស់​យើង​​បាន​ដោយ​មិន​ដឹង​ខ្លួន។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ទម្លាប់​ទាំង​៥​នេះ​ ដើម្បី​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ​​។

    ១. ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​

    ​​ពិត​ណាស់​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ អាច​បំផ្លាញ​សន្លាក់​របស់​យើង​ ពីព្រោះ​អាច​​​រារាំង​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង​ខ្ចី  ​និង​ឆ្អឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​សម​ល្មម​ នោះ​វា​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​សន្លាក់​របស់​យើង​ទៅ​វិញ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​តិច​ជាង​៤០០មិល្លីក្រាម​​​ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​​ជួយ​រក្សា​សុខភាព​សន្លាក់​របស់​យើង​ឲ្យ​នៅ​រឹងមាំ​ល្អ​​​។

    ២. ពាក់​ស្បែក​ជើង​កែង​ញឹកញាប់​

    ស្បែក​ជើង​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​មុខងារ​ផ្សេង​ៗ​ទៀត​នៃ​រាងកាយ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​មាន​កម្លាំង​កើន​ឡើង​នៅ​ពាសពេញ​សន្លាក់​ជង្គង់​ នៅ​ពេល​ដែល​យើង​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​។ ​សម្ពាធ​នៅ​លើ​សន្លាក់​ក៏​​កើត​ឡើង​​ផង​ដែរ ប្រសិនបើ​​យើង​ពាក់​ស្បែក​ជើង​កែង​ទាប​ជិត​៤សង់ទីម៉ែត្រ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ញឹកញាប់​ ឬ​រយៈពេល​យូរ​ ពីព្រោះ​ថា​វា​អាច​​ធ្វើ​ឲ្យ​សម្ពាធ​កើន​ឡើង​នៅ​ជង្គង់​ ជា​ហេតុ​នាំ​ឲ្យ​​មាន​ការ​ប្រែប្រួល​ខុស​​ពី​ធម្មតា​នៃ​សន្លាក់​។

    ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​

    ទឹក​មាន​សារសំខាន់​​ណាស់​ សម្រាប់​ការ​បង្កើត​សារធាតុ​រាវsynovial ​នៅ​ក្នុង​សន្លាក់​ ដែល​ជួយ​ឲ្យ​សន្លាក់​មាន​រម្អិល និង​បង្កើត​ការ​លូតលាស់​នៃ​កោសិកា​​ថ្មី​ៗ​នៅ​ក្នុង​ឆ្អឹង​ខ្ចី​។ ដូច​នេះ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ ទឹក​រម្អិល​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​រលាក​សន្លាក់​ ឬ​ឈឺចាប់​នៅ​ក្នុង​សន្លាក់​។

    ៤. អង្គុយ​ ឬ​ឈរ​រយៈពេល​យូរ​

    ឥរិយាបថ​មិន​ល្អ នៅ​ពេល​ដែល​យើង​អង្គុយ​ក៏​អាច​បង្កើន​បន្ទុក​នៅ​លើ​​​ឆ្អឹង​កង​ក ដើម​ទ្រូង និង​ចង្កេះ ដែល​អាច​បណ្ដាល​ឲ្យ​ឈឺ​សន្លាក់​ និង​ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។ ម្យ៉ាង​វិញ​ទៀត ការ​ឈរ​យូរ​ពេក​ ក៏​អាច​បង្ក​ជា​បញ្ហា​សន្លាក់​ដូច​គ្នា ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​សន្លាក់​​នៅ​ឆ្អឹង​ខ្នង​ ត្រគាក ជង្គង់​ និង​ជើង​ចុក​រួយ​​ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា។​ យូរ​ៗ​ទៅ វា​អាច​នាំ​ឲ្យ​ខូចខាត​ដល់​សរសៃ​ពួរ និង​សរសៃ​ចំណង​ឆ្អឹង​ ។

    សន្លាក់២

    ៥. មិន​ញ៉ាំ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​

    អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ផ្ទុក​ជាតិ​កាល់ស្យូម​ ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​ឆ្អឹង និង​សន្លាក់​។ ប្រសិនបើ​យើង​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ វា​អាច​​ការពារ​យើង​ពី​​ជំងឺ​ពុក​ឆ្អឹង កង្វះ​​បរិមាណ និង​គុណភាព​ឆ្អឹង ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ឆ្អឹង និង​ពិការភាព។ ដូច​នេះ គ្នា​យើង​គប្បី​បំពេញ​ជាតិ​កាល់ស្យូម​ ដោយ​ញ៉ាំ​អាហារ​​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ខ្ពស់ ដូចជា​​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ បន្លែ​ស្លឹក​បៃតង និង​គ្រាប់​ធញ្ញជាតិ​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម