ពាក់ស្រោមជើងអាចផ្តល់ភាពកក់ក្ដៅដល់ជើង និងជួយពេលពាក់ស្បែកជើងឲ្យមានអារម្មណ៍ស្រួលជាងមុន។ មិនត្រឹមតែប៉ុណ្ណោះការពាក់ស្រោមជើងពេលគេងអាចជួយដល់សុខភាពរាងកាយច្រើនផងដែរ។ ការគេងពាក់ស្រោមជើងទំនងជាប្លែកបន្តិចដែរសម្រាប់ស្រុកយើងដោយសារអាកាសធាតុមិនសូវអំណោយផល ប៉ុន្តែនៅរដូវរងារ ឬគ្នាយើងដែលគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អាចសាកល្បងបានដើម្បីជាប្រយោជន៍សុខភាព។
១. សម្រាលអាការៈប្រេះកែងជើង
ប្រសិនជាគ្នាយើងប្រេះកែងជើង ពាក់ស្រោមជើងអាចជួយរក្សាសំណើមនៅកែងជើង។ យើងអាចលាបឡេផ្តល់ជាតិសំណើមទៅលើជើង និងពាក់ស្រោមជើងពេលចូលគេង។ វិធីនេះអាចផ្តល់សំណើម និងព្យាបាលបញ្ហាប្រេះកែងជើងបាន។
២. បង្ការជំងឺ Raynaud’s
ជំងឺ Raynaud’s កើតឡើងនៅពេលឈាមរត់មិនត្រឹមត្រូវដែលអាចបង្កដោយកត្តាជាច្រើនដូចជាស្ត្រេស ឬសីតុណ្ហភាពចុះត្រជាក់។ នេះអាចឈានទៅរកភាពស្ពឹកក្នុងរាងកាយ ឬការឈឺចាប់ភ្លាមៗ ឬអាការៈរមួលក្រពើ។ ការពាក់ស្រោមជើងអាចជួយបង្ការជំងឺ Raynaud’s ដោយរក្សាសីតុណ្ហភាពក្នុងរាងកាយ និងជួយរក្សាកម្ដៅនៅជើង។
៣. ជួយឲ្យសុខភាពល្អ
ការពាក់ស្រោមជើងពេលគេងអាចបញ្ចុះសីតុណ្ហភាពរាងកាយ និងជួយឲ្យចរន្តឈាមរត់ស្រួល យើងនឹងមានឱកាសខ្ពស់ក្នុងការគេងលក់ស្រួល។ ការគេងលក់ស្រួល និងគ្រប់គ្រាន់ស្មើនឹងសុខភាពល្អជាងមុន មានអារម្មណ៍រីករាយ និងមានថាមពលក្នុងការបំពេញកិច្ចការផ្សេងៗនៅព្រឹកបន្ទាប់។
៤. បង្ការអារម្មណ៍ក្ដៅក្រហល់ក្រហាយនៅផ្នែកខាងលើរបស់រាងកាយ (Hot flashes)
អារម្មណ៍ក្ដៅក្រហល់ក្រហាយនៅផ្នែកខាងលើរបស់រាងកាយគឺបង្កឡើងដោយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយព្រោះមិនគ្រប់គ្រងសីតុណ្ហភាពបាន។ ការពាក់ស្រោមជើងពេលយប់អាចជួយបង្ការអាការៈនេះបាន ជាពិសេសសម្រាប់ស្ត្រីអស់រដូវព្រោះសីតុណ្ហភាពក្នុងរាងកាយចុះដោយសារចរន្តឈាមល្អជាងមុន។
៥. គេងលក់លឿនជាងមុន
ការសិក្សាជាច្រើនបានបង្ហាញថាការពាក់ស្រោមជើងពេលយប់អាចជួយឲ្យយើងគេងលក់លឿនជាងមុន។ នេះមកពីការពាក់ស្រោមជើងជួយឲ្យជើងកក់ក្ដៅ ហើយនៅពេលជើងរបស់យើងកក់ក្ដៅ វានឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលដើម្បីបញ្ចុះសីតុណ្ហភាពរាងកាយដែលនេះឲ្យសញ្ញាថាដល់ពេលចូលគេងហើយ។
[embed-health-tool-bmi]