និយមន័យ
១- អ្វីជាជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម?
ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម សំដៅលើការបែកគ្រាប់ឈាម ដោយសារប្រព័ន្ធការពាររាងកាយ ទៅបំផ្លាញកោសិកាគ្រាប់ឈាមក្រហមខ្លួនឯង។ កត្តាពីខាងក្រៅ (Extrinsic) ដែលធ្វើឲ្យអណ្តើកចាប់យក និងបំផ្លាញកោសិកាគ្រាប់ឈាមក្រហមមានសុខភាពល្អ ដោយកត្តាទាំងនោះមានដូចជា៖
– ឆ្លងរោគ
– មានដុំសាច់
– ជំងឺប្រព័ន្ធការពារទៅបំផ្លាញខ្លួនឯង
– ផលរំខានដោយសារថ្នាំ
– មហារីកគ្រាប់ឈាមស
– មហារីកកូនកណ្តុរ
កត្តាពីខាងក្នុង (Intrinsic) គឺជាតំណពូជ ក៏អាចបង្កឲ្យមានជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហមដូចគ្នា ដែលជំងឺតំណពូជ អាចមានដូចជា ជំងឺស្លេកស្លាំងដោយសារគ្រាប់ឈាមក្រហមរាងដូចកណ្តៀវ (Sickle cell anemia) ឬជំងឺតាលាសឺមៀ (Thalassemia)។
២- ជំងឺនេះកើតឡើងញឹកញាប់ដែរទេ?
ជំងឺគ្រាប់ឈាមក្រហមប្រភេទនេះ ច្រើនកើតលើជនជាតិអាមេរិកស្បែកខ្មៅ ជនជាតិអាស៊ី និងអឺរ៉ុបស្បែកស ហើយអាចកើតលើមនុស្សគ្រប់វ័យ។ តែយើងអាចគ្រប់គ្រង និងកាត់បន្ថយកត្តាប្រឈមបាន។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣‑ រោគសញ្ញាមានអ្វីខ្លះ?
ដោយសារជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម បង្កដោយមូលហេតុខុសៗគ្នាច្រើន ដូចនេះគ្នាយើងមានជំងឺ អាចនឹងមានរោគសញ្ញាខុសៗ។ តែក៏មានរោគសញ្ញាប្រហាក់ប្រហែលគ្នាមួយចំនួន ដោយរោគសញ្ញា គឺស្រដៀងជំងឺស្លេកស្លាំងផ្សេងៗទៀតដូចជា៖
– រោគសញ្ញាចម្បង៖
- អស់កម្លាំង ខ្សោយ ឬធ្វើអ្វីមិនបានច្រើនដូចមុន
- ស្បែកស្លេកស្លាំង
- ក្តៅខ្លួន
- វង្វេងវង្វាន់
- វិលមុខ
- ឈឺក្បាល។
– រោគសញ្ញាកម្រ៖
- ទឹកនោមខ្មៅ ឬពណ៌ស្រអាប់ខ្លាំង
- ភ្នែក និងស្បែកឡើងលឿង
- បេះដូងមានសំឡេងខុសប្រក្រតី
- បេះដូងលោតញាប់
- អណ្តើករីកធំ
- ថ្លើមរីកធំ។
ជំងឺនេះ អាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់នៅខាងលើ។ បើបារម្ភពីរោគសញ្ញាណាមួយនោះ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤‑ ពេលណាត្រូវទៅជួបពេទ្យ?
បើសិនជាមានសញ្ញាណាមួយ ដូចបានរៀបរាប់ខាងលើ ឬមានសំណួរពាក់ព័ន្ធរោគសញ្ញា សូមប្រឹក្សាជាមួយគ្រូពេទ្យ។ រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
មូលហេតុបង្ក
៥‑ មូលហេតុអ្វីខ្លះបង្កជាជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម?
ខួរឆ្អឹងខ្នង ជាកន្លែងផលិតគ្រាប់ឈាមគ្រប់ប្រភេទ រួមទាំងគ្រាប់ឈាមក្រហមផងដែរ។ ជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម កើតមានឡើងដោយសារខួរឆ្អឹងខ្នង មិនអាចផលិតគ្រាប់ឈាមជំនួសគ្រាប់ឈាមក្រហមដែលបែកបាន។ មូលហេតុធ្វើឲ្យបែកគ្រាប់ឈាមរួមមាន៖
– ជំងឺប្រព័ន្ធការពារប្រឆាំងខ្លួនឯង ដោយទៅបំផ្លាញកោសិកាឈាមក្រហម ព្រោះយល់ខុសថាគ្រាប់ឈាមក្រហមជាមកពីខាងក្រៅ។
– ជំងឺតំណពូជ ប៉ះពាល់ដល់កោសិកាឈាមក្រហម ដូចជា ជំងឺស្លេកស្លាំងដោយសារកោសិកាឈាមក្រហមមានរាងដូចកណ្តៀវ (sickle cell anemia) និងជំងឺតាលាសឺមៀ (Thalassemia)
– ប៉ះពាល់ជាមួយសារធាតុគីមីពុល ថ្នាំ និងសារធាតុពុលនានា
– ឆ្លងរោគ
– កំណកឈាមក្នុងសរសៃឈាមតូចៗ
– បញ្ចូលឈាមមិនត្រូវគ្នា (ខុសប្រភេទឈាម)។
កត្តាប្រឈម
៦‑ កត្តាអ្វីខ្លះនាំឲ្យប្រឈមជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាម?
មានកត្តាប្រឈមជាច្រើន បណ្តាលឲ្យយើងកើតជំងឺនេះ ដូចជា៖
– អណ្តើករីកធំ
– រលាកថ្លើម
– ឆ្លងមេរោគ Epstein-Barr virus
– ជំងឺគ្រុនពោះវៀន
– សារធាតុពុលរបស់ E. coli
– មហារីកគ្រាប់ឈាមស
– មហារីកកូនកណ្តុរ
– មានដុំសាច់
– ជំងឺ Lupus
– ជំងឺ Wiskott-Aldrich syndrome
– ជំងឺ HELLP syndrome
ក៏មានថ្នាំមួយទៀត អាចបង្កឲ្យយើងកើតជំងឺនេះ ដូចជា ថ្នាំ Acetaminophen (Tylenol) ថ្នាំអង់ទីប្យូទិក (Penicillin, Ampicillin, Methicillin) ថ្នាំ Chlorpromazine (Thorazine) ថ្នាំ Ibuprofen (Advil, Motrin IB) ថ្នាំ Interferon alfa ថ្នាំ Procainamide, Quinine, Rifampin (Rifadin)។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺស្លេកស្លាំង Fanconi (Fanconi Anemia)
- ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក (Folate Deficiency Anemia)
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យ អាស្រ័យលើការប្រវត្តិជំងឺ រោគសញ្ញា ពិនិត្យរាង្គកាយ ដោយគ្រូពេទ្យ នឹងពិនិត្យរកមើលភាពស្លេកស្លាំង ឬស្បែកឡើងលើង។ ពេទ្យក៏អាចស្ទាបពោះមើល តើមានឈឺ ឬអត់ ដែលជាសញ្ញាបង្ហាញថា យើងមានថ្លើមរីកធំ ឬអណ្តើករីកធំ។ ជាមួយគ្នានេះ គ្រូពេទ្យអាចនឹងស្នើសុំពិនិត្យឈាមមួយចំនួនដូចជា៖
– តេស្ត Bilirubin៖ ដើម្បីដឹងពីកម្រិតគ្រាប់ឈាមក្រហមដែលបែក។
– តេស្តហេម៉ូក្លូប៊ីន៖ ដើម្បីដឹងពីកម្រិតគ្រាប់ឈាមក្រហមក្នុងខ្លួន។
– តេស្តមុខងារថ្លើម៖ ដើម្បីរកមើលពីការរីកធំថ្លើម ឬអណ្តើក។
– តេស្តរាប់គ្រាប់ឈាម Reticulocyte៖ ដើម្បីដឹងពីចំនួនគ្រាប់ឈាមក្រហមបានផលិតថ្មី។
បើសិនជាគ្រូពេទ្យគិតថា ជំងឺយើងបង្កមកពីកត្តាខាងក្នុង (Intrinsic anemia) ពេទ្យនឹងយកគ្រាប់ឈាមទៅមើលក្នុងមីក្រូទស្សន៍ ដើម្បីដឹងពីរូបរាង និងទំហំរបស់វា។ មានតេស្តផ្សេងៗទៀត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហម ដូចជា តេស្តទឹកនោម (រកមើលឈាមក្នុងទឹកនោម) និងច្រឹបខួរឆ្អឹងទៅពិនិត្យ។
៨‑ ព្យាបាលដោយវិធីណា?
ការព្យាបាល អាស្រ័យទៅលើមូលហេតុ ភាពធ្ងន់ធ្ងរ អាយុ ស្ថានភាពសុខភាព និងភាពធន់ទ្រាំនឹងថ្នាំចំពោះគ្នាយើងម្នាក់ៗ។ វិធីព្យាបាលជំងឺស្លេកស្លាំងដោយសារបែកគ្រប់ឈាមក្រហម ជាទូទៅមានដូចជា៖
– បញ្ចូលឈាម៖ ដើម្បីបង្កើនចំនួនគ្រាប់ឈាមក្រហមឲ្យបានរហ័សទៅក្នុងឈាមវិញ។
– IVIG៖ ជាវិធីព្យាបាលដោយការបញ្ចូល Immunoglobulin តាមសរសៃវែន ទៅក្នុងចរន្តឈាម ដើម្បីបន្ថយសកម្មភាពរបស់ប្រព័ន្ធការពារក្នុងខ្លួន នៅពេលវាជាមូលហេតុធ្វើបែកគ្រាប់ឈាម។ គ្រូពេទ្យ នឹងឲ្យថ្នាំប្រឆាំងប្រព័ន្ធការពារឲ្យយើងប្រើផងដែរ។
– ថ្នាំ Corticosteroids៖ បើសិនជាការបែកគ្រាប់ឈាមបណ្តាលមកពីប្រព័ន្ធការពារខ្លួនឯងនោះ ប្រើប្រាស់ថ្នាំនេះ នឹងក្លាយជាជម្រើសក្នុងការព្យាបាល។
– វះកាត់៖ ក្នុងករណីធ្ងន់ធ្ងរ យើងនឹងត្រូវកាត់អណ្តើកចេញ ដោយសារវាជាកន្លែងកោសិកាឈាមក្រហមត្រូវបានបំផ្លាញ។ ដូចនេះពេលកាត់អណ្តើកចេញហើយ ការបែកគ្រាប់ឈាមក្រហមនឹងយឺតជាងមុន។ វិធីព្យាបាលនេះ ធ្វើឡើងក្នុងករណី ការប្រើប្រាស់ថ្នាំប្រឆាំងប្រព័ន្ធការពារ និងថ្នាំ Corticosteroids មិនបានផល។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន។
[embed-health-tool-vaccination-tool]