ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង?
ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង ជាភាសាបច្ចេកទេសហៅថា Epidural Anaesthetic ជាការចាក់ថ្នាំស្ពឹក និងថ្នាំបំបាត់ការឈឺចាប់ចូលឆ្អឹងខ្នង ត្រង់តំបន់មួយ មានឈ្មោះថា Epidural Space ស្ថិតនៅជិតខួរឆ្អឹង។ ការធ្វើបែបនេះ នឹងជួយស្ពឹកសរសៃប្រសាទ ដើម្បីបន្ថយការឈឺចាប់នៅតំបន់មួយចំនួននៃរាងកាយ។ គេអាចប្រើវិធីនេះតែឯង នៅពេលយើងដឹងខ្លួនធម្មតា ឬបូកផ្សំជាមួយថ្នាំសន្លប់ផ្សេងទៀត។ វិធីចាក់ថ្នាំស្ពឹកនេះ អាចប្រើក្រោយពេលវះកាត់ ដើម្បីបន្ថយការឈឺចាប់។ ការចាក់ថ្នាំក្នុងតំបន់ Epidural ត្រូវការកម្រិតថ្នាំខ្ពស់ ឬកម្រិតទាប តែចាក់ចូលបន្តបន្ទាប់។
២- ហេតុអ្វីត្រូវចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង?
ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង ឬចាក់ក្នុងស្រទាប់ Epidural នៃឆ្អឹងខ្នង អាចបន្ថយការឈឺចាប់ ចំពោះករណីដូចខាងក្រោម៖
– អំឡុងពេលសម្រាលកូន
– ក្រោយពេលវះកាត់ដែលបានប្រើថ្នាំសណ្ដំអំឡុងពេលវះកាត់។
ការចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង ត្រូវពេទ្យប្រើច្រើនឆ្នាំមកហើយ និងចាត់ទុកជាវិធីមានប្រសិទ្ធិភាពមួយ ជួយបន្ថយការឈឺចាប់ក្រោយពេលវះកាត់ និងអំឡុងពេលសម្រាលកូន។ ទោះជាយ៉ាងណា មុននឹងសម្រេចចិត្តចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង យើងត្រូវដឹងពីគ្រោះថ្នាក់អាចកើតឡើង ដោយសារបច្ចេកទេសនៃការចាក់ថ្នាំ។ វិធីចាក់ថ្នាំស្ពឹកនេះ អាចបណ្ដាលឲ្យយមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំនួន ២ ដូចជា៖
– ចាក់ចំស្រោមខួរឆ្អឹង (Dura) ដែលជាស្រទាប់ក្រៅបំផុតនៃខួរឆ្អឹង និងខួរក្បាល (កើតមាន ១/១០០ ករណី)
– ដាច់សរសៃប្រសាទ (ករណីកម្រ)។
កត្តាប្រឈម
៣- កត្តាប្រឈមពីការចាប់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នងមានអ្វីខ្លះ?
ចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង (Epidural Anaesthetic) ធ្វើឲ្យយើងប្រឈមបញ្ហាសុខភាពមួយចំនួនដូចជា៖
– អត់មានប្រសិទ្ធិភាព
– សម្ពាធឈាមធ្លាក់ចុះ
– ឈឺក្បាល
– ពិបាកដកដង្ហើម
– រមាស់
– ពិបាកនោម
– ខ្សោយជើង
– ឈឺខ្នង
– ប្រកាច់
– ឆ្លងរោគនៅម្ដុំឆ្អឹងខ្នង
– ខ្សោយសរសៃឈាម និងបេះដូង
– ឈាមកកនៅម្ដុំឆ្អឹងខ្នង
– ប៉ះពាល់សរសៃប្រសាទ
– ដៃ ឬជើងកម្រើកលែងបាន ឬអាចធ្ងន់ធ្ងរដល់ស្លាប់។
ត្រូវយល់ពីកត្តាប្រឈមទាំងឡាយអាចកើតមានមុនពេលចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង។ បើមានចម្ងល់ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានលម្អិត។
ដំណើរការវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង?
គ្រូពេទ្យខាងថ្នាំសណ្ដំ នឹងសួរនាំយើងពីស្ថានភាពសុខភាពមួយចំនួន ដូច្នេះបើមានជំងឺប្រចាំកាយ ឬបញ្ហាសុខភាពណាមួយ ត្រូវប្រាប់គ្រូពេទ្យឲ្យបានដឹង មុនពេលចាប់ផ្តើមវិធីចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង ។
៥- មានអ្វីកើតអំឡុងពេលចាក់ថ្នាំស្ពឹក?
គ្រូពេទ្យថ្នាំសណ្ដំ នឹងចាក់ម្ជុលត្រង់ឆ្អឹងខ្នង ចូលទៅដល់ស្រទាប់ Epidural។ បន្ទាប់មក គ្រូពេទ្យនឹងបាញ់ថ្នាំស្ពឹកតាមម្ជុលនោះចូលទៅក្នុងឆ្អឹង។ នៅពេលចាក់រួចហើយ គ្រូពេទ្យនឹងរង់ចាំមើលប្រសិទ្ធិភាពថ្នាំស្ពឹក ដែលប្រសិទ្ធិភាពថ្នាំអាស្រ័យលើប្រភេទ និងបរិមាណថ្នាំដែលប្រើ។ បើមានក្តីបារម្ភណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
ថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង?
– ក្រោយចាក់ថ្នាំស្ពឹកក្រៅខួរឆ្អឹងខ្នង យើងត្រូវដេក ឬអង្គុយ រហូតទាល់តែជើងលែងស្ពឹក។ ធ្វើបែបនេះ ២-៣ ម៉ោង ហើយអាចនឹងមានអារម្មណ៍ថា ជើងមានអ្វីវារនៅលើស្បែក នៅពេលជាតិថ្នាំស្ពឹកចាប់ផ្ដើមអស់។
– ប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិកា បើមានការឈឺចាប់ ដើម្បីគ្រូពេទ្យអាចឲ្យថ្នាំបំបាត់ការឈឺចាប់មកយើង។
– ក្រោយពេលចាក់ថ្នាំស្ពឹក យើងនៅតែអាចបំបៅដោះកូនបានធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]