ចេះតែមានបញ្ហារឹងសាច់ដុំ អាចមកពីកត្តាទាំងនេះ
ការឡើងរឹងសាច់ដុំសំដៅទៅលើអារម្មណ៍នៃការតឹងសាច់ដុំដែលជារឿយៗបង្កឱ្យមានការឈឺចាប់ និងធ្វើឱ្យពិបាកក្នុងការធ្វើចលនា។ ភាពរឹងរបស់សាច់ដុំអាចកើតមានឡើងបន្ទាប់ពីការប្រើសាច់ដុំនៅចំណុចណាមួយច្រើនពេក ឬអាចបង្ហាញជំងឺប្រចាំកាយណាមួយ។ តើមូលហេតុអ្វីបណ្ដាលឱ្យរឹងសាច់ដុំ? ការរឹងសាច់ដុំភាគច្រើនកើតឡើងបន្ទាប់ពីការប្រើសាច់ដុំគ្រោងឆ្អឹងច្រើន ដែលកើតឡើងបន្ទាប់ពីយើងខកខានធ្វើចលនាយូរ ឧទាហរណ៍បន្ទាប់ពីសម្រាកលើគ្រែយូរ ឬបន្ទាប់ពីចូលរួមលំហាត់ប្រាណថ្មី។ សកម្មភាពទាំងនេះអាចបណ្ដាលឱ្យខូចខាតកោសិកាសាច់ដុំបណ្ដោះអាសន្នដែលនាំឱ្យមានភាពរឹង។ ការឡើងរឹងសាច់ដុំដោយសារការប្រើសាច់ដុំច្រើនពេកកើតឡើងជាញឹកញាប់ក្នុងចំណោមមនុស្សដែលមិនសូវហាត់ប្រាណ។ អតុល្យភាពអេឡិចត្រូលីតក៏អាចបណ្ដាលឱ្យរឹងសាច់ដុំ ជាពិសេសបន្ទាប់ពីហាត់ប្រាណ។ អេឡិចត្រូលីត មានដូចជាសូដ្យូម ប៉ូតាស្យូម។ នៅពេលយើងធ្វើលំហាត់ប្រាណអេឡិចត្រូលីតត្រូវបានបាត់បង់តាមរយៈញើស ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកាន់តែពិបាកក្នុងការជួយសម្រួលដល់ចលនាសាច់ដុំ។ តើការឡើងរឹងសាច់ដុំត្រូវព្យាបាលយ៉ាងដូចម្តេច? ការព្យាបាលបញ្ហាឡើងរឹងសាច់ដុំ គឺអាស្រ័យលើមូលហេតុបង្ក។ ភាពរឹងរបស់សាច់ដុំដោយសារតែការប្រើសាច់ដុំគ្រោងឆ្អឹង អាចនឹងបាត់បាត់ក្នុងរយៈពេលណាមួយ ហើយការព្យាបាលតាមបែបផ្សេងនៅផ្ទះក៏អាចដោះស្រាយបានដែរ។ មនុស្សមួយចំនួនអាចជួបប្រទះការធូរស្បើយពីការរឹងនៃសាច់ដុំបន្ទាប់ពីសម្រាកដោយដាក់ដុំទឹកកកស្អំ ឬស្អំនឹងបន្ទះកម្ដៅ ឬម៉ាស្សាសាច់ដុំ។ ទោះយ៉ាងណាការព្យាបាលសាច់ដុំរឹង ដោយសារតែស្ថានភាពជំងឺ អាចត្រូវការការព្យាបាល ឬការប្រើថ្នាំ ដែលយើងត្រូវពិគ្រោះជាមួយគ្រូពេទ្យ។ ចំណុចសំខាន់ត្រូវដឹងពីការរឹងសាច់ដុំ ការតឹងសាច់ដុំសំដៅលើអារម្មណ៍តឹងនៅក្នុងសាច់ដុំដែលអាចត្រូវបានអមដោយការឈឺចាប់ និងពិបាកក្នុងការធ្វើចលនា។ ភាពរឹងរបស់សាច់ដុំជារឿយៗកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរទម្លាប់នៃការធ្វើលំហាត់ប្រាណ ឬការប្រើសាច់ដុំច្រើនពេកឬអសកម្មរាងកាយអស់រយៈពេលយូរពេក។ បើមិនដូច្នោះទេការឡើងរឹងសាច់ដុំអាចបណ្ដាលមកពីបញ្ហាសុខភាពចំនួនដូចជា ជំងឺសាច់ដុំ និងជំងឺសរសៃប្រសាទសាច់ដុំ។ សញ្ញា និងរោគសញ្ញាអាចនឹងប្រែប្រួលអាស្រ័យលើមូលហេតុនៃការឡើងរឹងសាច់ដុំ ប៉ុន្តែវាអាចមានការឈឺចាប់ពិបាកក្នុងការធ្វើចលនា ពិបាកឱន ឬពិបាករក្សាលំនឹង។ មូលហេតុនៃការរឹងសាច់ដុំនឹងត្រូវធ្វើរោគវិនិច្ឆ័យដោយផ្អែកលើប្រវត្តិជំងឺ និងការពិនិត្យរាងកាយជាមួយនឹងការវាយតម្លៃតាមដានប្រសិនបើចាំបាច់ទាក់ទងនឹងមូលហេតុដែលបានបង្ហាញ។ ជាទូទៅការតឹងសាច់ដុំអាចត្រូវបានព្យាបាលនៅផ្ទះដោយការសម្រាកសាច់ដុំរឹងដោយប្រើកម្ដៅ និងស្អំទឹកកក ពត់ពែនខ្លួន និងម៉ាស្សាសាច់ដុំ។ ការព្យាបាលដែលទូលំទូលាយជាងនេះអាចរួមបញ្ចូលទាំងការព្យាបាលរាងកាយ និងថ្នាំអាស្រ័យលើស្ថានភាពសុខភាពជាក់ស្ដែង។