ឆ្លងមេរោគចូលក្នុងឈាម ជាភាសាបច្ចេកទេស (Septicemia) អាចហៅបានថា Bacteremia (បាក់តេរីក្នុងឈាម) ឬ blood poisoning (ពុលឈាម) ដោយសម្ដៅលើការឆ្លងបាក់តេរីតាមរយៈសួត ឬស្បែក ហើយបាក់តេរីទាំងនោះ បន្តជ្រាបចូលទៅក្នុងចរន្តឈាម។ នេះជាករណីគ្រោះថ្នាក់ ព្រោះបាក់តេរី និងជាតិពុលរបស់វា អាចធ្វើដំណើរនៅក្នុងឈាម ហើយសាយភាយទៅគ្រប់កន្លែងក្នុងរាងកាយទាំងមូល។
ជំងឺឆ្លងមេរោគក្នុងឈាមនេះ អាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗ ដូច្នេះត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បើមិនបានព្យាបាលទាន់ពេលទេ នឹងបង្កផលវិបាកបង្កទៅជាការឆ្លងមេរោគពេញរាងកាយ ហៅថាជំងឺ Sepsis។
ជំងឺ Sepsis និងឆ្លងមេរោគក្នុងឈាម មិនដូចគ្នាទេ ព្រោះ Sepsis គឺជាជំងឺស្មុគស្មាញជាងឆ្លងមេរោគក្នុងឈាម ដោយសារជំងឺនេះ អាចធ្វើឲ្យឈាមកកក្នុងសរសៃឈាម នាំឲ្យស្ទះអុកស៊ីសែនរត់ទៅចិញ្ចឹមសរីរាង្គផ្សេងៗ ជាហេតុធ្វើឲ្យចុះខ្សោយ និងខូចសរីរាង្គទាំងនោះ។ នៅពេលមានជំងឺ Sepsis សម្ពាធឈាមចុះទាបខ្លាំង (septic shock) ជាករណីធ្ងន់ធ្ងរដែលធ្វើឱ្យស្លាប់បាន។
ចំពោះរោគសញ្ញាដំបូងៗនៃការឆ្លងរោគនេះ មានដូចជា ក្ដៅខ្លួនខ្លាំង ញាក់ ខ្សោយកម្លាំង និងបែកញើសជោក និងសម្ពាធឈាមចុះទាប។ ករណីមិនបានព្យាបាលត្រឹមត្រូវ នឹងមានរោគសញ្ញាធ្ងន់ធ្ងរជាច្រើនទៀតចាប់ផ្ដើមលេចឡើង ដូចជា៖
– វង្វេង ឬគិតអីមិនចេញ
– ចង្អោរ ក្អួត
– អុជក្រហមលើស្បែក
– ទឹកនោមតិច
– លំហូរឈាមរត់មិនគ្រប់គ្រាន់ (Shock)
បើយើង ឬនរណាម្នាក់មានរោគសញ្ញាឆ្លងមេរោគក្នុងឈាម ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ មិនត្រូវយឺតយ៉ាវ ឬសាកព្យាបាលដោយខ្លួនឯងនៅផ្ទះនោះទេ។ ក្រៅពីអ្វីបានរៀបរាប់ខាងលើ អាចនៅមានរោគសញ្ញាមួយចំនួនផ្សេងទៀតដែរ។ បើយើងមានក្តីបារម្ភអំពីរោគសញ្ញាណាមួយនោះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
ចំពោះមូលមូលហេតុបង្កដែលច្រើននាំឲ្យកើតជំងឺឆ្លងមេរោគក្នុងឈាម ឧស្សាហ៍ជួបប្រទះ មានដូចជា៖
– រលាកប្រព័ន្ធទឹកមូត្រ
– រលាកសួត
– រលាកតម្រងនោម
– រលាកតំបន់ពោះ
បាក់តេរីចម្លងទាំងនេះ អាចចូលទៅក្នុងចរន្តឈាម និងបំបែកខ្លួនយ៉ាងរហ័ស ដើម្បីបង្កជារោគសញ្ញាភ្លាមៗ។
[embed-health-tool-vaccination-tool]