backup og meta

ក្រូច​ឆ្មារ​មានប្រយោជន៍​​កាត់​បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    ក្រូច​ឆ្មារ​មានប្រយោជន៍​​កាត់​បន្ថយ​ហានិភ័យ​នៃ​​ជំងឺ​មហារីក

    ​ក្រូច​ឆ្មារ​​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ​។​ លើស​ពី​នេះ​ វា​ក៏​​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។​ ពិត​ណាស់​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​​អាច​ជួយ​ការពារ​ការ​បំផ្លាញ​អុកស៊ីតកម្ម​ដល់​កោសិកា​ និង​DNA​ពី​រ៉ាឌីកាល់​សេរី​ ដែល​ជា​ម៉ូលេគុល​ដ៏​គ្រោះថ្នាក់​។​ ជាក់​ស្ដែង​ ប្រភព​នៃ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ផ្លែ​​ ទឹក​ គ្រាប់​ និង​សំបក​ក្រូច​ឆ្មារ​។

    អត្ថប្រយោជន៍​​ក្រូចឆ្មារ​​ប្រឆាំង​ជំងឺ​មហារីក​

    ​យោង​តាម​ការ​សិក្សា​បានរកឃើញ​ថា​ សមាសធាតុ​សកម្ម​នៃ​ផ្លែ​ក្រូច​ឆ្មារ​ ​អាច​រារាំង​​ដល់​ការ​លូតលាស់​កោសិកា​​ និង​ដុំ​សាច់​មហារីក​មួយ​ចំនួន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​កោសិកា​មហារីក​ទាំង​នោះ​ រួម​មាន​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត​ សុដន់​ ក្រពះ​ ថ្លើម​ ​ស្បូន​ លំពែង និង​កោសិកា​មហារីក​ពោះវៀន​ធំ​។​

    ទោះ​បី​ជា​មិន​ទាន់​មាន​ភស្តុតាង​ជាក់លាក់​​ដែល​ថា​ការ​ញ៉ាំ​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​អាច​សម្លាប់​កោសិកា​មហារីក​ ឬ​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យ៉ាង​ណា​ក្ដី ប៉ុន្តែ​​បើ​ក្រឡេក​​មក​មើល​​​ការ​សិក្សា​លើ​ក្រុម​មនុស្ស​​ចំនួន​​ធំ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ក្រូច​ឆ្មារ​ ពិត​ជា​មាន​ហានិភ័យ​តិចតួច​នៃ​ការ​កើត​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ប្រាកដ​មែន​។

    ក្រូចឆ្មារ

    ក្រូច​ឆ្មារ​ និង​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​

    ​វិទ្យាស្ថាន​នៃ​ជំងឺ​មហារីក​​ថ្នាក់​ជាតិ​​ព្រមាន​ថា​ ពុំ​មាន​អាហារ​ណា​មួយ​ដែល​អាច​ការពារ​ ឬ​ព្យាបាល​ជំងឺ​មហារីក​បាន​ឡើយ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ញ៉ាំ​របប​អាហារ​សុខភាព​ និង​​​មាន​បែបបទ​​រស់​នៅ​ល្អ​ វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​កើត​ជំងឺ​មហារីក​បាន​​។​

    លោកស្រី​បណ្ឌិត​Kim Dalzell ជា​ស្ថាបនិក​​ស្ថាប័ន​ ​Cancer Nutrition Advisor និង​ជា​អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ​ផ្នែក​វិជ្ជាសាស្ត្រ​ខាង​ដុំ​ពក (oncology nutrition specialist) ជឿ​ជាក់​លើ​ឥទ្ធិពល​នៃ​រុក្ខជាតិ​ ជា​ពិសេស​គឺ​​ផ្លែ​ក្រូច​ឆ្មារ​សម្រាប់​អ្នក​កើត​ជំងឺ​មហារីក​ ឬ​អ្នក​ដែល​ចង់​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ពីព្រោះ​​ក្រូច​ឆ្មារ​ផ្ទុក​ទៅ​ដោយ​សារធាតុbioflavonoids ដែល​ជួយ​ជួសជុល​DNA ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់​បន្ថយ​ការ​រលាក​ ហើយ​មុខងារ​ទាំង​នេះ​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​គ្រប់​គ្រង​ជំងឺ​មហារីក​បាន​យ៉ាង​ប្រសើរ​។

    យ៉ាង​ណា​មិញ​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បញ្ចូល​ក្រូច​ឆ្មារ​ទៅ​ក្នុង​របប​អាហារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​គឺ​មិន​មែន​ញ៉ាំ​វា​ទាំង​មូល​ ឬ​ផឹក​ទឹក​ក្រូច​ឆ្មារ​រាល់​ថ្ងៃ​ឡើយ​ ដោយ​សារ​តែ​​វា​គឺ​ជា​កំពូល​អាហារ​ដែល​អាច​បំផ្លាញ​ធ្មេញ​​របស់​យើង​។ដែរ​​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​បន្ថែម​​ទឹក​ក្រូច​ឆ្មារ​តិចតួច​​ទៅ​លើ​សាច់​ត្រី​ ទឹក​ផ្លែឈើ​ ឬ​អាច​ប្រើប្រាស់​សំបក​ក្រូច​ឆ្មារ​ដោយ​ឈូស​ជា​ចំណិត​តូច​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម