ការកណ្ដាស់ម្ដងម្កាលមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ ប៉ុន្តែប្រសិនបើយើងកណ្ដាស់ញឹកញាប់ វានឹងធ្វើឲ្យយើងមានអារម្មណ៍មួម៉ៅជាក់ជាមិនខាន។ មិនថាជាជំងឺផ្ដាសាយ ឬប្រតិកម្មអាលែកហ្ស៊ីភ្លាមៗចំពោះក្លិននោះទេ ធាតុបង្កតូចតាចក៏អាចធ្វើឲ្យយើងកណ្ដាស់ផងដែរ។ ជាក់ស្ដែង ការកណ្ដាស់គឺជារឿងធម្មជាតិដែលជួយយើងក្នុងការកម្ចាត់ចោលការរលាកចេញពីច្រមុះ ហើយនៅពេលដែលមានវត្ថុចម្លែកចូលទៅក្នុងរន្ធច្រមុះដូចជាធូលី លម្អង ឬផ្សែង ស្រទាប់រំញោចនៃច្រមុះនឹងចាប់ផ្ដើមរមាស់ ឬក្រហាយ ដែលបណ្ដាលឲ្យយើងកណ្ដាស់តែម្ដង។ ជាទូទៅ ការកណ្ដាស់នឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្តែនៅក្នុងករណីខ្លះ វានឹងធ្វើឲ្យយើងមិនស្រួលខ្លួន ក៏ដូចជាពិបាកដកដង្ហើមផងដែរ។
ជំហានដំបូងដែលយើងត្រូវធ្វើ គឺកំណត់ឲ្យបានច្បាស់លាស់ពីធាតុបង្ក ដែលធ្វើឲ្យយើងកណ្ដាស់ជាញឹកញាប់។ ធាតុបង្កមួយចំនួននេះ មានដូចជា ធូលី លម្អង ផ្សិត រោមសត្វចិញ្ចឹម ពន្លឺ ទឹកអប់ អាហារហឹរ ម្រេច ឬមេរោគផ្ដាសាយជាដើម។ ដើម្បីកម្ចាត់បញ្ហាមួយនេះ គ្នាយើងអាចសាកល្បងវិធីសាស្ត្រធម្មជាតិទាំងនេះ។
១. ទឹកឃ្មុំ
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ទឹកឃ្មុំអាចជួយការពារអាការៈកណ្ដាក់ដែលពាក់ព័ន្ធនឹងជំងឺផ្ដាសាយ ឬគ្រុនក្ដៅបានយ៉ាងមានប្រសិទ្ធភាព។ ជាទូទៅ ទឹកឃ្មុំអាចជួយឲ្យរាងកាយរបស់យើងសម្របខ្លួនទៅនឹងធាតុបង្កអាលែកហ្ស៊ីដែលមាននៅក្នុងបរិយាកាស។ ការញ៉ាំទឹកឃ្មុំត្រឹមតែមួយស្លាបព្រាកាហ្វេប៉ុណ្ណោះ ក៏អាចកាត់បន្ថយការរលាក ក៏ដូចជាធ្វើឲ្យយើងធូរស្បើយពីការកណ្ដាស់យ៉ាងរហ័ស។
២. ឆ្ពុង
ការស្រូបយកចំហាយទឹកក្ដៅ គឺជាវិធីសាស្ត្រមួយទៀត ក្នុងការព្យាបាលការកណ្ដាស់យ៉ាងស័ក្ដិសិទ្ធិ។ ចូរយកទឹកក្ដៅមួយចាន និងឱនមុខចុះបន្តិចដើម្បីស្រូបយកចំហាយទឹក និងគ្របក្បាលរបស់យើងជាមួយនឹងកូនកន្សែង។ ពិតណាស់ ការឆ្ពុងទឹកក្ដៅអាចជួយបំបាត់ការហៀរសំបោរ និងជួយសម្អាតច្រមុះ បានយ៉ាងល្អប្រសើរ។
៣. ជៀសវាងសម្លឹងទៅកាន់ពន្លឺដោយផ្ទាល់
ការប៉ះពាល់ទៅនឹងពន្លឺខ្លាំង ឬសម្លឹងផ្ទាល់ទៅកាន់ពន្លឺថ្ងៃ អាចធ្វើឲ្យមនុស្សមួយចំនួនកណ្ដាស់។ ស្ថានភាពនេះ គឺជាការកណ្ដាស់ដោយសារពន្លឺ ហើយវាអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ។ ដើម្បីជៀសវាងការកណ្ដាស់ ចូរពាក់វ៉ែនតាការពារកម្តៅថ្ងៃ នៅពេលដែលយើងចេញទៅក្រៅផ្ទះ។
៤. ញ៉ាំវីតាមីនC
ពពួកវីតាមីនCដូចជាក្រូច និងក្រូចឆ្មារមានផ្ទុកសារធាតុFlavonoid ដែលមានឥទ្ធិពលបំផុតក្នុងការប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម។ សារធាតុនេះអាចជួយបង្កើតប្រព័ន្ធភាពស៊ាំ និងជួយយើងក្នុងការប្រឆាំងជាមួយនឹងបាក់តេរីមិនល្អ ដែលបណ្ដាលឲ្យកើតជំងឺផ្ដាសាយ និងអាលែកហ្ស៊ីដទៃទៀត។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំអាហារបំប៉នវីតាមីនC ពីព្រោះវាក៏មានគុណប្រយោជន៍ដូចគ្នាទៅនឹងផ្លែឈើធម្មជាតិផងដែរ។
[embed-health-tool-bmr]