និយមន័យ
១- អ្វីជាជំងឺលើសជាតិដែកក្នុងឈាម?
លើសជាតិដែកក្នុងឈាម នៅពេលរាងកាយស្រូបយកជាតិដែកច្រើនលើសកម្រិតពីអាហារយើងញ៉ាំ។ ជាតិដែកច្រើនលើសលុប និងស្តុកទុកក្នុងសរីរាង្គជា ពិសេសថ្លើម បេះដូង និងលំពែង។ មនុស្សភាគច្រើនគិតថា ជាតិដែកជាសារធាតុចាំបាច់ទ្រទ្រង់សរីរាង្គ មានច្រើនក្នុងខ្លួនច្បាស់ជាល្អ ប៉ុន្តែជាក់ស្តែង ផ្ទុកជាតិដែកច្រើនពេកអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត ពិសេសបង្កទៅជាជំងឺថ្លើម បេះដូង និងទឹកនោមផ្អែមទៀតផង។
ប្រភេទជំងឺតែងប្រទះញឹកញាប់បំផុត លើសជាតិដែកតពូជ (Primary Hemochromatosis)។ ករណីខ្លះយើងអាចកើតជំងឺនេះ ដោយសារការបញ្ចូលឈាមច្រើន បញ្ហាទាក់ទងនិងឈាម បញ្ហាថ្លើម និងញៀនស្រា ហៅថា Secondary Hemochromatosis។
កត្តាហ្សែនជាមូលហេតុចម្បងបង្កជាជំងឺនេះ ប៉ុន្តែភាគតិចណាស់កើតជំងឺលើសជាតិដែកក្នុងឈាមដោយសារហ្សែន អាចវិវត្តទៅជាធ្ងន់ធ្ងរ ខណៈរោគសញ្ញាជំងឺលើសជាតិដែកក្នុងឈាមតំណពូជ តែងលេចឡើងនៅវ័យកណ្តាល។
២- កើតឡើងញឹកញាប់ដែរទេ?
ពិតណាស់ គឺកើតមានញឹកញាប់ ភាគច្រើនកើតលើប្រុសៗ ព្រោះផ្ទុកជាតិដែកច្រើនជាងស្រីៗ ដោយសារស្រីៗតែងបញ្ចេញជាតិដែកមួយចំនួនតាមឈាមរដូវ និងពេលមានផ្ទៃពោះ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាមិនបញ្ចេញឲ្យយើងដឹងទេ រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើយើងមានជំងឺនេះតំណពូជ។ ពេលជាតិដែកឡើងដល់កម្រិត ទើបរោគសញ្ញាបញ្ចេញឲ្យយើងដឹង។
ជាទូទៅរោគសញ្ញាលេចចេញលឿនមាន៖
– ឈឺសន្លាក់
– ឈឺពោះ
– ហត់
– ខ្សោយកំលាំង
រោគសញ្ញាលេចចេញយឺតមាន៖
– ទឹកនោមផ្អែម
– បាត់ចំណង់ផ្លូវភេទ
– លិង្គខ្សោយ
– ខ្សោយបេះដូង
– ខ្សោយថ្លើម
នៅមានសញ្ញាខ្លះមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់រោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
ប្រសិនបើមានរោគសញ្ញាដូចខាងលើ ឬសំណួរគប្បីពិភាក្សាជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានរោគសញ្ញាផ្សេងគ្នា គប្បីទៅពិគ្រោះជាមួយគ្រូពេទ្យពីអ្វីដែលល្អសម្រាប់ស្ថានភាពរបស់អ្នក។ បើមានសមាជិកគ្រួសារកើតជំងឺនេះ ប្រញាប់ធ្វើតេស្តហ្សែន ដើម្បីកាត់បន្ថយការប្រឈមទាន់ពេលវេលា។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
កត្តាហ្សែនឈ្មោះ HFE ជាមូលហេតុញឹកញាប់ជាងគេបង្កជំងឺនេះ គ្នាយើងអាចទទួលបានហ្សែន HFE ពីប៉ា ឬក៏ម៉ាក់ ហើយហ្សែន HFE អាចប្តូរទម្រង់ជាហ្សែនមិនប្រក្រតី ២ប្រភេទ មាន C282Y និង H63D។ តេស្តហ្សែនអាចបញ្ជាក់ថាយើងមានទម្រង់ហ្សែនទាំងពីរនេះ ឬអត់។
ក្នុងករណីយើងទទួលបានហ្សែនមិនប្រក្រតីទាំងពីរនេះ គឺអាចវិវត្តទៅជាជំងឺលើសជាតិដែកក្នុងឈាម នឹងបន្តហ្សែនទាំងនេះនេះទៅដល់កូនទៀតផង។ យ៉ាងណា មិនមែនគ្រប់គ្នាទទួលបានហ្សែនពីរ សុទ្ធតែមានជំងឺលើសជាតិដែកក្នុងឈាមនោះដែរ។
ករណីមួយទៀត បើយើងទទួលបានហ្សែនមិនប្រក្រតីតែមួយ ជំងឺក៏មិនអាចកើតឡើងដូចគ្នា។ ប៉ុន្តែយើងអាចនៅផ្ទុកហ្សែននេះក្នុងខ្លួន និងបន្តទៅកូនចៅបាន ហើយកូនយើងក៏មិនវិវត្តទៅជាជំងឺនោះដូចគ្នា លុះត្រាតែទទួលបានហ្សែនមិនប្រក្រតីមួយទៀត។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមមួយចំនួនដូចជា៖
– ទទួលហ្សែន HFE ទាំងពីរប្រភេទ ពីប៉ាម៉ា
– ប្រវត្តិគ្រួសារ (ប៉ាម៉ាក់) មានហ្សែនមិនប្រក្រតី
– ប្រុសៗ វ័យក្មេង ងាយវិវដ្តទៅជាជំងឺនេះជាងស្រីៗ
– ប្រជាជនអឺរ៉ុបខាងជើង ងាយមានជំងឺតំណពូជនេះ ជាងជាតិសាសន៍ផ្សេង។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ជាធម្មតាជំងឺតំណពូជពិបាកធ្វើរោគវិនិច្ឆ័យជាងជំងឺផ្សេងៗ ហើយវិធីចាំបាច់បំផុតដើម្បីដឹងថាយើងមានជំងឺលើសជាតិដែកក្នុងឈាម ឬក៏អត់ ត្រូវធ្វើតេស្តឈាម និងពិនិត្យសុខភាពជាគ្រួសារតែម្តង។
តេស្តឈាម
វិធីសាស្ត្រពិនិត្យមើលកម្រិតជាតិដែកក្នុងឈាមតាមរយៈតេស្តឈាមមាន ២ ប្រភេទ៖
– កំហាប់ Serum Transferrin Saturation៖ ជាតេស្តវាស់បរិមាណជាតិដែក ភ្ជាប់ជាមួយប្រូតេអ៊ីន (Transferrin) ដែលដឹកនាំជាតិដែកក្នុងឈាម។ កំហាប់ Transafrin លើសពី ៤៥ភាគរយ ចាត់ទុកថាជាតិដែកលើសកម្រិត។
– សេរ៉ូម Ferritin៖ ជាតេស្តវាស់បរិមាណជាតិដែកស្តុកទុកក្នុងថ្លើម ហើយបើលទ្ធផលកំហាប់សេរ៉ូម Transferrin ខ្ពស់ជាងធម្មតា គ្រូពេទ្យនឹងធ្វើតេស្តសេរ៉ូម Ferritin ដើម្បីឲ្យប្រាកដ។
នៅពេលតេស្តជាតិដែកបង្ហាញលទ្ធផលមិនប្រក្រតី យើងគួរធ្វើតេស្តហ្សែនបន្ថែម ដើម្បីបញ្ជាក់រោគវិនិច្ឆ័យ ព្រោះភាគច្រើនគ្នាយើងមានជំងឺនេះ សុទ្ធតែមានហ្សែនមិនប្រក្រតីទាំងពីរខាងលើ។
តេស្តបន្ថែម
– តេស្តមុខងារថ្លើម រកមើលការខូចខាតថ្លើម
– តេស្តអឹមរ៉ាយ (MRI) ជាវិធីសាស្ត្រលឿនមួយ អាចវាស់កម្រិតជាតិដែកលើសក្នុងថ្លើម។
– តេស្តហ្សែន
– ច្រឹបសាច់ថ្លើមយកទៅពិនិត្យ
៨- គួរព្យាបាលដោយវិធីណា?
– បូមឈាម ឬវះបើកសរសៃឈាម (Phlebotomy) ជាវិធីព្យាបាលគ្រូពេទ្យតែងអនុវត្តញឹកញាប់ជាងគេ ប្រៀបដូចជាការបរិច្ចាគឈាម និងត្រូវធ្វើជាប្រចាំ។
– វិធីព្យាបាល Chelation therapy ជាថ្នាំជួយរាងកាយបញ្ចេញជាតិដែកលើសចោលមកក្រៅវិញ។ វិធីនេះ ត្រូវប្រើទៅលើអ្នកជំងឺមិនអាចប្រើវិធីបូមឈាម ឬវះកាត់បើកសរសៃឈាមបាន (Phlbotomy)។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ចៀសវាងប្រើអាហារបំប៉ន និងវីតាមីនមានផ្ទុកជាតិដែក ពិសេសអាហារបំប៉នមានផ្ទុកជាតិដែកខ្ពស់ដូចជា វីតាមីន C ប៉ុន្តែពុំចាំបាច់តមវីតាមីន C មានក្នុងរបបអាហារយើងទេ។
– ចៀសវាងផឹកស្រា ព្រោះកាន់តែធ្វើឲ្យប្រឈមការខូចថ្លើម ពិសេសគ្នាយើងមានជំងឺតំណពូជលើសជាតិដែកក្នុងឈាមស្រាប់។
– ចៀសវាងញ៉ាំត្រីឆៅ និងសត្វមានសំបក។ គ្នាយើងមានជំងឺនេះតំណពូជងាយនឹងឆ្លងមេរោគណាស់ ពិសេសបាក់តេរីក្នុងសាច់ត្រីឆៅ និងសត្វសំបក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]