ពេលខ្លះការឈឺត្រចៀកអាចធ្វើឲ្យយើងទ្រាំមិនបាន ឬពិបាកក្នុងការគេង ញ៉ាំ ឬធ្វើកិច្ចការផ្សេងៗ ជាពិសេសសម្រាប់ក្មេងៗ។ សម្រាប់អ្នកដែលមានអាការៈធ្ងន់ធ្ងរគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។ ការឈឺត្រចៀកនេះបង្កដោយសារមានទឹកក្នុងត្រចៀក ការបង្កដោយមេរោគ អាចម៍ត្រចៀក បញ្ហាមាត់ធ្មេញ ការឆ្លងមេរោគនៅតំបន់ sinus របស់ច្រមុះ ឬបំពង់ក និងការរងរបួសដោយសារការប្រែប្រួលនៃសម្ពាធជាដើម។ អត្ថបទនេះបង្ហាញពីវិធីងាយៗមួយចំនួនដែលអាចធ្វើនៅផ្ទះបានដើម្បីកាត់បន្ថយការឈឺចុកចាប់។
១. បន្ទះកម្តៅអេឡិចត្រូនិក
កម្ដៅដែលបានមកពីបន្ទះកម្ដៅអេឡិចត្រូនិកអាចជួយកាត់បន្ថយការរលាក និងការឈឺចាប់ក្នុងត្រចៀក។ ងាយៗដោយគ្រាន់តែដាក់បន្ទះកម្ដៅលើត្រចៀករយៈពេល២០នាទី ឬអាចយកបន្ទះកម្ដៅស្អំលើ ក និងបំពង់ក។ បន្ទះកម្តៅមិនគួរក្ដៅពេកទេ និងមិនគួរគេងលក់ជាមួយបន្ទះកម្ដៅនេះទេ។ សម្រាប់កុមារត្រូវមានមនុស្សធំតាមដានមើលនៅពេលប្រើបន្ទះកម្ដៅ។
២. ទឹកក
ទឹកកក៏អាចជួយបន្ថយការឈឺត្រចៀកបាន ដោយយកកន្សែងរុំទឹកកក ឬបន្ទះត្រជាក់រុំដោយក្រណាត់ស្ដើង និងយកស្អំនឹងត្រចៀក ឬក្រោមត្រចៀក២០នាទី។ សម្រាប់កូនតូច មិនគួរយកទឹកកកទៅស្អំផ្ទាល់នៅលើស្បែកផ្ទាល់ទេ។
៣. ម៉ាស្សា
ការម៉ាស្សាថ្នមៗអាចជួយបំបាត់ការឈឺត្រចៀកដែលបង្កដោយថ្គាម ឬធ្មេញ ឬក៏ការឈឺក្បាល។ យើងអាចម៉ាស្សាដោយចាប់ផ្តើមពីក្រោយត្រចៀកចុះមកក និងបន្តម៉ាស្សាទៅផ្នែកខាងមុខនៃត្រចៀក។ ការម៉ាស្សានេះអាចជួយទឹកក្នុងត្រចៀកចេញមក និងការពារកុំឲ្យអាការៈកាន់តែឈឺខ្លាំង។
៤. ខ្ទឹមស
ខ្ទឹមសមានសារធាតុប្រឆាំងបាត់តេរី ដូចនេះអាចជួយប្រឆាំងនឹងការឆ្លងរោគក្នុងត្រចៀកបាន។ យើងអាចយកខ្ទឹមសមួយ ឬពីរកំពឹសទៅបំបែក និងចម្អិនជាមួយប្រេងល្ងពីរស្លាបព្រាកាហ្វេរហូតដល់ប្រែទៅជាពណ៌ត្នោត រួចចម្រាញ់យកទឹកមកលាបនឹងរន្ធត្រចៀកខាងក្រៅ។ ដើម្បីបង្ការការឆ្លងមេរោគផ្សេងៗ ឬអាចញ៉ាំខ្ទឹមមួយកំពឹសរាល់ថ្ងៃ។ គួរបញ្ជាក់ដែរថា ខ្ទឹមសមិនអាចប្រើជំនួសថ្នាំពេទ្យបានទេ។
៥. ខ្ញី
ខ្ញីអាចជួយបំបាត់ការឈឺចាប់បានដោយគ្រាន់តែយកទឹកខ្ចីក្តៅឧណ្ហៗទៅលាបនៅរន្ធត្រចៀកខាងក្រៅ។ គួរបញ្ជាក់ដែរថា កុំបន្តក់ទឹកខ្ចីនេះចូលទៅក្នុងត្រចៀក។
អត្ថបទពាក់ព័ន្ធ៖ សម្រាប់អ្នកចូលចិត្តហឹរ កុំថាអត់ដឹង ខ្ញី ជួយអីខ្លះ
៦.ការគេង
យើងគួរយកចិត្តទុកដាក់ទៅលើឥរិយាបថនៃការគេងរបស់យើង ដោយសារឥរិយាបថខ្លះអាចធ្វើត្រចៀកកាន់តែឈឺ។ ពេលគេងគួរចៀសវាងគេងសង្កត់លើខាងដែលឈឺ។ យើងក៏អាចគេងក្បាលឲ្យខ្ពស់ដោយប្រើខ្នើយបន្ថែម។ ឥរិយាបថនេះអាចជួយឲ្យទឹកហូរចេញពីត្រចៀក និងបំបាត់ការឈឺចាប់។
ទោះបីជាវិធីទាំងនេះអាចបន្ថយការឈឺចាប់បាន ប៉ុន្តែយើងនៅតែត្រូវពិនិត្យ និងពិគ្រោះគ្រូពេទ្យដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក
- តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស
- យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក
- បើមានអាការៈឈឺក្បាល សាកល្បងតិចនិកងាយៗនេះ អាចកាត់បន្ថយការឈឺចាប់បាន
- ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ
[embed-health-tool-heart-rate]