backup og meta

ការពារបញ្ហាឆ្អឹង និងសន្លាក់ កុំរំលងតិចនិក ៤យ៉ាង នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 04, 2021

    ការពារបញ្ហាឆ្អឹង និងសន្លាក់ កុំរំលងតិចនិក ៤យ៉ាង នេះ

    បញ្ហា​ឆ្អឹង និង​សន្លាក់​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​នៅ​លើ​ពិភព​លោក ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ជាក់​ស្ដែង​បញ្ហា​ឆ្អឹង និង​សន្លាក់ គឺ​ជា​មូល​ហេតុ​បង្ក​មួយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក​ឈឺ​ចាប់​រយៈ​ពេល​យូរ និង​មាន​ខ្លះ​រហូត​មិន​អាច​ដើរ​បាន​ក៏​មាន​។ ដូច​នេះ វិធី​ដែល​ល្អ គឺ​វិធីការ​ពារ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើត​បញ្ហា​នេះ ឬ​ពន្យារ​ពេល​កើត​​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន​។

    ខាង​ក្រោម​នេះ ជា​តិចនិក​ចំនួន​បួន​ ជួយ​គ្នា​យើង​បង្កើន​សុខភាព​ឆ្អឹង និង​ជៀស​វាង​បញ្ហា​ឆ្អឹង និង​សន្លាក់​កើត​មាន​។​

    ១. ហាត់​ប្រាណ

    វិធី​ដែល​ល្អ​បំផុត​មួយ​ជួយ​រក្សា និង​បង្កើន​សុខភាព​​ទូទៅ​របស់​យើង​គឺ​ការ​ធ្វើ​ខ្លួន​ឲ្យ​រវល់​មាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ច្រើន​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ មិនថា​​យើង​ហាត់​ប្រាណ​បែប​ធម្មតា​ៗ ឬ​ហាត់​ប្រាណ​យក​សាច់​ដុំ សុទ្ធ​តែ​ជា​វិធី​​ល្អ​ជួយ​សុខភាព​ឆ្អឹង និង​សាច់​ដុំ​។

    ​ដើម្បី​បញ្ចៀស​នូវ​របួស​ផ្សេងៗ យើង​ត្រូវ​ពត់​ពេន​ខ្លួន​ទាំង​មុន និង​ក្រោយ​ការ​ហាត់​ប្រាណ ដើម្បី​ជួយ​រក្សា និង​បង្កើន​ភាព​បត់​បែន​របស់​រាង​កាយ​។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​កំពុង​មាន​បញ្ហា​ឆ្អឹង​ស្រាប់ មិន​គួរ​ហាត់​ប្រាណ​ខ្លាំង​ៗ​ដូច​ជា​ការ​រត់ នោះ​ទេ​។ ការ​ដើរ​ហាត់​ប្រាណ និង​ពត់​ខ្លួន​ចុះ​ក្រោម​ឡើង​លើ ជា​វិធី​សាស្រ្ត​ល្អ​បំផុត​មួយ​ជួយ​បង្កើន​ភាព​រឹងមាំ ដោយ​មិន​ចាំ​បាច់​ដាក់​សម្ពាធ​ខ្លាំង​លើ​សន្លាក់​។

    ឆ្អឹង និង​សន្លាក់

    ២. របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព

    ពេល​ដែល​យើង​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ហាត់​ប្រាណ​ប្រចាំ​ថ្ងៃ នោះ​យើង​ក៏​នឹង​បាន​ឃើញ​ថា​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព​​ក៏​ដើរ​តួ​សំខាន់​ដែរ​។ ការ​ដាក់​បញ្ចូល​របប​អាហារ​មាន​សារធាតុ​ចិញ្ចឹម​គ្រាប់​គ្រាន់ និង​ត្រឹម​ត្រូវ​ជួយ​ឲ្យ​យើង​មាន​សុខ​ភាព​ល្អ។ ពេល​និយាយ​ដល់​របប​អាហារ​ត្រឹម​ត្រូវ ស្រប​ពេល​យើង​ជា​អ្នក​ហាត់​ប្រាណ​ប្រចាំ​ផង​នោះ គឹ​មិន​អាច​រំលង​អាហារ​មាន​ជាតិ​កាល់ស្យូម និង​វីតាមីន D បាន​ទេ ព្រោះ​ថា​សារធាតុ​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​សំខាន់​ដល់​សុខ​ភាព​ឆ្អឹង​។

    ​​​៣. ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​

    និយាយ​ដល់​ចំណុច​នេះ​ដូច​ជា​ប្លែក​បន្ដិច​ដែរ តែ​ថា​ការ​ស្លៀក​ពាក់​ពិត​ជា​មាន​ទំនាក់ទំនង​ទៅ​នឹង​សុខភាព​ឆ្អឹង និង​សន្លាក់​។ ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ប្រចាំ​ថ្ងៃ គួរ​តែ​ជ្រើស​រើស​សម្លៀក​បំពាក់​ណា​ដែល​មាន​ផាសុកភាព ជា​ជាង​រឹប​តឹង​ណែន​។ ដូច​គ្នា​ដែរ ការ​ជ្រើស​រើស​ស្បែក​ជើង​ក៏​ដូច​គ្នា ត្រូវ​រើស​ស្បែក​ជើង​ណា​ដែល​ងាយ​ស្រួល​ដើរ អាច​ទ្រ​ទម្ងន់​បាន​ល្អ មិន​គួរ​ពាក់​ស្បែក​ជើង​មាន​កែង​ខ្ពស់​ៗ និង​ត្រូវ​ប្រាកដ​ថា​ស្បែក​ជើង​មិន​តឹង​ពេក អាច​រំខាន​ដល់​ដំណើរ​ការ​ឈាម​រត់​នៅ​ជើង​របស់​យើង​។

    ៤. បែប​បថ​​រស់​នៅ​ល្អ​

    ការ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​សុខ​ភាព​ឆ្អឹង និង​សន្លាក់​ឲ្យ​មាន​សុខ​ភាព​ល្អ។ ឥរិយាបថ​ក្នុង​ការ​ដេក ដើរ ឈរ អង្គុយ គឺ​ជា​រឿង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។ ដូច​គ្នា​ដែរ គួរ​ចៀស​វាង​លើក​របស់​របរ​ធ្ងន់​ៗ ហើយ​ពេល​គេង​ក៏​ត្រូវ​ប្រាកដ​ថា​ខ្នើយ​ និង​ពូក មាន​ផា​សុក​ភាព​អាច​គេង​បាន​ស្រួល មិន​បណ្ដាល​ឲ្យ​ឈឺ​ខ្នង និង​ចង្កេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម