ទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ ដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ប្រភេទ២ និងទឹកនោមផ្អែមពេលពពោះ។ មិនត្រឹមតែជាជំងឺរ៉ាំរ៉ៃនោះទេ អ្នកដែលកើតជំងឺទឹកនោមផ្អែមរយៈពេលយូរ ងាយនឹងកើតដំបៅជើង ប្រសិនបើមានការមុត ឬដាច់ដោចនៅតំបន់នោះ ដែលករណីខ្លះឈានដល់កាត់ជើងចេញក៏មាន ដើម្បីកុំឲ្យដំបៅនោះរាលដាលខ្លាំងឡើង។
ហេតុអ្វីអ្នកកើតជំងឺទឹកនោមផ្អែមងាយនឹងមានដំបៅជើង? បើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត មានកត្តាសំខាន់ ៣ ដែលធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមមានដំបៅជើង។
១- ប្រព័ន្ធវិញ្ញាណនៅជើងប្រែប្រួល
កើតជំងឺទឹកនោមផ្អែមយូរ ធ្វើឲ្យប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណជើងទាំងសងខាង ជើងទៅជាស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀតជើងអ្នកជំងឺអាចមានដំបៅ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬរឹបដោយស្បែកជើងចង្អៀត។
២- ស្ទះសរសៃឈាម
កើតជំងឺទឹនោមផ្អែមយូរឆ្នាំ សរសៃឈាមនៅតាមចុងជើងអ្នកជំងឺ ស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីសែន និងចំណីអាហារដែលរត់ទៅតាមសរសៃឈាម មិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងបានទេ ទើបធ្វើឲ្យអ្នកជំងឺមានដំបៅ។ ដំបៅប្រភេទនេះដំបូងឡើយគឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក ជើងប្រែពណ៌ទៅជាស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ ជួនកាលអាចប៉ះពាល់ម្រាមជើងមួយ ឬពីរ។
៣- ការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ និងការស្ទះសរសៃឈាម
ប្រភេទដំបៅទី៣នេះកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ និងការស្ទះសរសៃឈាម នៅចុងម្រាមជើង។
អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជា ឬតម្រូវឲ្យកាត់ជើងចេញនោះទេ។ តែបើអ្នកជំងឺទឹកនោមផ្អែមមានកើតដំបៅ ត្រូវប្រញាប់មកជួបគ្រូពេទ្យ ដើម្បីរកមូលហេតុ ឈានទៅព្យាបាលទាន់ពេលវេលា។
[embed-health-tool-bmi]