បញ្ហាកូវីដ១៩ មិនទាន់ថយទេ ឯខ្លះកាន់តែក្ដៅ ទោះជានៅកម្ពុជាស្ថិតក្រោមការគ្រប់គ្រងបានក៏ដោយ។ ក្រៅពីវិធានការ ៣កុំ ៣ការពារ យុទ្ធនាការវ៉ាក់សាំងដូសទី២ និងដូសជំរុញរួច ក្ដីបារម្ភបន្ទាប់របស់សមាមជិកគ្រួសារ ឬខ្លួនផ្ទាល់គឺ ជំងឺរ៉ាំរ៉ៃប្រចាំកាយ។ យើងទទួលបានសំណួរច្រើនណាស់ពីមិត្តអ្នកអានសម្ដែងក្ដីបារម្ភ ថ្ងៃនេះ Hello គ្រូពេទ្យ លើកយកចម្ងល់៣ ដែលអ្នកមានជំងឺទឹកនោមផ្អែមគួរស្វែងយល់ ជុំវិញវិបត្តិកូវីដ១៩។ សម្រាប់ព័ត៌មានខាងក្រោមនេះ ជាព័ត៌មានចុះផ្សាយក្នុងវិបសាយសមាគមអ្នកជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិក។
១. អ្នកជំងឺទឹកនោមផ្អែមងាយឆ្លងកូវីដ១៩ ជាងអ្នកផ្សេង?
មកទល់ពេលនេះមិនទាន់មានភស្តុតាងបញ្ជាក់ថាអ្នកមានជំងឺទឹកនោមផ្អែម ងាយឆ្លងវីរុសកូវីដ១៩ ជាងអ្នកផ្សេងនោះទេ។ បញ្ហានៅត្រង់ថា អ្នកមានជំងឺទឹកនោមផ្អែម អាចនឹងមានផលវិបាកធ្ងន់ធ្ងរជាងអ្នកផ្សេង បើសិនជាមានឆ្លងកូវីដ១៩។ ដូចគ្នាដែរ បើអ្នកមានជំងឺទឹកនោមផ្អែមហើយ មានទាំងជំងឺបេះដូងទៀត នោះស្ថានភាពសុខភាពអាចមានហានិភ័យកាន់តែខ្ពស់បើមានឆ្លងវីរុសកូវីដ១៩។ ដូចគ្នាដែរ មនុស្សវ័យចំណាស់ ក៏ប្រឈមខ្ពស់នឹងផលវិបាកខ្លាំងដែរ បើមានឆ្លងវីរុសនេះ។
២. ម៉េចបានអ្នកជំងឺទឹកនោមផ្អែមប្រឈមផលវិបាកធ្ងន់ធ្ងរពេលឆ្លងកូវីដ១៩?
អ្នកមានជំងឺទឹកនោមផ្អែម ហាក់មានផលវិបាកធ្ងន់ធ្ងរក្រោយកើតមានជំងឺកូវីដ១៩។ ជាទូទៅអ្នកមានជំងឺទឹកនោមផ្អែម ត្រូវគេរកឃើញថាមានផលវិបាក និងរោគសញ្ញាធ្ងន់ធ្ងរពេលឆ្លងវីរុស មិនថាតែវីរុសកូវីដ១៩នោះទេ។
បើតាមការសង្កេតរបស់ក្រុមអ្នកស្រាវជ្រាវ អ្នកជំងឺទឹកនោមផ្អែម ដែលបានគ្រប់គ្រងស្ថានភាពជំងឺរបស់ខ្លួនបានល្អ គឺអាចបន្ថយរោគសញ្ញាធ្ងន់ធ្ងរពីជំងឺកូវីដ១៩។ ផ្ទុយពីនេះ បើអ្នកជំងឺទឹកនោមផ្អែមមានជំងឺបេះដូង ឬមានផលវិបាកផ្សេងទៀតដោយសារជំងឺទឹកនោមផ្អែម នឹងធ្វើឲ្យឱកាសកើតមានរោគសញ្ញាធ្ងន់ធ្ងរពេលឆ្លងកូវីដ១៩ ក៏កាន់តែខ្ពស់ ដូចជាពេលយើងឆ្លងវីរុសផ្សេងដែរ ព្រោះថាបើយើងមានបញ្ហាសុខភាពច្រើន រាងកាយក៏ពិបាកប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងទាំងនោះដែរ។
ការឆ្លងវីរុស អាចបង្កើនការរលាក ឬហើមផ្នែកខាងក្នុង សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ ការណ៍នេះអាចបង្កឲ្យកម្រិតជាតិស្ករឡើងហួសពីកម្រិតណែនាំ ហើយការរលាកទៀតសោត ក៏ជាចំណែកធ្វើឲ្យមានផលវិបាកធ្ងន់ធ្ងរដែរ។
៣. ហានិភ័យខុសគ្នាបែបណារវាងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២?
