កូនកណ្តុរ ឬក្រពេញទឹករងៃគឺជាក្រពេញតូចប៉ុនគ្រាប់សណ្តែក ហើយក្រពេញនេះមានពាសពេញរាងកាយរបស់មនុស្សយើង។ នៅពេលដែលប្រព័ន្ធការពាររាងកាយក្មេងៗមិនអាចទប់ទល់នឹងការឆ្លងមេរោគពីខាងក្រៅ កូនកណ្តុរអាចចាប់បាក់តេរី វីរុស ឬកោសិកាមិនប្រក្រតីទាំងនោះទុក ដែលជាហេតុបណ្តាលឱ្យហើមកូនកណ្តុរ ។ តើក្មេងៗហើមកូនកណ្តុរដោយសារមូលហេតុអ្វីខ្លះ?
ជាធម្មតាកូនកណ្តុរនឹងហើមនៅជិតកន្លែងដែលមានការបង្ករោគ។ ឧទាហរណ៍ ទារកដែលមានមេរោគលើស្បែកក្បាលអាចហើមកូនកណ្តុរនៅខាងក្រោយក។ អូនតូចដែលហើមកូនកណ្តុរនៅជុំវិញថ្គាមអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងធ្មេញ ឬមាត់។ ក្មេងៗហើមកូនកណ្តុរអាចបណ្តាលមកពី៖
- ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា គ្រុនផ្តាសាយ
- ការឆ្លងបាក់តេរីដូចជា រលាកបំពង់ក ឬការឆ្លងមេរោគក្នុងត្រចៀក
- ការឆ្លងវីរុសដូចជា ជំងឺ mononucleosis អុតស្វាយ ឬកញ្រ្ជិល
- ជំងឺកម្រមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ
- មហារីក តែកម្រណាស់
ចង់ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ
ជាទូទៅគ្រូពេទ្យនឹងព្យាបាលការហើមកូនកណ្តុរតាមប្រភេទជំងឺ ឬការបង្ករោគ។ កូនកណ្តុរនឹងវិលត្រឡប់មកទំហំធម្មតាវិញ បន្ទាប់ពីជាពីជំងឺ ឬការបង្ករោគណាមួយ។ យ៉ាងណាមិញគ្រូពេទ្យនឹងធ្វើការពិនិត្យឱ្យអូនតូចបន្ថែមទៀត ប្រសិនបើ៖
- កូនកណ្តុរហើមធំជាង ២,៥ សង់ទីម៉ែត្រ
- បន្ទាប់ពីការព្យាបាលហើយ អូនតូចនៅតែហើមកូនកណ្តុរ
- កូនកណ្តុរដែលហើមឡើងរឹង គ្មានការឈឺចាប់ និងស្ថិតជាប់នៅមួយកន្លែង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ ឬបែកញើសពេលយប់
- ហើមកូនកណ្តុរពេញរាងកាយ
ប្រសិនបើអូនតូចមានរបួស ប៉ាម៉ាក់អាចការពារអូនតូចមិនឱ្យហើមកូនកណ្តុរដោយសម្អាតរបួសរបស់អូនតូចឱ្យបានត្រឹមត្រូវ និងត្រូវឱ្យអូនតូចញុំាថ្នាំផ្សះតាមវេជ្ជបញ្ជា ប្រសិនបើរបួសនោះធ្ងន់ធ្ងរ និងមានការអនុញ្ញាតិពីគ្រូពេទ្យ។
[embed-health-tool-vaccination-tool]