ពេលខ្លះគ្នាយើងមានអារម្មណ៍ថារមាស់ភ្នែក និងភ្នែកឡើងក្រហមទៀត តើអាចជាអាការៈអាលែកហ្ស៊ី ឬឆ្លងវីរុស? អាការៈទាំងពីរនេះ អាចធ្វើឲ្យគ្នាយើងច្រឡំបាន។ តស់ស្វែងយល់ទាំងអស់គ្នាពីបញ្ហាអាលែកហ្ស៊ី និងរោគឆ្លងនៅភ្នែកនេះ។
១. ភ្នែកឆ្លងរោគ ឬអាលែកហ្ស៊ី
ភ្នែកឆ្លងរោគ អាចបណ្ដាលមកពីមូលហេតុបង្កច្រើនយ៉ាង ពីវីរុស បាក់តេរី ប៉ារ៉ាស៊ីត ឬផ្សិត ជាដើម។ ចំណែករោគសញ្ញាផ្សេងៗក៏កើតមានទៅតាមមូលហេតុបង្កដែរ ប៉ុន្តែជាទូទៅ ការឆ្លងរោគនៅភ្នែកអាចមានរោគសញ្ញាច្រើនជាងបញ្ហាអាលែកហ្ស៊ី។
ពេលភ្នែកយើងមានហូរទឹកភ្នែកច្រើន និងមានការឈឺចាប់ទៀតនោះ អាការៈនេះអាចថាមិនមែនជាបញ្ហាអាលែកហ្ស៊ីទេ។
ដើម្បីបានការព្យាបាលបញ្ហាភ្នែកនេះត្រឹមត្រូវ យើងត្រូវទៅជួបគ្រូពេទ្យភ្នែក ដើម្បីបានការកំណត់ថាបញ្ហាអ្វីកើតលើភ្នែកឲ្យប្រាកដ។ អាលែកហ្ស៊ីភ្នែក មិនឆ្លងទៅកាន់អ្នកផ្សេងនោះទេ ប៉ុន្តែអាចថាពិបាកក្នុងភ្នែកបន្តិច។ ចំណែកការឆ្លងរោគនៅភ្នែកវិញ អាចបង្កការខូចខាតដល់ភ្នែក និងអាចចម្លងទៅអ្នកផ្សេងបាន។
រោគសញ្ញាអាលែកហ្ស៊ីលើភ្នែក រួមមាន រមាស់ ក្រហាយ និងហៀរទឹកភ្នែក ជាដើម។ ចំណែករោគសញ្ញារោគឆ្លងនៅភ្នែកវិញមានដូចទៅនឹងអាលែកហ្ស៊ីដែរ តែមានបន្ថែមរោគសញ្ញាមួយចំនួនទៀតដូចជា ភ្នែកចាញ់ពន្លឺ មានអាចម៍ភ្នែក និងឈឺភ្នែក ជាដើម។
ដើម្បីបង្ការបញ្ហាភ្នែក យើងត្រូវចៀសឆ្ងាយពីសារធាតុបង្កអាលែកហ្ស៊ី និងត្រូវលាសសម្អាតដៃឲ្យស្អាតជានិច្ច ដើម្បីបង្ការមេរោគឆ្លងតាមដៃដល់ភ្នែក។ ជំងឺភ្នែក ក្រហមច្រើនបង្កឡើងដោយបាក់តេរី ឬវីរុស។ ការលាងដៃស្អាតជួយការពារភ្នែកយើងពីការឆ្លងរោគដល់ភ្នែក។
២. វិធីព្យាបាល
សម្រាប់បញ្ហាអាលែកហ្ស៊ី៖ ការប្រើប្រាស់ថ្នាំពេទ្យ ជាវិធីល្អប្រសើរបំផុតមួយក្នុងការដោះស្រាយរោគសញ្ញាអាលែកហ្ស៊ីកើតលើភ្នែក។ ថ្នាំបន្តក់ភ្នែក អាចជម្រើសល្អសម្រាប់បញ្ហានេះ។ មុនសម្រេចចិត្តប្រើថ្នាំបន្តក់ភ្នែកណាមួយ គួរពិភាក្សាជាមួយគ្រូពេទ្យជាមុន។ គ្រូពេទ្យអាចណែនាំឲ្យយើងប្រើថ្នាំបន្តក់ភ្នែកប្រឆាំងការរលាក ឬអាចណែនាំថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយដែលអាចជួយផ្ដល់សំណើមដល់ភ្នែក និងកម្ចាត់ពពួកអាលែកហ្ស៊ីចេញពីភ្នែក។
ភ្នែកឆ្លងរោគ៖ ឈឺភ្នែកដោយការឆ្លងរោគ យើងអាចប្រើកន្សែងត្រជាក់ និងថ្នាំបន្តក់ភ្នែកដើម្បីជួយបន្ថយអាការៈ។ គ្រូពេទ្យ ក៏អាចចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំបន្តក់ភ្នែកប្រភេទថ្នាំផ្សះ ដើម្បីកម្ចាត់បាក់តេរីបង្កឲ្យមានជំងឺភ្នែក។
សម្រាប់ការឈឺភ្នែក បង្កដោយផ្សិត ឬប៉ារ៉ាស៊ីត វិញ គ្រូពេទ្យនឹងផ្ដល់ថ្នាំទៅតាមប្រភេទបញ្ហាកើតមានលើភ្នែក។ គ្រូពេទ្យអាចជួយវិនិច្ឆ័យលើបញ្ហានេះបាន។
គ្នាយើងគួរចាំថា ពេលមានបញ្ហាលើភ្នែក គួរស្វែងរកការធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ មិនថាបញ្ហាភ្នែកបង្កឡើងដោយសារអ្វីក៏ដោយ គ្រូពេទ្យភ្នែកនឹងជួយធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ហើយក៏នឹងជួយឲ្យយើងបានធូរស្បើយបានលឿនដែរ។
[embed-health-tool-bmr]