ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់សរសៃប្រសាទកណ្ដាលបាតដៃ?
ការវះកាត់ធ្វើឡើង ពេលសរសៃប្រសាទនៅដៃត្រូវកៀបដោយសរសៃពួរណាមួយ សំដៅលើសរសៃប្រសាទរត់ពីមុខកដៃត្រូវបានកៀបសង្កត់។ ដោយសារសរសៃប្រសាទកណ្ដាលបាតដៃ រត់នៅក្នុងប្រហោងតូចពីធម្មជាតិ ជាហេតុពេលសរសៃពួរ និងធាតុផ្សំនៅជុំវិញមានការរីកធំ ងាយសង្កត់ទៅលើសរសៃនេះណាស់ នាំឲ្យការវះកាត់ធ្វើឡើងដើម្បីបន្ថយអាការៈឈឺចាប់ បណ្ដាលមកពីការកៀប។
២- ហេតុអ្វីត្រូវវះកាត់?
ការវះកាត់ នឹងធ្វើឡើងបើព្យាបាលដោយថ្នាំប៉ុន្មានសប្ដាហ៍ នៅមិនការធូរស្រាល។ ត្រូវចាំថាការព្យាបាលដោយថ្នាំ គឺអាចបន្ថយឈឺចាប់ តែបើមានការខូចខាតលើសរសៃប្រសាទត្រូវតែវះកាត់។ លើសពីនេះ បង្កទៅជាសញ្ញារំខានផ្សេងៗដូចជា៖
– ស្ពឹកដៃ មិនអាចបញ្ជាចលនាម្រាមដៃបានតាមតម្រូវការ
– ខ្សោយសាច់ដុំ
– ឈឺដៃខ្លាំងទាល់គេងមិនលក់ក៏មាន។
កត្តាប្រឈម
៣- កត្តាប្រឈមអ្វីខ្លះ?
ការធ្វើតេស្តស្ទង់ចលនាកម្លាំង និងការឆ្លើយតបរបស់សរសៃប្រសាទកណ្ដាលបាតដៃ នឹងត្រូវធ្វើឡើងមុនពេលវះកាត់ ហើយគ្រូពេទ្យនឹងប្រាប់អ្នកពីលទ្ធផល ក៏ដូចជាជម្រើសព្យាបាលសម្រាប់យើង។
គ្រប់ការវះកាត់ទាំងអស់សុទ្ធតែអាចប្រឈមហានិភ័យជាយថាហេតុ គួរសម្រេចចិត្តឲ្យបានត្រឹមត្រូវមុនធ្វើការវះកាត់។ មួយវិញទៀត វះកាត់នេះមាន ២វិធី គឺ វះបើកធំ និងចោះដោយប្រើឧបករណ៍ជំនួយ មានស្នាមវះតូច។ ខាងក្រោមនេះជាផលវិបាកខ្លះៗដែលអាចកើតមាន៖
– បង្ករោគលើស្នាមវះ
– ប៉ះពាល់ទៅលើសរសៃប្រសាទផ្សេងទៀត តម្រូវឲ្យមានការកែលម្អជាថ្មី
– រឹងសន្លាក់ម្រាមដៃ ពិបាកកាន់ តែនឹងបាត់ទៅវិញពេលកដៃជាសះស្បើយ
– ករណីកៀប អាចលាប់ឡើងវិញគ្រប់ពេល
– ចៀសវាងការធ្វើចលនាណាមួយ បង្កឲ្យមានការលាប់ឡើងវិញ
– បើប្រទះផលវិបាកភ្លាមៗក្នុងពេលវះកាត់ ការវះដោយចោះនឹងប្ដូរទៅវះបើកធំតែម្តង។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
យើងគួរត្រៀមសំនួរជុំវិញការវះកាត់ ដើម្បីជាប្រយោជន៍ទៅថ្ងៃក្រោយ និងបានយល់ច្បាស់ពីស្ថានភាពជំងឺទៀតផង។ ជាទូទៅក្រោយវះកាត់រួច អាចត្រលប់ទៅផ្ទះភ្លាមៗ។
៥- មានអ្វីខ្លះកើតឡើងពេលកំពុងវះ?
វះកាត់តម្រូវឲ្យចាក់ថ្នាំស្ពឹក ដើម្បីបន្ថយអាការៈឈឺចាប់ និងចំណាយពេលប្រមាណ ២០ នាទី ដោយគ្រូពេទ្យនឹងធ្វើការវះស្បែកបើកផ្លូវទៅរកមើលសរសៃកៀបនោះ ធ្វើការកែកុនសម្រួល ដោយកាត់ចេញសរសៃពួរណាបង្កបញ្ហាជាការស្រេច។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយពេលវះកាត់?
ត្រឡប់ទៅផ្ទះ ត្រូវដាក់កល់កដៃឲ្យខ្ពស់ និងព្យាយាមកម្រើកផង ដើម្បីការពារកុំឲ្យរឹងសន្លាក់។ កដៃយើង នឹងត្រឡប់មកធម្មតាវិញនៅក្នុងរយៈពេល ២ ខែ។ អាចប្រើថ្នាំបំបាត់ការឈឺចាប់ក្នុងករណីឈឺពិបាកទ្រាំ។ ម្យ៉ាងទៀត គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញសរសៃ ដើម្បីរកវិធីធ្វើចលនាណា ជួយឲ្យឆាប់ជាសះស្បើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]