និយាយដល់មហារីកអ្នកណាក៏ភ័យដែរ ប៉ុន្តែមុនកើតមហារីក ម៉េចវាវិវត្តដល់ដំណាក់កាលនេះ? ម៉េចបានវាកើតឡើង? ថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់ប្រាប់ស្រីៗគ្នាយើង ពាក់ព័ន្ធរោគសញ្ញាខ្លះៗពីមហារីកមាត់ស្បូន។ តែលើកនេះ យើងនឹងបន្តលើកពីកត្តាមួយចំនួនទៀត ដែលអាចបង្កឲ្យកើតជំងឺសាហាវមួយនេះម្ដង។ មានចំណុចរួមផ្សំអី្វខ្លះ ដែលបង្កជារោគមហារីស្បូននេះបាន?
១- កត្តារស់នៅប្រចាំថ្ងៃ
– ប្រវត្តិផ្លូវភេទ៖ បើយើងធ្លាប់រួមភេទច្រើន រួមភេទមុនអាយុ ១៨ ឆ្នាំ មានដៃគូរួមភេទច្រើន ឬរួមភេទជាមួយដៃគូដែលមានដៃគូច្រើន យើងកាន់តែប្រឈមឆ្លងមេរោគ HPV និងកើតមហារីកមាត់ស្បូន។
– ជក់បារី៖ ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សួតទេ អាចបណ្តាលឲ្យយើងប្រឈមមុខកើតមហារីកច្រើនប្រភេទទៀត។ ផ្សែងបារីចូលក្នុងខ្លួនយើងតាមផ្លូវដង្ហើម រួចបន្តទៅសួត និងបន្តចូលទៅក្នុងរាងកាយទាំងមូល តាមរយៈសរសៃឈាម។ ស្រីៗជក់បារី មានអត្រាកើតមហារីកមាត់ស្បូនច្រើនជាងស្រីៗធម្មតាដល់ទៅ ២ ដងឯណោះ។ សារធាតុក្នុងបារីអាចបំផ្លាញកោសិកា DNA មាត់ស្បូន ធ្វើឲ្យមានមហារីកមាត់ស្បូន។
– ប្រើថ្នាំពន្យារកំណើត៖ ប្រើថ្នាំពន្យារកំណើតលើសពី ៥ឆ្នាំ អាចប្រឈមនឹងមហារីកមាត់ស្បូន ប៉ុន្តែវាបាត់ទៅវិញ ពេលយើងឈប់ប្រើថ្នាំនោះ។
– មិនសូវញ៉ាំបន្លែ ផ្លែឈើ៖ បើយើងមិនសូវញុំាបន្លែ ផ្លែឈើ អាចប្រឈមមុខនឹងជំងឺនេះដែរ។
២- កត្តាហ្សែន
បើយើងមានម៉ាក់ មីង ឬបងប្អូនស្រី ធ្លាប់មានប្រវត្តិកើតមហារីកមាត់ស្បូន អត្រាប្រឈមកើតជំងឺអាចខ្ពស់ជាងស្រីធម្មតាពី ២-៣ ដង។
៣- កត្តាផ្សេងទៀត
– លើសទម្ងន់៖ បណ្តាលឲ្យមានដុះដុំសាច់កាចនៅមាត់ស្បូន។
– សម្រាលកូន៖ ស្រីៗធ្លាប់សម្រាលបេប៊ីលើស ៣ដង ឬសម្រាលបេប៊ីដំបូងមុនអាយុ ១៧ឆ្នាំ អាចមានមហារីកមាត់ស្បូន ខ្ពស់ជាងស្រីៗធម្មតាដល់ទៅ ២ ដង។
– ប្រព័ន្ធភាពស៊ាំមិនល្អ៖ បើប្រព័ន្ធភាពស៊ាំល្អ វីរុស HPV (មេរោគចម្បងបង្កមហារីកមាត់ស្បូន) នៅក្នុងខ្លួន បាត់ទៅវិញក្នុងរយៈពេល ១២-១៨ ខែ។ បើប្រព័ន្ធភាពស៊ាំមិនល្អ (មានជំងឺអេដស៍) ប្រឈមមុខខ្ពស់មានជំងឺនេះ។
– ប្រើថ្នាំ Diethylstilbestrol (DES)៖ ថ្នាំនេះត្រូវគេជឿថាអាចជួយរក្សាកូនក្នុងពោះបានល្អ បញ្ចៀសហានិភ័យរលូត ជាហេតុនាំឲ្យម៉ាក់ៗជាច្រើនប្រើ នៅពេលពពោះ។ ម៉ាក់ៗ អ៊ំៗ ធ្លាប់ប្រើថ្នាំនេះពីមុន អាចប្រឈមខ្ពស់ដូចគ្នា។
– ការឆ្លងមេរោគ HPV៖ ទោះមេរោគនេះ នាំឲ្យមានមហារីក តែមិនមែនថាឆ្លងមេរោគនេះកើតជំងឺមហារីកមាត់ស្បូនទេ។ ភាគច្រើន អ្នកផ្ទុកមេរោគ HPV ឬកោសិកាមិនប្រក្រតី អាចព្យាបាលដាច់ ពេលកាត់ផ្នែកឆ្លងមេរោគចេញ។ មេរោគ HPV ឆ្លងតាមការប៉ះផ្ទាល់ស្បែកមានមេរោគ និងការរួមភេទ។
មេរោគនេះមានច្រើនប្រភេទ អាចបង្កឲ្យលេចចេញជាឫសខុសៗគ្នា ដោយឫសខ្លះមានលើដៃ ជើង មាត់ ឬអណ្តាត ហើយអាចមានលើប្រដាប់ភេទទាំងប្រុស ស្រី ជួនកាលនៅរន្ធគូទទៀត។
មុនវិវត្តទៅមហារីកមាត់ស្បូន ភាគច្រើនឆ្លងពពួកមេរោគ HPV។ ៦០% នៃអ្នកកើតជំងឺនេះ បង្កដោយមេរោគ HPV ប្រភេទ ១៦ និង ១៨។ ករណីឆ្លងមេរោគ HPV អាចកើតឡើងជាញឹកញាប់ មិនសំដៅប្រុសៗ ឬស្រីៗ ប៉ុន្តែអាចព្យាបាលជា។
– ការឆ្លងមេរោគ Chlamydia៖ មេរោគ Chlamydia ជាបាក់តេរីម្យ៉ាងចូលទៅក្នុងប្រព័ន្ធបន្តពូជ។ ភាគច្រើន មេរោគនេះឆ្លងតាមរយៈការរួមភេទ បណ្តាលឲ្យរលាកអាងត្រគាក ធ្វើឲ្យអត់កូនជាដើម។ ស្រីៗមាន លទ្ធផលតេស្តឈាមបញ្ជាក់ថាឆ្លងមេរោគ Chlamydia ប្រឈមមុខខ្ពស់កើតមហារីកមាត់ស្បូន។ ការឆ្លងមេរោគនេះ មិនមានរោគសញ្ញាអ្វីទាំងអស់ បើឆ្លង ហើយមិនងាយដឹងថាមានផ្ទុកមេរោគនោះទេ លុះត្រាធ្វើតេស្តរកមើលមេរោគ chlamydia តែម្ដង។
[embed-health-tool-bmi]