ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការវះកាត់កែស្រុតស្បូនផ្នែកខាងមុខ?
ការវះកាត់កែស្រុតស្បូនផ្នែកខាងមុខ ជាការវះកាត់ធំមួយ ធ្វើឡើងនៅពេលការព្យាបាលធម្មតាត្រូវបរាជ័យ។ វះកាត់កែតម្រូវ គឺដើម្បីទ្រប្លោកនោម និងកុំឲ្យមានដុំលូនចូលក្នុងទ្វារមាសទៀត។
ដុំលូនក្នុងទ្វារមាស ឬបញ្ហាស្រុតស្បូនផ្នែកខាងមុខ បណ្តាលមកពីប្លោកនោមធ្លាក់ចុះមកក្រោម ដោយសារជាលិកាទម្រខាងក្រោមចុះខ្សោយ អាចធ្វើឲ្យយើងមានអារម្មណ៍ថា “មានអ្វីធ្លាក់ចុះមក’ ចេះតែចង់បតជើងតូច នោមមិនអស់ជាដើម។ បញ្ហាស្រុតស្បូនផ្នែកខាងមុខ ក៏ធ្វើឲ្យយើងមានអារម្មណ៍មិនសូវល្អពេលរួមភេទ និងពិបាកដាក់សម្លីអនាម័យក្នុងទ្វារមាស (Tampon – សម្លីអនាម័យទំនើប)។
បញ្ហានេះច្រើនបណ្តាលមកពីការសម្រាលកូន តែពេលខ្លះស្រីៗមិនដែលសម្រាលកូន ក៏មានបញ្ហាដូចគ្នានេះដែរ ហើយយើងអាចនឹងការធ្លាក់ស្រុតស្បូន ច្រើនជាងមួយប្រភេទក្នុងពេលតែមួយ។
២- ហេតុអីត្រូវធ្វើការវះកាត់កែបញ្ហាស្រុតស្បូន?
វះកាត់កែបញ្ហាស្រុតស្បូន ត្រូវធ្វើនៅពេលស្បូនស្រុត ក្នុងគោលបំណងបន្តឹងជាលិកាទម្ររបស់ប្លោកនោម និងកាត់ដុំលូនចូលក្នុងទ្វារមាសចេញ។
កត្ដាប្រឈម
៣- វះកាត់កែបញ្ហាស្រុតស្បូនមានកត្តាប្រឈមអ្វីខ្លះ?
មិនខុសពីការវះកាត់ផ្សេង វះកាត់ប្រភេទនេះ មានកត្តាប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដូចគ្នា។ សូមពិគ្រោះជាមួយគ្រូពេទ្យផ្នែករោគស្ត្រី មុនសម្រេចចិត្តវះកាត់ ខណៈកត្តាប្រឈមឧស្សាហ៍កើតមានដូចជា៖
– បត់ជើងតូចដោយមិនដឹងខ្លួន
– មានការបង្ករោគនៅនឹងផ្លូវទឹកនោម
– ពិបាកបត់ជើងតូច
– មានដុំកំណកឈាម
– មានរបួសលើប្លោកនោម
មានជម្រើសផ្សេងក្នុងការព្យាបាល ដោយករណីជំងឺស្ថិតក្នុងកម្រិតស្រាល គ្រូពេទ្យនឹងណែនាំការព្យាបាលងាយៗ ដូចជា ហាត់សាច់ដុំទម្រខាងក្រោម ឬដាក់កងក្នុងទ្វារមាស មុននឹងធ្វើការវះកាត់កែបញ្ហាស្រុតស្បូតនេះ។ ក៏មានការវះកាត់ដោយដាក់សំណាញ់ (Mesh) ដើម្បីទ្រផ្នែកខាងក្រោមផងដែរ។
រឿងចាំបាច់បំផុត ត្រូវគួរយល់ដឹងពីកត្តាប្រឈម និងផលលំបាកមុនពេលវះកាត់។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានលម្អិត។
ស្វែងយល់មុនពេលវះកាត់
៤- គួរត្រៀមខ្លួនបែបណាវះកាត់?
គ្រូពេទ្យរោគស្រ្តីនឹងពន្យល់ពីការត្រៀមខ្លួនមុនវះកាត់ដល់យើងជាមុន។ យើងអាចនឹងសម្រាកពេទ្យ ២ថ្ងៃ អាស្រ័យប្រភេទវះកាត់ និងដំណើរសះស្បើយរបស់របួស។
យើងក៏ទទួលបានការណែនាំមុនការវះកាត់ ដូចជា ការញ៉ាំអាហារដែលជាទូទៅ ត្រូវតមអាហារប្រហែល ៦ ម៉ោងមុនពេលវះកាត់ តែនៅអាចផឹកទឹក ឬកាហ្វេបានរហូត ២-៣ ម៉ោងមុនដល់ពេលវះកាត់។
៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?
ការវះកាត់នេះត្រូវដាក់ថ្នាំសន្លប់ និងចំណាយពេលប្រហែល ៣០នាទី។ គ្រូពេទ្យនឹងកាត់ទ្វារមាសផ្នែកខាងមុខ ដើម្បីរុញប្លោកនោម និងបង្ហួរនោមចូលទៅក្នុងអាងត្រគាកវិញ ហើយដេរជាលិកាទម្រ ពង្រឹងឲ្យរឹងមាំ ដើម្បីទ្រប្លោកនោម និងបង្ហួរនោមដូចដើម។ ជាមួយគ្នានេះដែរ ក្នុងដំណើរការវះកាត់ ជញ្ជាំងទ្វារមាសអាចនឹងត្រូវកាត់ចេញខ្លះ។
បើមានចម្ងល់ ឬកង្វល់ណាមួយ សូមទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការបកស្រាយ និងព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
វិធីថែទាំ
៦- ក្រោយពេលវះកាត់គួរធ្វើម៉េច?
ក្រោយពេលវះកាត់កែបញ្ហាស្រុតស្បូនផ្នែកខាងមុខ អាចមានការហូរឈាមតិចតួច ឬធ្លាក់សតាមទ្វារមាស។ ប្រាប់គ្រូពេទ្យ បើសិនបញ្ហាទាំងនេះមានច្រើន ឬមិនបាត់ទៅវិញនោះ។
ជាធម្មតា យើងអាចត្រឡប់ទៅផ្ទះវិញក្រោយការវះកាត់ ២-៣ ថ្ងៃ។ ត្រូវសម្រាកនៅផ្ទះ ២សប្តាហ៍ និងហាត់ប្រាណតាមគ្រូពេទ្យបានណែនាំ ហើយអ្វីយើងត្រូវធ្វើផ្សេងៗក្រោយវះកាត់មានដូចជា៖
– ហាមរួមភេទរយៈពេល ៦ សប្តាហ៍ដំបូង ឬយ៉ាងហោចណាស់ចាំដល់លែងមានការហូរឈាម ឬការធ្លាក់ស។
– មិនត្រូវឈរយូរ ឬលើករបស់ធ្ងន់ឡើយ។ គ្រូពេទ្យនឹងប្រាប់ថាពេលណា យើងអាចធ្វើការបានវិញ។
– ការហាត់ប្រាណ អាចជួយឲ្យយើងឆាប់ត្រឡប់ទៅធ្វើការងារបានដូចធម្មតាវិញ។ មុនហាត់ប្រាណ គួរតែសុំយោបល់ពីគ្រូពេទ្យជាមុន។
– បន្តហាត់ប្រាណសាច់ដុំទម្រអាងត្រគាកខាងក្រោម ព្រោះជួយការពារបញ្ហាលាប់ឡើងវិញអាការៈស្រុតស្បូននេះ និងអាការៈបត់ជើងតូចដោយមិនដឹងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]