និយមន័យ
តើមហារីកពោះវៀនធំជាអ្វី?
មហារីកពោះវៀនធំគឺជាមហារីកកើតឡើងលើសរីរាង្គពោះវៀនធំដែលជាផ្នែកចុងក្រោយនៃផ្លូវរំលាយអាហាររបស់មនុស្ស។ ភាគច្រើននៃជំងឺនេះគឺចាប់ផ្ដើមពីសាច់ដក់នៅតាមប្រហោងពោះវៀនដែលយូរៗទៅវិវត្តទៅជាមហារីកបាន។
រោគសញ្ញា
អ្នកជំងឺដែលនៅដំណាក់កាលដំបូងគឺមិនមានរោគសញ្ញាសសម្គាល់ទេ ហើយអាការៈគឺអាស្រ័យលើទំហំនិងទីតាំងនៃមហារីក។ ជាទូទៅមានរោគសញ្ញាដូចជា៖
- ចលនាពោះវៀនធំមានការប្រែប្រួលដូចជាទល់លាមក ឬរាកខុសប្រក្រតីជាច្រើនសប្ដាហ៍
- មានការហូរឈាមតាមរន្ធគូថ
- ឈឺពោះចុក និងឆ្អល់ណែនជាប្រចាំ
- មានអារម្មណ៍ថាពោះវៀនមានស្ទះអ្វីមួយ
- នឿយហត់ និងអស់កម្លាំង
- ស្រកទម្ងន់ជាដើម
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសញ្ញាទាំងអស់ខាងលើទេដូចនេះប្រសិនបើមានករណីមិនធម្មតាណាមួយកើតឡើងសូមប្រញាប់មកជួបគ្រូពេទ្យ។
មូលហេតុ
មិនទាន់មានការសិក្សាច្បាស់ពីមូលហេតុរបស់វានៅឡើយ ។ ជាទូទៅកោសិកា គឺស្វ័យដំឡើងទ្វេតាមធម្មតាតែនៅពេលមានកោសិកាមហារីកកើតឡើង ការស្វ័យដំឡើងទ្វេនេះនឹងចាប់កើនឥតឧបមាទៅជាដុំមហារីក។
ហ្សែនតំណពូជអាចជាមូលហេតុ
អ្នកដែលមានផ្ទុកសែនមានមហារីក គឺមានហានិភ័យខ្ពស់ក្នុងការកើតមហារីកប្រភេទនេះជាងអ្នកដទៃប៉ុន្តែមិនមែនបានន័យថា១០០%នោះទេ។ ប្រភេទមហារីកពោះវៀនធំតាមតំណពូជមានដូចជា៖
- មហារីកគ្មានសាច់ដក់ ដោយតំណពូជគឺងាយនឹងបង្កជាមហារីកពោះវៀនធំនិងមហារីកផ្សេងទៀតមុនអាយុ ៥០ឆ្នាំ
- មហារីកមានសាច់ដក់លើកោសិកាក្រពេញដែលដុះរាប់រយក្នុងប្រហោងពោះវៀន គឺងាយនឹងបង្កមហារីកពោះវៀនធំមុនអាយុ ៤០ប្រសិនបើមិនព្យាបាលឲ្យទាន់ពេល។
- ប្រភេទមហារីកខាងលើ គឺអាចរកឃើញតាមការធ្វើតេស្តសេនេទិច
របបអាហារ
ការសិក្សាបានបង្ហាញថាប្រជាជនលោកខាងលិចគឺមានរបបអាហារមានជាតិខ្លាញ់ច្រើន និងមានជាតិសរសៃតិចដែលមានទំនាក់ទំនងទៅនឹងមហារីកពោះវៀនធំគួរឲ្យកត់សម្គាល់។ ម្យ៉ាងទៀតអ្នកដែលមានការប្ដូររបបអាហារទៅជាជាតិខ្លាញ់ច្រើន និងជាតិសរសៃតិច ដូចរបបអាហារលោកខាងលិច គឺមានអត្រាកើតមហារីកខ្ពស់។ អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាប្រហែលមកពីបម្រែបម្រួលរបបអាហារនេះអាចមានអំពើទៅលើមេរោគក្នុងពោះវៀន និងបង្កជាការរលាក ហើយយូរៗទៅកើតជាមហារីក។ ទោះជាយ៉ាងនេះក៏ដោយការសិក្សាក៏កំពុងតែបន្តជាដរាប។
កត្តាប្រឈម
- មានអាយុលើសពី ៥០ឆ្នាំ។ អាយុតិចជាងនេះក៏មានដែរតែកម្រ
