backup og meta

រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 05, 2021

    រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត

    ដូច​យើងដឹង​ហើយ អាលែកហ្ស៊ី គឺ​ជា​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង ​សារធាតុ​ដទៃ​ដែល​ចូល​មក​ក្នុង​រាង​កាយ ដែល​ហៅ​ថា​ សារធាតុ​បង្ក​អាលែកហ្ស៊ី ឬសារធាតុ Allergen។ អាលែកហ្ស៊ី​ថ្នាំ ក៏​មិន​ខុស​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី ​បណ្ដាល​មក​ពី​អាហារ និង​សារធាតុ​ផ្សេងៗ​​យើង​បាន​ញ៉ាំ​ដែរ គ្រាន់តែថា អាលែកហ្ស៊ីថ្នាំ អាចនឹងធ្ងន់ធ្ងរខ្លាំង ពេលខ្លះអាច​ឈាន​ដល់​ស្លាប់ក៏មាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ ចង់​ប្រាប់​គ្នា​យើង​ពាក់ព័ន្ធ​រឿងសំខាន់ៗ គ្នា​យើងគួរ​ដឹងពី​បញ្ហា​អាលែកហ្ស៊ី​ថ្នាំ។

    ១- មូលហេតុ​អ្វី​ខ្លះ​បណ្តាល​ឲ្យ​យើង​អាលែកហ្ស៊ី​ថ្នាំ?

    អាលែកហ្ស៊ីថ្នាំ អាច​មាន​រោគ​សញ្ញា​ ដូច​ទៅនឹងបញ្ហា​អាលែកហ្ស៊ី​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែខុស​ពី​បញ្ហា​អាលែកហ្ស៊ីផ្សេង អាលែកហ្ស៊ី​ថ្នាំ មិន​ត្រឹម​ពាក់​ព័ន្ធ​តែ​ជា​មួយ​​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​តែ​មួយ​មុខ​ទេ គឺ​អាច​ជាប់​ពាក់​ព័ន្ធ​បញ្ហា​ជា​ច្រើនផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​បញ្ហា​សុខភាព និង​ប្រភេទ​ថ្នាំ​មួយ​ចំនួន ដែល​ងាយ​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ ដូចជា៖

    – ថ្នាំ​ផ្សះ ដូច​ជា ក្រុម​ថ្នាំ ប៉េនីសេលីន​ (Penicillin) ជា​ដើម

    – ថ្នាំ​អាស្ពីរីន (Aspirin) និង​ថ្នាំ បំបាត់​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីត (NSAIDs) ដូច​ជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ជា​ដើម

    – ថ្នាំ​ប្រឆាំងជំងឺ​ប្រកាច់

    – ការ​ព្យាបាល​ដោយ​អង់ទីករ ម៉ូណូក្លូណាល់ (Monoclonal antibody therapy)

    – ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី។

    ពេលយើង​លេប​ថ្នាំ​ពេទ្យ​ញឹក​ញាប់ លាប​ថ្នាំ​នៅ​លើ​ស្បែក ឬ​ចាក់​តាម​សរសៃ សុទ្ធ​តែ​អាច​កើន​វិវត្ត​ទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ។ ទោះ​យ៉ាង​ណាប្រហែល​គ្នា​យើង អាច​នឹង​ឆ្ងល់​ ​ហេតុ​អ្វី​អ្នក​ខ្លះ​វិវត្ត​ទៅ​ជា​មានអាលែកហ្ស៊ី តែ​​ខ្លះ​ទៀត​បែរ​ជា​អត់។ ជា​ការ​ពិត​ គឺ​ថា អ្នក​ណា​ក៏​ដោយ​ មិន​សំដៅ​លើ​កកត្តា​អាយុ ឬភេទ​នោះ​ទេ ​សុទ្ធ​តែ​អាច​វិវត្តទៅ​ជា​អាលែកហ្ស៊ី​ថ្នាំ​ទាំង​អស់។ ហើយ​ យើង​កាន់តែ​ប្រឈម​បញ្ហា​អាលែក​ហ្ស៊ី​ខ្លាំង ​បើសិន​ជា​យើង​​មាន​ ជំងឺ​បេះដូង ហឺត ឬ​ជំងឺ​លើស​ឈាម។

    រមាស់ក

    អត្ថបទ​ពាក់ព័ន្ធ​៖

    ២- រោគ​សញ្ញាអាលែកហ្ស៊ី​ថ្នាំ

    អាលែក​ហ្ស៊ី​ថ្នាំ​ភាគ​ច្រើន បណ្ដាល​ឲ្យ​មាន​រមាស់​នៅ​លើ​ស្បែក​តិច​តួច និង​កន្ទាលត្រអាក។ រោគ​សញ្ញា​ទាំង​នោះ អាច​កើត​មាន​ភ្លាម ឬ​មួយ​ម៉ោង​ក្រោយ​ពេល​ប្រើ​ថ្នាំ ខណៈ​រោគ​សញ្ញា​ទូទៅ​រួម​មាន៖

    – កន្ទាលត្រអាក

    – រមាស់​ស្បែក ឬ​ភ្នែក

    – ហើម​បបូរ​មាត់ អណ្ដាត ឬ​មុខ

    – ដក​ដង្ហើម​ឮ​សូរ​សំឡេង

    ករណី​ខ្លះ ថ្នាំ​អាច​បណ្តាល​ឲ្យ​មាន​​អាលែកហ្ស៊ីធ្ងន់ធ្ងរ​ ជា​ភាសា​បច្ចេកទេស​ហៅថា Anaphylaxis ដែល​ទាមទារ​ការសង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ដោយ​រោគ​សញ្ញា​មាន​​ដូច​ជា៖

    – ឈឺ​ចុក​រមួល ពោះ

    – រាក

    – ពិបាក​ដក​ដង្ហើម ដោយ​មាន​ឮសំឡេង ឬ​សំឡេង​ស្អក

    – វិល​មុខ

    – សន្លប់ អារម្មណ៍​ស្រាល​ក្បាល

    – ចង្អោរ ក្អួត

    – ជីពចរ ដើរញាប់

    – មាន​អារម្មណ៍​ថា​បេះដូង​លោត​មិន​ប្រក្រតី (ញ័រ​ទ្រូង)។

    បញ្ហា​អាលែក​ហ្ស៊ី​មាន​​ខុស​ៗគ្នា អាស្រ័យ​លើ​ផល​រំខានរបស់​ថ្នាំ​ជា​ច្រើន ពេល​ខ្លះ​អាច​មាន​​រោគ​សញ្ញា​ដូច​គ្នា ប៉ុន្តែនោះ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹង​ថ្នាំ​ថ្មី​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើងឈឺ​ក្បាល ​ឬ​ឈឺ​ពោះ​។ ហេតុ​នេះ​ នៅ​ពេល​​ប្រើ​ថ្នាំ​ថ្មីមួយ​ណា​​ក៏​ដោយ ត្រូវ​សួរ​គ្រូពេទ្យ ឬ ឱសថ​ការី ដើម្បី​ដឹង​ពី​ផល​រំខាន​របស់​ថ្នាំ ឬ​អាច​អាន​​ព័ត៌មាន​ថ្នាំ​ដែល​មាន​ភ្ជាប់​នៅ​ក្នុង​ប្រអប់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ May 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម