ទាំងអស់គ្នាប្រាកដជាដឹងហើយថាជាតិដែក មានក្នុងសាច់ បន្លែ ផ្លែឈើ មានប្រយោជន៍សម្រាប់គ្នាយើងមានបញ្ហាស្លេកស្លាំង ដោយសារខ្វះគោលិកាឈាមក្រហម តែយ៉ាងណា ការស្រាវជ្រាវថ្មីក៏បានបង្ហាញថា ការញ៉ាំជាតិដែកហួសកម្រិត បណ្តាលឲ្យកើតមានជំងឺមួយចំនួន។
ការស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យ South Australia ប្រទេសអូស្រ្តាលី ជាមួយនឹងមហាវិទ្យាល័យ Imperial College London នៃចក្រភពអង់គ្លេស រកឃើញពីគុណវិបត្តិ និងគុណសម្បត្តិរបស់ជាតិដែក។
ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវរកឃើញថា ជាតិដែកជួយប្រឆាំងជំងឺខ្វះឈាមក្រហម និងកាត់បន្ថយហានិភ័យកូលេស្តេរ៉ូលអាក្រក់ ប៉ុន្តែនៅក្នុងករណីស្រូបយកជាតិដែកច្រើនពេក បែរជាវិវត្តទៅរកជំងឺទឹកនោមផ្អែម រលាកស្បែក (ក្លាយដំបៅពេលរបួស) និងបង្កឲ្យមានបញ្ហាថ្លើមទៅវិញ។
លោកសាស្រ្តាចារ្យ Beben Beyamin អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ “ពួកយើងបានប្រើវិធីសាស្រ្តគណនាស្ថិតិជំងឺដែលមានទំនាក់ទំនងទៅលើសារធាតុនេះ ហើយកំពុងពិនិត្យលើករណីជំងឺប្រមាណ ៩០០ មុខទៀត ពាក់ព័ន្ធជាតិដែកនេះ”។
លោកសាស្រ្តាចារ្យបន្ថែមទៀតថា លទ្ធផលនេះពិតជាគួរឲ្យកត់សម្គាល់ថា ជាតិដែកអាចបង្កជាជំងឺដូចបានរៀបរាប់ខាងលើ។ យ៉ាងណា លោក និងក្រុមស្រាវជ្រាវ ក៏កំពុងបន្តការសិក្សាលើបញ្ហានេះ ដោយនឹងបន្តពិសោធនៅតាមគ្លីនិក។
ជាតិដែកមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ទាំងប្រុស ទាំងស្រី ពិសេសស្រីៗមានផ្ទៃពោះ និងបំបៅដោះកូន។
អត្ថបទពាក់ព័ន្ធ៖
ជាតិដែកសម្បូរនៅក្នុងប្រភពអាហារ ដូចជា សាច់គោ ថ្លើមមាន់ គ្រំ អយស្ទ័រ ត្រីសាឌីន សាច់មាន់ សាច់ជ្រូក ត្រីសាលម៉ុន ត្រីធូណា និងប្រភពបន្លែបៃតងមួយចំនួន។
[embed-health-tool-vaccination-tool]