និយមន័យ
ជាការថតសួតដោយស៊កបំពង់តូច ភ្ជាប់ជាមួយពន្លឺ និងកាមេរ៉ាចូលដើម្បីមើលរចនាសម្ព័ន្ធតាមបំពង់ខ្យល់ អាចមើលឃើញពីបម្រែបម្រួលបំពង់ក បំពង់សំឡេង និងបំពង់ខ្យល់ជាដើម។ សុងថតបែបនេះ ធ្វើឡើងនៅពេលអ្នកជំងឺមានកូនកណ្ដុរក្នុងទ្រូងសង្ស័យថាមានជំងឺផ្សេងៗ និងមានប្រយោជន៍ក្នុងការចាប់យកអ្វីដែលស្លាក់ផ្សេងទៀតបានផងដែរ។
គ្រូពេទ្យអាចស្នើឲ្យធ្វើការថតប្រុងកូស្កូពី ក្នុងករណីដូចខាងក្រោម៖
– រកមូលហេតុបង្កឲ្យមានការហូរឈាម ពិបាកដកដង្ហើម និងក្អករ៉ាំរ៉ៃជាដើម
– ច្រឹបយកសាច់ទៅពិនិត្យ
– ធ្វើរោគវិនិច្ឆ័យដោយបឺតយកវត្ថុសំណាកទៅពិសោធ
– កំណត់ការរីករាលដាលនៃមហារីកសួត
– ចាប់យកវត្ថុដែលស្លាក់ចេញ
– ព្យាបាលការហូរឈាម
– បន្ធូរភាពតឹងស្ទះបំពង់ខ្យល់
– ព្យាបាលដោយកាំរស្មីវិទ្យុសកម្មបាញ់ដោយផ្ទាល់។
ស្វែងយល់ពីហានិភ័យ
ទោះជាការថតសុងសួតបែបនេះមានអត្ថប្រយោជន៍ច្រើនជាងផលវិបាកក៏ពិតមែន ប៉ុន្តែករណីខ្លះអាចជួបរងផលប៉ះពាល់ជាយថាហេតុដូចជា៖
– ធ្វើឲ្យបំពង់ខ្យល់រួមតូច និងពិបាកដកដង្ហើម
– ចង្វាក់បេះដូងមិនធម្មតា
– រលាកសួត
– ក្អកកាន់តែខ្លាំង
– ងាយប្រតិកម្មទៅថ្ងៃក្រោយ
– រលាកបំពង់កជាដើម
តួយ៉ាងការឆ្លុះសួត ក៏មិនអាចកំណត់រោគវិនិច្ឆ័យបានច្បាស់លាស់ដែរ ដោយសារអាចមានការច្រឹបយកសាច់ទៅពិនិត្យខុសកន្លែង ក្នុងករណីមានដុំមហារីកសួត។
ដឹងពីអ្វីកើតឡើង
គួរតែមានអ្នកជូនមកមន្ទីរពេទ្យ និងតមញ៉ាំអាហារពី ៦-១២ ម៉ោង បញ្ឈប់ការប្រើថ្នាំដូចជា ថ្នាំពង្រាវឈាម អាស្ពីរីន និងថ្នាំបំបាត់ការឈឺចាប់ជាដើម។ ជាទូទៅការសុងថតសួតរបៀបនេះត្រូវការពេលត្រឹម ១៥ នាទីប៉ុណ្ណោះ។
ពេលដាក់ឧបករណ៍ចូលទៅ ពេទ្យអាចមើលឃើញពីបម្រែបម្រួលមិនប្រក្រតីផ្សេងៗ ក៏ដូចជាការច្រឹបសាច់មកពិនិត្យជាដើម។ ករណីចាំបាច់អ្នកជំងឺអាចត្រូវគ្រូពេទ្យប្រើថ្នាំសណ្ដំដើម្បីឲ្យមានភាពងាយស្រួលក្នុងដំណើរការ។
ការថែទាំបន្ទាប់
មានអ្វីកើតឡើងក្រោយធ្វើការសុងសួតដោយប្រុងកូស្កូពី?
បើអ្នកជំងឺទទួលថ្នាំសណ្ដំអំឡុងពេលធ្វើការសុង ឥទ្ធិពលថ្នាំនឹងសាបទៅវិញក្នុងរយៈពេល ២ម៉ោងបន្ទាប់។ គ្រូពេទ្យនឹងប្រាប់អ្វីដែល បានរកឃើញ បន្ទាប់មកធ្វើការពិគ្រោះពីវិធីព្យាបាលសមស្រប។ អ្នកជំងឺគួរដឹងពីចំណុចខ្លះៗខាងក្រោមនេះ៖
– មិនត្រូវផឹកទឹក ឬញ៉ាំអាហារអ្វីទាំងអស់ចន្លោះពី ១-២ ម៉ោង រង់ចាំទាល់តែបំពង់កវិលមករកភាពប្រក្រតីវិញ។
– ខ្ជាក់ទឹកមាត់ចេញរហូតដល់អាចលេបដោយខ្លួនឯងចៀសវាងករណីស្លាក់។
– មិនត្រូវបើកបរជាដាច់ខាត រង់ចាំយ៉ាងហោចណាស់ ៨ម៉ោង ក្រោយធ្វើការសុងរួច។
– ត្រូវតមបារីរយៈពេល ២៤ម៉ោង។
– អាចត្រឡប់ទៅធ្វើការវិញជាធម្មតានៅថ្ងៃបន្ទាប់។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]