ការគេងថ្ងៃគឺវិធីដ៏ល្អសម្រាប់ទទួលបានថាមពលអំឡុងពេលថ្ងៃ។ ប៉ុន្តែបើយើងគេងថ្ងៃយូរពេក យើងនឹងភ្ញាក់ឡើងហើយមានអារម្មណ៍ងីងើមិនខាន។ នៅពេលភ្ញាក់មកមានអារម្មណ៍បែបនេះ គ្នាយើងអាចអនុវត្តប៉ុន្មានវិធីនេះដើម្បីបំបាត់អាការៈងីងើនេះបាន។
១. លុបលាងមុខ
យើងអាចប្រើកន្សែងសើមដើម្បីជូតមុខ ឬលុបមុខនឹងទឹកដើម្បីឲ្យស្វាង។ យើងអាចប្រើទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់ ប៉ុន្តែទឹកត្រជាក់ធ្វើឲ្យស្រស់ថ្លាជាង។ ម៉្យាងទៀត មានការរកឃើញថាទឹកត្រជាក់អាចបន្ថយអត្រាចង្វាក់បេះដូង និងជួយដាស់ស្មារតីបានលឿនជាង។ ប្រសិនជាគ្នាយើងមានពេលគ្រប់គ្រាន់ អាចងូតទឹកក៏បាន។
២. ផឹកទឹក
នៅពេលដែលយើងគេងថ្ងៃយូរ យើងអាចនឹងឈានចូលដំណាក់កាលគេងលក់ស្ងប់ ហើយមេតាបូលីសក្នុងរាងកាយក៏ធ្វើការយឺតជាងមុនដែរ។ ការផឹកទឹកអាចជួយឲ្យសញ្ញាដល់រាងកាយថាដល់ពេលត្រូវភ្ញាក់ហើយ។ យកល្អគួរផឹកទឹកយឺតៗ។
៣. ផឹកជាតិកាហ្វេអ៊ីន
ប្រសិនជាក្រោយពីងើបពីគេងថ្ងៃ យើងមានអារម្មណ៍ងីងើខ្លាំង យកល្អគួរសាកល្បងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងតែ ជាដើម ដើម្បីដាស់ស្មារតី និងបំបាត់ការងងុយ។ ជាតិកាហ្វេអ៊ីនក្នុងកម្រិតសមរម្យអាចជួយឲ្យស្វាងបានច្រើនម៉ោង។ គួរបញ្ជាក់ផងដែរថា ជាតិកាហ្វេអ៊ីនគឺមានឥទ្ធិពលក្នុងការបញ្ចុះនោម ដូចនេះកុំភ្លេចផឹកទឹកផង។
៤. ញ៉ាំអាហារសម្រន់
ដើម្បីជំរុញឲ្យមេតាបូលីសដំណើរការវិញ និងសម្រួលដល់ក្រពះ យើងអាចញ៉ាំអាហារសម្រន់បាន។ ប៉ុន្តែគួរជ្រើសរើសអាហារសម្រន់ដែលល្អ ងាយរំលាយ និងផ្តល់ថាមពលច្រើនដូចជាពពួកផ្លែឈើ និងគ្រាប់ធញ្ញជាតិជាដើម។ ការញ៉ាំអាហារសម្រន់ក៏ជួយពេលដែលយើងមានអារម្មណ៍ចង្អោរក្រោយក្រោកពីគេងថ្ងៃដែរ។
៥. ដាស់ស្មារតី
ដើម្បីជួយដាស់ស្មារតី យើងអាចអានសៀវភៅ អានព័ត៌មាន ឬលេងល្បែងល្បងប្រាជ្ញាផ្សេងៗ។ នេះអាចធ្វើឲ្យខួរក្បាលមានដំណើរការ ព្រោះនៅពេលខួរក្បាលសកម្ម យើងនឹងពិបាកក្នុងការត្រលប់ទៅគេងបន្ត។
៦. បើកបង្អួច
ការបើកបង្អួចឲ្យមានខ្យល់ចេញចូលអាចធ្វើឲ្យយើងស្វាងជាងមុន និងបន្ថយអាការៈងីងើបាន។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តគេងថ្ងៃត្រូវដឹងតិចនិកនេះ កុំឲ្យក្រោកឡើងរងីរងើ ឬរំខានដំណេកយប់
- គេងថ្ងៃច្រើនមិនល្អទេ បណ្ដាលឲ្យខួរក្បាលភ្លេចភ្លាំង
- ក្រៅពីបាយ អាហារប៉ុន្មានមុខនេះ ញ៉ាំហើយធ្វើឲ្យយើងងងុយគេង
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- ក្រោកពីគេងមានអារម្មណ៍ថាខ្សោះៗខ្លួន មកពីបែបនេះសោះ!
- គេងតិច ឬច្រើនពេក ប៉ះពាល់ដល់ការចងចាំ! ចឹងគេងប៉ុន្មានម៉ោងល្អ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]