ដឹងថាមានផ្ទៃពោះភ្លាម មិនថាប្តី ឬប្រពន្ធ សុទ្ធតែរំភើប។ យ៉ាងណា ស្រីៗហាក់មានក្តីបារម្ភច្រើន ពេលទៅជួបពេទ្យ ព្រោះពេទ្យអាចណែនាំឲ្យធ្វើនេះធ្វើនោះ ចាក់វ៉ាក់ស៊ាំង និងពិនិត្យសុខភាពផ្សេងៗ។ ប៉ុន្តែនៅមានរឿងមួយទៀត យើងគួរដឹង ពេលពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី យើងគួរធ្វើតេស្តទាំងនេះ ដើម្បីប្រាកដថាយើងគ្មានមហារីកសុដន់ ព្រោះអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
១- រោគសញ្ញាមហារីកសុដន់ពេលពពោះ
ជាទូទៅ ដុំនៅក្នុងសុដន់អំឡុងពេលពពោះ មិនមែនជាដុំមហារីកទេ ប៉ុន្តែ មហារីក អំឡុងពេលមានផ្ទៃពោះ លេចចេញដំបូង ក៏ជាដុំមួយដែរ។ យើងគួរប្រាប់ពេទ្យ បើសង្ស័យមានដុំអ្វីមួយកើតមានក្នុងសុដន់។ គ្រូពេទ្យនឹងយកចិត្តទុកដាក់លើដុំនោះ ហើយណែនាំយើងទៅធ្វើតេស្តពិនិត្យមើលដើម្បីឲ្យប្រាកដថា ជាដុំមហារីក ឬជាអ្វីឲ្យប្រាកដ។
កុំពន្យាររហូតដល់សម្រាលរួច ឬរង់ចាំដល់ឈប់បំបៅដោះកូនអី រកឃើញកាន់តែលឿន ជួយយើងមានឱកាសកាន់តែច្រើន ព្យាបាលជាសះស្បើយ។ ពេទ្យនឹងរៀបផែនការព្យាបាលសមស្រប មិនប៉ះពាល់ដល់កូនយើងទេ ខណៈតេស្តសំខាន់មួយចំនួនក៏ត្រូវបានណែនាំសម្រាប់យើងផងដែរ។
២- តេស្តថតមើលសុដន់ដោយកាំរស្មី (Mammogram)
តេស្ត Mammogram ដើម្បីថតពិនិត្យសុដន់ គឺត្រូវបាញ់កាំរស្មីកម្រិតទាប ដើម្បីចាប់យករូបភាពនៅក្នុងសុដន់។ កាំរស្មីត្រូវចាញ់ចំតែសុដន់ប៉ុណ្ណោះ បែបនេះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ។ យើងត្រូវធ្វើតេស្តនេះ បើមានរោគសញ្ញាដូចជា៖
– ស្ទាបឃើញមានដុំក្នុងសុដន់
– មានហូរឈាម ឬសារធាតុរាវប្លែកហូរចេញពីចុងសុដន់
– ស្បែកសុដន់ប្រែប្រួលខុសប្រក្រតី
– លេចចេញរោគសញ្ញាដទៃផ្សេងទៀត
ប្រសិនបើអ្នកគ្មានរោគសញ្ញាខាងលើនេះ ក៏មិនណែនាំឲ្យធ្វើតេស្តនេះដែរ។
អត្ថបទពាក់ព័ន្ធ៖
៣- ឆ្លុះអេកូសុដន់
តេស្តមួយនេះ ពេទ្យនឹងប្រើរលកសំឡេង ដើម្បីចាប់យករូបភាពពីក្នុងសុដន់។ ជាទូទៅ ពេទ្យធ្វើអេកូសុដន់មុនថតកាំរស្មី។ អេកូសុដន់ អាចឲ្យគ្រូពេទ្យដឹងថាមានដុំសាច់ ឬដុំទឹក ប៉ុន្តែមិនអាចដឹងថា ជាដុំមហារីកឬមិនមែននោះទេ។
គ្រូពេទ្យអាចនឹងណែនាំឲ្យយើងឆ្លុះអេកូនៅពេលដុំដោះរឹងពេក តែពេទ្យមិនអាចមើលឃើញដោយថតកាំរស្មីបាន។ ឆ្លុះអេកូ ពុំមានផលប៉ះពាល់អ្វីទាំងអស់។
៤- ច្រឹបសាច់សុដន់យកទៅពិសោធ
បើលទ្ធផលថតឃើញថា មានដុំមិនប្រក្រតី ពេទ្យនឹងធ្វើតេស្ត ច្រឹបសាច់សុដន់ ដោយប្រើឧបករណ៍មួយចំនួន ដូចជា ម្ជុល កាំបិតដើម្បីច្រឹបសាច់ នៅតំបន់សង្ស័យយកទៅពិនិត្យដោយមីក្រូទស្សន៍។ ការច្រឹបសាច់ ត្រូវប្រើថ្នាំស្ពឹកបន្តិចនៅតំបន់ត្រូវច្រឹប ប៉ុន្តែថ្នាំស្ពឹក ក៏គ្មានផលប៉ះពាល់អ្វីដល់កូនក្នុងផ្ទៃដូចគ្នា។ ក្រោយពេលច្រឹបសាច់រួច យើងអាចទៅផ្ទះវិញធម្មតា។ ការប្រើម្ជុលច្រឹបសាច់ មានសុវត្ថិភាពជាងកាត់យកសាច់ទាំងដល់ ព្រោះកាត់យកសាច់ទៅពិសោធ ងាយឆ្លងរោគ ហើយទឹកដោះក៏ងាយហូរចូលទៅកន្លែងកាត់នោះដែរ។
៥- ថតអឹមរ៉ាយ (MRI)
បើសង្ស័យដុំនោះជាដុំមហារីក ពេទ្យនឹងចាប់ផ្តើមប្រើម៉ាស៊ីនស្កេន MRI (Magnetic resonance imaging)។ ទោះបីការសិក្សាបញ្ជាក់ថា គ្មានផលប៉ះពាល់អ្វីក៏ដោយ ប៉ុន្តែយើងគួរសួរនាំពេទ្យឲ្យបានច្បាស់មុនធ្វើតេស្តនេះ។
វិធីធ្វើតេស្តដើម្បីរកមើលមហារីកសុដន់ខាងលើ សុទ្ធតែជាអាចជួយធ្វើរោគវិនិច្ឆ័យបានអំឡុងពេលមានផ្ទែពោះ និងមិនប៉ះពាល់ដល់កូនក្នុងផ្ទៃយើងទេ។
[embed-health-tool-bmi]