- ជនជាតិអាមេរិកកាត់អាហ្វ្រិក
- អ្នកដែលធ្លាប់មានសាច់ដក់ក្នុងប្រហោងពោះវៀន និងមានមហារីកពោះវៀនធំពីមុនមក
- មានការរលាកពោះវៀនរ៉ាំរ៉ៃដូចជាជំងឺដំបៅពោះវៀន និងជំងឺ Crohn ជាដើម
- អ្នកមានផ្ទុកសែនមហារីក និងអ្នកដែលមានគ្រួសារបងប្អូនធ្លាប់មានមហារីកពីមុនមកនិងមានប្រភេទដូចបានរៀបរាប់ខាងលើ
- អ្នកដែលមានរបបអាហារមានជាតិសរសៃតិច និងមានជាតិខ្លាញ់ច្រើន គឺងាយនឹងមានមហារីកជាងអ្នកដទៃ
- អ្នកអង្គុយធ្វើការច្រើនមិនសូវបញ្ចេញកម្លាំងកាយ
- អ្នកមានជំងឺទឹកនោមផ្អែម និងមិនមានការឆ្លើយតបជាមួយថ្នាំអាំងស៊ុយលីន
- អ្នកជំងឺធាត់ដែលជាអកុសលអីគេរកឃើញថាពួកគាត់ងាយកើតមហារីក និងងាយមានគ្រោះថ្នាក់ដល់ជីវិតជាងគេ
- អ្នកជក់បារីនិងផឹកស្រាច្រើន
- អ្នកដែលធ្លាប់មានការព្យាបាលដោយវិទ្យុសកម្មពីមុនមក
រោគវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
ការកំណត់បាននូវរោគវិនិច្ឆ័យដែលល្អគឺធ្វើឡើងនៅក្រោយពេលធ្វើការពិនិត្យកាយសម្បទា សាកសួរពីប្រវត្តិជំងឺក៏ដូចជាព័ត៌មានក្នុងគ្រួសារទាក់ទងនឹងជំងឺ។ បន្ទាប់ពីនេះគ្រូពេទ្យនឹងស្នើធ្វើការអង្កេតវិភាគបន្តដូចជា៖
- ការថតសុងពោះវៀនតាមគូថដើម្បីរកភាពមិនប្រក្រតីរបស់ពោះវៀន និងអាចច្រឹបយកសាច់ដែលសង្ស័យទៅពិនិត្យរកមើលមហារីកថែមទៀតផង តាមរយៈការមើលកោសិកាក្រោមមីក្រូទស្សន៍
- ការផឹកសូលុយស្យុងបារ្យ៉ូមដែលមានសារធាតុពណ៌ដើម្បីថតយករូបតាមរយៈកាំរស្មីវិទ្យុសកម្មដើម្បីរកមើលដុំមហារីកនិងសាច់ដក់ក្នុងពោះវៀន
- បន្ទាប់ពីកំណត់រកវិនិច្ឆ័យរួចហើយគ្រូពេទ្យអាចនឹងត្រូវធ្វើការអង្កេតវិភាគផ្សេងទៀតដូចជាអេកូសាស្ត្រ ថតស៊ីធីសួត ថ្លើម និងសរីរាង្គក្នុងពោះដើម្បីរកមើលការរាលដាលរបស់មហារីក។
- អាចមានតេស្តឈាមរកមើលអង់ទីស្សែន CEA( carcinoembryonic antigen ) ដែលកើតឡើងដោយសារកោសិកាមហារីក។
ការព្យាបាល
ព្យាបាលមហារីកគឺអាស្រ័យលើប្រភេទនៃមហារីកនិងដំណាក់កាលរបស់វាព្រមទាំងចូលរួមទាំងករណីអាយុសុខភាពរាងកាយទូទៅ និងរបៀបរស់នៅជារៀងរាល់ថ្ងៃផងដែរ។ មហារីកគឺមិនអាចព្យាបាលតែវិធីតែមួយមុខនោះទេ វាត្រូវការចូលរួមព្យាបាលតាមវិធីជាច្រើនដូចជាការព្យាបាលតាមគីមី វះកាត់ និងវិទ្យុសកម្មជាដើម ហើយការព្យាបាលដែលសំខាន់គឺសម្រួលការឈឺចាប់។