CDC អាមេរិកបានរាយការណ៍ថា មនុស្សគ្រប់វ័យដែលមានជំងឺប្រចាំកាយ រួមទាំងជំងឺទឹកនោមផ្អែមប្រភេទ២ផង គឺសុទ្ធតែប្រឈមខ្ពស់នឹងរោគសញ្ញាធ្ងន់ធ្ងរពេលឆ្លងកូវីដ១៩។
បើតាម CDC នៅពេលនេះ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬមានជំងឺទឹកនោមផ្អែមពេលពពោះ ក៏អាចស្ថិតក្នុងក្រុមមានហានិភ័យខ្ពស់ធ្លាក់ខ្លួនឈឺធ្ងន់ពេលឆ្លងកូវីដ១៩ដូចគ្នា។
ជាការសំខាន់ណាស់ដែលយើងត្រូវដឹងថាមិនថាអ្នកជំងឺទឹកនោមផ្អែមប្រភេទណាទេ ស្ថានភាពសុខភាពពេលឆ្លងកូវីដ១៩ អាចផ្អែកលើអាយុ ការគ្រប់គ្រងជំងឺបានល្អ ឬអត់ និងថាតើពេលនេះកំពុងមានផលវិបាកបង្កដោយជំងឺទឹកនោមផ្អែមដែរឬយ៉ាងណា។ អ្នកមានបញ្ហាសុខភាពបង្កដោយជំងឺទឹកនោមផ្អែម អាចមានផលវិបាកធ្ងន់ធ្ងរពេលឆ្លងកូវីដ១៩ ជាងអ្នកមានជំងឺទឹកនោមផ្អែមដែរ តែមានសុខភាពល្អ។
អ្នកចង់ដឹងពីកម្រិតហានិភ័យខ្លួនថាអាចមានជំងឺទឹកនោមផ្អែម ឬអត់អាចសាកល្បង គណនាតាមហានិភ័យសុខភាពជំងឺបម្រុងទឹកនោមផ្អែមបាន
តិចនិកមួយចំនួនសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមថែសុខភាពអំឡុងកូវីដ១៩
ការសិក្សាមួយបានរកឃើញថាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកមានជំងឺទឹកនោមផ្អែមឡើង២០ភាគរយក្នុងអំឡុងពេលបិទខ្ទប់ ដោយសារកូវីដ១៩។ អ្នកមានជំងឺទឹកនោមផ្អែម ពេលកើតស្ត្រេស នឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់រាងកាយ ដោយសារតែស្ត្រេសនឹងរាំងស្ទះដល់រាងកាយក្នុងការបញ្ចេញអាំងស៊ុយលីន ដែលជាអ័រម៉ូនគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ដូចគ្នាដែរ កើតស្រ្តេសរ៉ាំរ៉ៃ ក៏អាចធ្វើឲ្យមនុស្សយើងប្រឈមនឹងជំងឺផ្លូវដង្ហើមផ្សេងៗដែរ។
ដើម្បីរក្សាសុខភាពឲ្យនៅល្អក្នុងអំឡុងពេលនេះ អ្នកមានជំងឺទឹកនោមផ្អែមគួរ៖
-
ហាត់ប្រាណ
ការហាត់ប្រាណជួយកាត់បន្ថយស្ត្រេស និងផ្ដល់ប្រយោជន៍ច្រើនដល់សុខភាព។ ការសិក្សាបង្ហាញថាការហាត់ប្រាណជាទៀងទាត់ដូចជារត់ ដើរ ជិះកង់ និងរាំ ជាដើម ជួយឲ្យយើងមានអារម្មណ៍ល្អ កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងគេងលក់ស្រួល។ សមាគមធ្វើការលើបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តរបស់អាមេរិកលើកឡើងថា គ្រាន់តែធ្វើលំហាត់ប្រាណឲ្យបានត្រឹមប្រាំនាទីក្នុងមួយថ្ងៃក៏អាចជួយប្រឆាំងនឹងបញ្ហាថប់បារម្ភបានដែរ។
-
យកចិត្តទុកដាក់លើអាហារដើម្បីរក្សាតុល្យភាព
ញ៉ាំអាហារមានតុល្យភាព ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរល្អ។ អ្នកជំនាញថាអ្នកជំងឺទឹកនោមផ្អែម គួរផ្ដោតការញ៉ាំបន្លែ ផ្លែឈើស្រស់ មានជាតិសរសៃ និងអាហារប្រភពប្រូតេអ៊ីនដូចជាស៊ុត សណ្ដែក ញ៉ាំត្រី និងគ្រាប់ផ្លែឈើជាដើម។
-
រកជំនួយពីគ្រូពេទ្យ
បើសិនជាយើងមាននៅតែមានបញ្ហាស្ត្រេស មិនអាចគ្រប់គ្រងបាន ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យ នឹងផ្ដល់ការប្រឹក្សា ដើម្បីជួយយើងឲ្យបានធូរស្រាលពីបញ្ហាទាំងនេះ។
សំណួរដែលឧស្សាហ៍សួរញឹកញាប់បំផុតអំពីជំងឺទឹកនោមផ្អែម
[embed-health-tool-bmi]