និយមន័យ
១- អ្វីទៅជាជំងឺខ្វិន ឬពិការអវយវៈទាំង៤?
ជំងឺខ្វិន ឬពិការអវយវៈទាំង ៤ បណ្ដាលមកពីការខូចខាតទៅលើសរសៃប្រសាទឆ្អឹងខ្នង កើតឡើងនៅពេលឆ្អឹងខ្នងរងការប៉ះទង្គិច ធ្វើឲ្យបាត់បង់ការទទួលវិញ្ញាណ និងចលនា។ ដៃ ប្រអប់ដៃ ទ្រូង ជើង និងសរីរាង្គអាងត្រគាក ត្រូវបាត់បង់ចលនាបញ្ជាទាំងអស់។
មានផលវិបាកជាច្រើន នឹងកើតមានបន្ទាប់ពីមានការប៉ះទង្គិចទៅលើឆ្អឹងខ្នង មានដូចជា សម្ពាធឈាមចុះទាបខ្លាំង ឬក៏ចង្វាក់បេះដូងដើរយឺតខុសប្រក្រត្រី បង្កឲ្យមានផលពិបាកលើការដកដង្ហើម ឬមិនអាចដកដង្ហើមបាន។ លើសពីនេះ អាចឡើងរមាស់ស្បែក និងការកន្ត្រាក់សាច់ដុំខុសប្រក្រី។ យើងក៏អាចមានវិបត្តិកំណកឈាមកក បណ្ដាលឲ្យមានការប៉ះពាល់ដល់ជីវិត។
នៅពេលខ្លះ រាងកាយមិនអាចឆ្លើយតបទៅនឹងការបញ្ជាទៅលើប្លោកនោម និងពោះវៀនធំបានល្អនោះទេ ដែលគេហៅថាវិបត្តិ Automonic Dysreflexia អាចបង្កឲ្យសម្ពាធឈាមឡើងខ្ពស់ទៀតផង។ បើមិនប្រញាប់ស្វែងរកការព្យាបាល អាចនឹងធ្វើឲ្យដាច់សរសៃឈាម បណ្តាលឲ្យស្លាប់ទៀតផង។ បើយើងមានជំងឺខ្វិន ឬពិការអវយវៈទាំង ៤ហើយមិនព្រមព្យាបាល នឹងមិនអាចប្រើអវយវៈរងគ្រោះទាំងនោះបានតែម្ដង។
២- ជំងឺខ្វិន ឬពិការអវយវៈទាំង ៤ កើតឡើងញឹកញាប់ដែរទេ?
ជំងឺនេះឧស្សាហ៍ជួបប្រទះ និងអាចប៉ះពាល់លើមនុស្សគ្រប់វ័យ។ ប៉ុន្តែយើងគ្រប់គ្រង និងបង្ការ តាមរយៈការកាត់បន្ថយកត្តាប្រឈម។
រោគសញ្ញា
៣- ជំងឺខ្វិន ឬពិការអវយវៈទាំង ៤ មានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញាជំងឺ អាស្រ័យទៅលើទីតាំង និងភាពធ្ងន់ធ្ងរនៃការប៉ះទង្គិចទៅលើសរសៃប្រសាទឆ្អឹងខ្នង ហើយសញ្ញាជួបប្រទះភាគច្រើនមានដូចជា៖
– ទប់នោម ទប់លាមកមិនបាន
– ពិបាករំលាយអាហារ
– ពិបាកដកដង្ហើម
– ស្ពឹក និងធ្លាក់ចុះញៀនដឹង
– ស្ពឹកសាច់ដុំ ពិសេសដើមដៃ និងជើង
– មិនអាចធ្វើចលនាអវយវៈដែលនៅក្រោមកន្លែងប៉ះទង្គិចបាន។
៤- ត្រូវជួបគ្រូពេទ្យនៅពេលណា?
ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាប់ នៅពេលយើងស្ថិតក្នុងករណីមួយចំនួនដូចជា៖
– ឡើងកំដៅ
– ពិបាកនោម និងនោមតិចជាងមុន
– ហើមពោះ និងរឹងពោះ
– មានឈាមក្នុងលាមក និងទឹកនោម
– ស្រាលក្បាល ដកដង្ហើមខ្លីៗ និងឈឺទ្រូង
– ក្អកឈាម
– ដើមដៃ និងជើងឡើងកំដៅ តឹង និងឈឺចាប់ ហើយអាចឡើងក្រហម និងហើម
– ស្រវាំងភ្នែក និងមើលឃើញស្នាមអុចៗ
– ស្បែកឡើងស្ងួត បែកស្រកានៅក្រោមកន្លែងប៉ះទង្គិច
– មានក្តៅខ្លួន បែកញើស ស្បែកឡើងពណ៌ក្រហមត្រង់កន្លែងរបួសសរសែប្រសាទឆ្អឹងខ្នង
– ឈឺក្បាលខ្លាំងឡើងៗ
– ចាប់ផ្ដើមសង្ស័យថាខ្លួនឯងមានអាការៈចម្លែក។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺខ្វិន ឬពិការអវយវៈទាំង ៤ មានអ្វីខ្លះ?