- ការវះកាត់៖ កាត់យកផ្នែកមួយរបស់ពោះវៀនធំដែលមានដុំមហារីកចេញនិងកៀរយកកូនកណ្ដុរដែលមានការរាលដាលនៃកោសិកាមហារីកចេញឲ្យអស់បន្ទាប់មកតពោះវៀនចេញមកក្រៅដើម្បីមានការបញ្ចេញលាមកតាមពោះក្នុងពេលមួយកំណត់។ ក្នុងករណីខ្លះគ្រូពេទ្យអាចធ្វើការកាត់សាច់មហារីកតាមការសុងពោះវៀនក៏មាន។ ជម្រើសនៃការវះកាត់មួយទៀតគឺការវះកាត់ដោយចោះដាក់ឧបករណ៍ក្នុងគោលបំណងយកចេញនូវសាច់ដក់។ លើសពីនេះទៀតមានការវះកាត់បន្ទាប់បន្សំផ្សេងទៀតក្នុងគោលបំណងធ្វើយ៉ាងណាបន្ថយអាការៈឈឺចាប់ និងហូរឈាមជាដើម។
- ការព្យាបាលដោយគីមី៖ ជាការតម្រង់ទៅកម្ទេចDNA និងប្រូតេអ៊ីនរបស់កោសិកាមហារីកចោលកុំឲ្យមានការលូតលាស់ និងវិវត្តទៅមុខទៀតបាន ហើយភាគច្រើនគឺអនុវត្តចំពោះករណីមានការរាលដាលពេញរាងកាយ។ ការព្យាបាលរបៀបនេះប្រព្រឹត្តជាដំណាក់កាលដើម្បីឲ្យសារពាង្គកាយមានពេលក្នុងការជួសជុលឡើងវិញ ប៉ុន្តែការប៉ះពាល់នៅតែមានដូចជា ជ្រុះសក់ ចង្អោរ និងល្ហិតល្ហៃជាដើមដោយសារតែការព្យាបាលតាមគីមីនេះមានច្រើនប្រភេទ។ តួយ៉ាងមានការសិក្សាមួយលើកឡើងថាថ្នាំ Aspirin អាចជួយបន្ទូរអាការៈអ្នកជំងឺមហារីកក្រពះពោះវៀនបាន ប៉ុន្តែគេមិនទាន់ដឹងពីយន្តការជាក់ស្ដែងរបស់វានៅឡើយទេ។
- ការព្យាបាលដោយវិទ្យុសកម្ម៖ គឺជាការប្រើកាំរស្មីវិទ្យុសកម្មទៅសម្លាប់កោសិកាមហារីកតែម្ដងដែលជាទូទៅគេតែងតែអនុវត្តជាមួយការព្យាបាលដទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយក៏មិនសូវមានការនិយមព្យាបាលតាមវិធីនេះដែរដោយសារកោសិកាមហារីកអាចមានចលនាឆ្លងកាត់តាមសរសៃទឹករងៃមិននៅមួយកន្លែងនោះទេ ហើយផលប៉ះពាល់ដែលអាចកើតមានដូចជា ជាំស្បែក ក្អួតចង្អោរ ធុំអាហារ រាកនិងអស់កម្លាំង ហើយអ្នកខ្លះទៀតប៉ុន្មានសប្ដាហ៍ក្រោយការព្យាបាលទើបមានរោគសញ្ញាទាំងនេះ។
ការថែទាំផ្សេងៗ
- ត្រូវដឹងពីបុរេនិមិត្តរបស់ជំងឺ និងសិក្សាស្វែងយល់ឲ្យបានច្រើនពីជម្រើសនៃការព្យាបាលដែលសមស្រប
- ប្រឹក្សាជាមួយគ្រូពេទ្យពីដំណាក់កាលនៃមហារីក និងផលប៉ះពាល់ដែលអាចកើតមាន
- ត្រូវរស់នៅក្នុងមជ្ឈដ្ឋានដែលមានការលើកទឹកចិត្តដូចជាគ្រួសារ មិត្តភក្ដិដែលអាចពឹងពាក់ពំនាក់អាស្រ័យពេលមានទុក្ខធុរៈផ្សេងៗ
- ស្វែងរកការសន្ទនាជាមួយអ្នកឯកទេសពីបញ្ហាបាក់ទឹកចិត្តបន្ទាប់ពីទទួលបាននូវរោគវិនិច្ឆ័យដ៏គួរឲ្យរន្ធត់នេះ
- អាចសាកសួរពីក្រុមអ្នកស្ម័គ្រចិត្តក្នុងការលើកកម្ពស់ស្មារតីអ្នកដែលជួបនឹងបញ្ហាមហារីកពីគ្រូពេទ្យដើម្បីស្វែងយល់ពីការប្ដូរពិសោធផ្សេងៗជាមួយអ្នកមានមហារីកដូចគ្នា។
[embed-health-tool-bmi]