ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការថតសរសៃឈាម?
ថតសរសៃឈាមបេះដូង (Cardiac Catheterization ឬ Coronary Angiogram) ជាតេស្តសម្រាប់រកមើលសរសៃឈាមបេះដូង ថតបេះដូង និងប្រឹសបេះដូង មានបញ្ហា ឬអត់។
ថតសរសៃឈាមបេះដូង ជួយផ្តល់ពត៌មានមួយចំនួនពីបេះដូងដែលតេស្តផ្សេងៗមិនអាចរកឃើញ។
២- ហេតុអ្វីត្រូវថតសរសៃឈាមបេះដូង?
ក្នុងករណី គ្រូពេទ្យសង្ស័យ យើងមានសរសៃឈាមបេះដូងរួមតូច ស្ទះ ខូចប្រឹស ឬខ្សោយបេះដូង តេស្តនេះ នឹងត្រូវធ្វើឡើងមិនខាន។
កត្តាប្រឈម
៣- កត្តាប្រឈមគ្រោះមានអ្វីខ្លះ?
បេះដូង និងសរសៃឈាមបេះដូង គឺពិបាកពិនិត្យពេលធ្វើតេស្តថតដោយកាំរស្មីអ៊ិច ហេតុនេះដាក់សារធាតុចាប់ពណ៌ (Contrast Agents) ធ្វើឡើងជាជំនួយបង្ហាញច្បាស់ពីសាច់ដុំបេះដូង និងសរសៃឈាម ងាយស្រួលមើលបានច្បាស់ ជាស្រមោលសខ្មៅពេលបញ្ចាំងកាំរស្មីអ៊ិច។
សារធាតុចាប់ពណ៌ ជាសារធាតុជាតិអ៊ីយ៉ុង នឹងបញ្ចេញចោលទៅតាមទឹកនោម ឬលាមកវិញ ដោយមិនបង្កជាគ្រោះថ្នាក់នោះឡើយ។ យ៉ាងណា នៅអាចមានប្រតិកម្ម ឬអាលែកហ្ស៊ី ពិសេសប្រតិកម្មជាមួយអាហារសមុទ្រ(គ្រឿងសមុទ្រ) តម្រូវឲ្យយើងប្រាប់គ្រូពេទ្យជាមុន។
ដោយសារទម្រង់នេះធ្វើទៅលើបេះដូងផ្ទាល់ អាចនឹងមានគ្រោះថ្នាក់ ហើយទោះជាគ្រោះថ្នាក់ធ្ងន់ធ្ងរកម្រនឹងកើតមាន ប៉ុន្តែកត្តាប្រឈមទាំងនោះនៅតែមានភាគរយអាចកើតឡើងដូចជា៖
– ជាំ
– ហូរឈាម
– ខូចតម្រងនោម
– បង្ករោគ
– មានកំណកឈាម
– គាំងបេះដូង
– ដាច់សរសៃឈាមខួរក្បាល
– ដាច់សរសៃឈាមដែលម្ជុលឆ្លងកាត់
– ចង្វាក់បេះដូងមិនទៀងទាត់
– រហែកសរសៃឈាមចិញ្ចឹមបេះដូង និងសាច់ជាលិកាបេះដូង
– ប្រតិកម្មជាមួយសារធាតុចាប់ពណ៌ ឬថ្នាំណាមួយ។
យើងគួរយល់ដឹងពីកត្តាប្រឈមនិងផលវិបាកទាំងនេះ មុនសម្រេចចិត្តធ្វើតេស្ត ហេតុនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន។
ស្វែងយល់ដំណើរការតេស្ត
៤- គួរត្រៀមខ្លួនអ្វីខ្លះ?
ការថតមើលសរសៃឈាម ត្រូវធ្វើនៅក្នុងមន្ទីរពេទ្យ ខណៈកត្តាមួយចំនួនយើងត្រូវត្រៀមទុកជាមុនដូចជា៖
– មិនត្រូវញ៉ាំចំណី ៦ ម៉ោងមុនពេលថត ឬធ្វើតាមការណែនាំរបស់គ្រូពេទ្យ
– យកថ្នាំយើងកំពុងប្រើប្រាស់ទាំងអស់ទៅជាមួយ
– បន្ធូរអារម្មណ៍ ព្រោះពេលភិតភ័យបេះដូងលោតកាន់តែញាប់ នាំឲ្យការថតកាន់តែពិបាក។
ពេលទៅថត គ្រូពេទ្យត្រូវវាស់សម្ពាធឈាម និងជីបចរ តម្រូវបត់ជើងតូចចោលឲ្យអស់ ដោះធ្មេញពាក់ គ្រឿងអលង្ការ ជាពិសេសខ្សែកចេញ ព្រោះអាចរំខានដល់ការថតមើលបេះដូង។
៥- មានអ្វីកើតឡើងកំឡុងពេលថត?
ថតសរសៃឈាមបេះដូង ត្រូវចំណាយពេលប្រមាណ ៣០នាទី ដោយគ្រូពេទ្យឯកទេសផ្នែកបេះដូង នឹងឲ្យថ្នាំសណ្តំ ឬថ្នាំបំបាត់ការឈឺចាប់មកយើងជាមុន ទើបចាប់ផ្តើមដាក់បំពង់ក្នុងសរសៃអាក់ទែ (សរសៃឈាមនៅនឹងភ្លៅ ឬកដៃ)។ គ្រូពេទ្យ នឹងដាក់ម្ជុល Catheter ចូលទៅតាមបំពង់នេះទៅកាន់បេះដូង បន្ទាប់មកចាក់សារធាតុចាប់ពណ៌តាមម្ជុល ហើយថតកាំរស្មីអ៊ិចរកមើលសរសៃឈាមចិញ្ចឹមបេះដូងដែលរួមតូច។
វិធីថែទាំក្រោយធ្វើតេស្ត
៦- ថតរួចគួរធ្វើអ្វីខ្លះ?
បើសិនបំពង់ដាក់ក្នុងសរសៃឈាមនៅភ្លៅ ២-៣ ថ្ងៃដំបូង មិនគួរបើកបរទេ ហើយត្រូវត្រឡប់ទៅជួបគ្រូពេទ្យវិញតាមការណាត់ អាច ២-៣ សប្តាហ៍ម្តង និងពិនិត្យឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]