មូលហេតុចម្បង បណ្ដាលឲ្យមានជំងឺខ្វិន ឬពិការអវយវៈទាំង ៤ គឺគ្រោះថ្នាក់ប៉ះទង្គិចទៅលើសរសៃប្រសាទឆ្អឹងខ្នង តែក៏មានបញ្ហាខ្លះ ដូចជា ស្ពឹកខួរ ឬដាច់សរសៃឈាមខួរក្បាល ក៏អាចលេចចេញអាការប្រហាក់ប្រហែលគ្នាដែរ។ ក្រៅពីបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ការងារ ក៏អាចជាមូលហេតុផងដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមជំងឺខ្វិន ឬពិការអវយវៈទាំង ៤ មានអ្វីខ្លះ?
មានកត្តាជាច្រើន នាំឲ្យយើងប្រឈមកើតជំងឺខ្វិន ឬពិការអវយវៈទាំង ៤ ដូចជា៖
– កត្តាភេទ៖ ប្រុសៗប្រឈមខ្លះ ព្រោះថាការប៉ះទង្គិចសរសៃប្រសាទឆ្អឹងខ្នង ភាគច្រើនកើតលើមនុស្សប្រុស។
– កត្តាអាយុ៖ អាយុច្រើនជាង ៦៥ឆ្នាំ ដោយសារងាយរអិលដួល ហើយក៏ឧស្សាហ៍ជួបប្រទះជាងគេដែរ។
– មានបញ្ហាសន្លាក់ឆ្អឹង៖ សូម្បីតែគ្រោះថ្នាក់ស្រាលបំផុត ក៏អាចប៉ះពាល់សរសៃឆ្អឹងខ្នង ប្រសិនជាយើងមានជំងឺមានវិបត្តិសន្លាក់ឆ្អឹង ដូចជា ពុកឆ្អឹង និងរលាកសន្លាក់ឆ្អឹងជាដើម។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ ពេទ្យអាចតម្រូវឲ្យយើងធ្វើតេស្តមួយចំនួនដូចជា៖
– ថតស៊ីធីស្កេន៖ ការថតរូបភាពវេជ្ជសាស្ត្រប្រភេទនេះ អាចផ្ដល់នូវរូបភាពច្បាស់លើភាពមិនប្រក្រតី ល្អជាងថតកាំរស្មីអ៊ិច។ វាផ្ដល់រូបភាពជាច្រើនដំណាក់កាលចូលគ្នា ដែលបញ្ចេញរូបភាពឆ្អឹង និងបញ្ហាឲ្យយើងឃើញច្បាស់។
– ថតកាំរស្មីអ៊ិច៖ ភាគច្រើនគ្រូពេទ្យស្នើការថតនេះ ដើម្បីរកមើលការប៉ះទង្គិចឆ្អឹងកងណាមួយ។ ថតកាំរស្មី នឹងបង្ហាញរូបឆ្អឹងកងមានបញ្ហា ដុំ ឬការបែកប្រេះ ផ្លាស់ប្ដូរដោយប្រការណាមួយ។
– ថតអឹមរ៉ាយ៖ សំដៅលើការប្រើថាមពលម៉ាញេទិចខ្ពស់ និងរលកកាំរស្មី ដើម្បីបង្ហាញរូបភាពបានកាន់តែច្បាស់។ ការថតនេះ ជួយបានច្រើន លើការសន្មត់រកមើលការប៉ះទង្គិច ក្លនលូននៃឆ្អឹងកងខ្នង កំណកឈាម និងដុំផ្សេងដែលអាចសង្កត់លើសរសៃឆ្អឹងខ្នង។
៨- ព្យាបាលដោយវិធីណា?
គ្នាយើងមានជំងឺ ត្រូវសម្រាកក្នុងមន្ទីរពេទ្យបន្ទាប់ពីមានគ្រោះថ្នាក់ បន្ទាប់មក នឹងត្រូវបញ្ជូនទៅកាន់បន្ទប់ថែទាំពិសេស ក្នុងគោលបំណង ស្ដាររាងកាយឲ្យវិលមកសភាពដើមវិញ ជួយយើងពីរបៀបក្នុងការថែរក្សាខ្លួនប្រាណតាមតែអាចធ្វើទៅបាន។ យើងអាចសួររកព័ត៌មានបន្ថែមពីការព្យាបាលដូចខាងក្រោម៖
– លំហាត់ប្រាណដកដង្ហើម ជួយគ្នាយើងមានជំងឺ មានចលនាសួតបានល្អ។ យើងអាចត្រូវការជំនួយផ្លូវដង្ហើម បើមានការលំបាក អាចប្រើឧបករណ៍ដើម្បីជំនួយដង្ហើម។
– ការថែរក្សាស្បែក ដើម្បីការពាររោគរលាកស្បែក អាចសាកសួរពីគ្រូពេទ្យឯកទេស។
– លំហាត់កាយសម្បទាមួយចំនួន អាចជួយយើងឲ្យមានការធ្វើចលនា និងបង្កើនកម្លាំងឡើងវិញ។
– មានគ្រូបង្វឹកផ្សេងទៀត ចាំជួយបង្រៀនយើង ពីសកម្មភាពចាំបាច់ផ្សេង។
– វិធីជំនួយក្នុងការបន្ទោបង់ ជួយឲ្យនោម និងបត់ជើងធំបានប្រសើរជាងមុន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– បើកបរពាក់ខ្សែក្រវាត់ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ ជាមូលហេតុចម្បងនៃការប៉ះទង្គិចឆ្អឹងខ្នង។
– ចៀសវាងករណីរអិលដួល
– ប្រុងប្រយ័ត្ននៅពេលលេងកីឡា
– បើស្រវឹងសូមកុំបើកបរ
– ផឹកថ្នាំឲ្យទៀតទាត់តាមវេជ្ជបញ្ជា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]